ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ត្រូវ​ស្មោះត្រង់​ជា​និច្ច

2 ឆ្នាំ មុន

ពាក្យ​ថា អាជ្ជវៈ​(​អាច ជៈ វៈ​)​ប្រែ​ថា សេចក្ដី​ទៀងត្រង់ មិន​វៀចវេរ មិន​ក្រឡិចក្រឡុច ។ មេដឹកនាំ​ត្រូវ​ស្មោះត្រង់​ចំពោះ​ឧត្ដមគតិ​រួម​មុខងារ តួនាទី​របស់​ខ្លួន…

ពាក្យ​ថា អាជ្ជវៈ​(​អាច ជៈ វៈ​)​ប្រែ​ថា សេចក្ដី​ទៀងត្រង់ មិន​វៀចវេរ មិន​ក្រឡិចក្រឡុច ។ មេដឹកនាំ​ត្រូវ​ស្មោះត្រង់​ចំពោះ​ឧត្ដមគតិ​រួម​មុខងារ តួនាទី​របស់​ខ្លួន ត្រង់​ចំពោះ​ក្រុមការងារ ត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ត្រង់​ទាំង​ការ​គិត ការ​និយាយ និង​ការ​អនុវត្ដ​ការងារ ត្រង់​ចំពោះ​អ្នក​ក្រោម​បង្គាប់ និង​ត្រង់​ចំពោះ​សេចក្ដី​ល្អ​ទាំងឡាយ ។ ភាព​ស្មោះត្រង់ ជា​ផ្លូវ​ដ៏​ល្អ​មួយ ញ៉ាំង​ឲ្យ​មានការ​ជឿជាក់​ពី​អ្នក​ជុំវិញ​ខ្លួន ។

ជំនឿ​ជាក់​ពី​អ្នកផង​ទាំងពួង នឹង​ធ្វើ​ឲ្យ​មានការ​រួបរួមសាមគ្គី​គ្នា​ជុំវិញ​ខ្លួន​ដែល​ជា​អ្នកដឹកនាំ ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​ការ​ដឹកនាំ​ដើរទៅ​រក​ជោគជ័យ​បាន​ឆាប់រហ័ស ។ ក៏​ប៉ុន្ដែ នៅ​ពេល​ដែល​មានការ​រួបរួម​ជុំវិញ​ខ្លួន​ហើយ មេដឹកនាំ​មិន​ត្រូវ​ភ្លេចខ្លួន​ភ្លើតភ្លើន មើលងាយ​អ្នកផង​ជុំវិញ​ឡើយ ។ កាន់តែ​មានការ​រួបរួម​ជុំវិញ​ខ្លួន​ខ្លាំង​ឡើង​កាលណា កាន់តែ​ផ្ដល់​សារៈសំខាន់​ដល់​សហការី​ជុំវិញ​ខ្លួន​កាន់តែ​ឱនលំទោន ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​ខ្ពស់​ឡើងជា​និច្ច ។

មិន​គួរ​និយាយ​ពី​អ្នក​ក្រោម​ឱវាទ​ថា​អាក្រក់​យ៉ាងនេះ មិនល្អ​យ៉ាងនោះ​ឡើយ ។ ត្រូវ​រិះរក​វិធី​កែខៃ​ដោយ​ភាព​ស្មោះត្រង់ ដើម្បី​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទាំងអស់​គ្នា ដើរទៅ​ជាមួយ​គ្នា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ។

ត្រូវ​ចាំ​ថា អង្គការ​នយោបាយ​ដឹកនាំ ប្រៀប​បីដូច​ជា​ក្រុម​តូរ្យតន្ដ្រី​មួយ​ដែរ ។ ត្រូវ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការងារ​រៀងខ្លួន ដូច​គ្នា​ស្មើ​ៗ​គ្នា ។ បើ​ស្គរ​លេង​ល្អ តែ​ហ្គី​តា​លេង​អន់ ក៏​មិន​កន្ដ្រាក់ ទាក់​អារម្មណ៍​អ្នក​មើល​អ្នក​ស្ដាប់ ។ បើ​ស្គរ ហ្គី​តា លេង​ល្អ តែបើ​អ្នក​ច្រៀង ច្រៀង​មិន​ពីរោះ គ្មាន​ការ​ទាក់ទាញ នៅ​រឹង​ស្ដូក ក៏​មិន​អាច​ទាក់​អារម្មណ៍​អ្នក​ក្រោម​ឆាក​ឲ្យ​ហក់លោត​ឡើង​រាំ​បាន ។ ពោល​គឺ​ទាំងអស់​គ្នា​ជា​ក្រុមការងារ ដែល​ស្មោះត្រង់​នឹង​គ្នា មានការ​ទទួលខុសត្រូវ​តាម​មុខងារ​រៀង​ៗ​ខ្លួន ដោយ​ស្មោះ​ស្ម​គ្រ័ គ្មាន​ល្បិច​ប៉ែង​ជើង ប៉ែង​ដៃ​គ្នា​ឡើយ ។

យ៉ាងណាមិញ ក្នុង​ភាព​ជា​អង្គការ​នយោបាយ​មួយ ត្រូវ​តែ​កសាង​ឲ្យ​ទៅ​ជា​ក្រុមការងារ​ល្អ​រលូន​បំផុត ទើប​អាច​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ភ្ញាក់រលឹក​ជឿជាក់​បាន ។ ម្នាក់​ៗ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ភារៈ​របស់​ខ្លួន​ជា​អ្នកដឹកនាំ មិន​ថា​ថ្នាក់​ណា នៅ​ទីណា កន្លែង​ណា មិន​ចាំបាច់​ដេកចាំ​ឲ្យ​មាន​អ្នក​ដាស់តឿន ឬ​ធ្វើ​ដើម្បី​ផ្គាប់​មុខមាត់​ឡើយ ។ ម្នាក់​ៗ​ត្រូវ​គិត​ថា ចេះ​អ្វីមួយ​ដែល​អ្នក​ឯទៀត​មិន​ចេះ តែ​អ្នក​ឯទៀត ក៏​ចេះ​អ្វីមួយ​ដែល​យើង​មិន​ចេះ ។

ហេតុនេះ ដើម្បី​សម្រេច​ជោគជ័យ អ្នកដឹកនាំ​មាន​ភារៈ​ពូត ប្រមូលផ្ដុំ សមត្ថភាព និង​ការ​ប្រឹងប្រែង​របស់​អ្នក​ជុំវិញ​ខ្លួន ដើរ​ឆ្ពោះទៅ​រក​គោលដៅ​រួម ដោយ​ភាព​ស្មោះត្រង់ និង​ពុះពារ ព្យាយាម ប្ដូរផ្ដាច់ យ៉ាង​អត់ធ្មត់​បំផុត ដោយ​ការ​នាំមុខ​គេ​ជា​និច្ច ក្នុង​ការ​ពុះពារ​ឧបសគ្គ​ផ្សេង​ៗ ទើប​ជោគជ័យ ។

ចូរ​ពិចារណា​ចង​ចាំ និង​យល់​យ៉ាង​ជាក់​ថា ខ្សែ​ហ្គី​តា​មួយ មាន​សំឡេង​តែ​មួយ​ប៉ុណ្ណោះ ខ្សែ​ទាំង​៥​មាន​សំឡេង​ខុស​ៗ​គ្នា តែ​ដោយ​ភាព​ប៉ិន​ប្រសប់​របស់​អ្នកលេង​ហ្គី​តា ចេះ​រួម​ផ្សំ​សំឡេង​ខ្សែ​ទាំងនោះ​បញ្ចូល​គ្នា​ធ្វើ​ឱ្យ​អ្នកលេង​អាច​លេងភ្លេង​បាន​យ៉ាង​ពីរោះ​រណ្ដំ នាំ​អារម្មណ៍​អ្នក​ស្ដាប់ អ្នក​ទស្សនា​ឲ្យ​លង់លក់​ទៅ​តាម​ចំណង់​របស់​គេ​បាន ។ តើ​អ្នក​ណាមួយ​អាច​ទាយ​ថា អ្នកលេង​ដែល​ប្រើប្រាស់​ហ្គី​តា​នេះ នឹង​លេង​បាន​ត្រឹមតែ​ប៉ុន្មាន​បទ ប្រាកដជា​គ្មាន​ចម្លើយ​ទេ ។ យ៉ាងណា​មិ​ញ ជា​អ្នកដឹកនាំ​ដែល​ស្រឡាញ់​ជាតិ​ពិត​ក៏​ត្រូវ​រៀនសូត្រ​ពី​នេះ​ដែរ ទើប​អាច​កសាង​ក្រុមការងារ​ល្អ​រលូន​បាន ។

ក្រៅពី​នេះ ការ​រួមសុខ រួមទុក្ខ​ជា​កត្ដា​សំខាន់​ខ្លាំង​ណាស់ ។ ជា​មេដឹកនាំ ត្រូវ​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា មិន​រត់​មិន​ដោះ​យករួចខ្លួន​ក្នុង​គ្រាអាសន្ន មិន​ដេក​ស្រួល ស៊ី​ឆ្ងាញ់ យកសុខ​តែ​ម្នាក់ឯង ឬ​ប្រើ​ហើយ​មិន​ទទួលខុសត្រូវ ឬ​មួយ​ក៏​បោកប្រាស់​ប្រើ នោះ​មិនមែន​ជា​ការ​ល្អ​ដល់​មេដឹកនាំ​សោះឡើយ ។

ដូច​រៀបរាប់​មក​ខាងលើ​មក​ហើយ គឺ​អ្នកដឹកនាំ​ត្រូវ​តែ​ស្មោះត្រង់​គ្រប់​ឥរិយាបថ​ទាំ​អស់ តាំងពី​ការ​គិត ការ​និយាយ ការ​ធ្វើ ការ​រស់នៅ​ដោយ​ភាព​ប្ដូរផ្ដាច់​ចំពោះ​ជាតិ​មាតុភូមិ ប្រជាពលរដ្ឋ និង​អង្គការ​នយោបាយ​របស់​ខ្លួន ដែល​ខ្លួន​មាន​តួនាទី​ដឹកនាំ ដើម្បី​ជំរុញ​ការ​តស៊ូ​ឆ្ពោះទៅ​រក​ជោគជ័យ​ផ្ដាច់ព្រ័ត្រ​ដោយ​គ្មាន​ការ​វៀចវេរ ។ ដាក់ខ្លួន​ឲ្យ​ទាប ដើម្បី​មើល​ឲ្យ​បាន​ដល់​ជម្រៅ​បញ្ហា តែ​ក្រោកឈរ​ឲ្យ​ខ្ពស់ ដើម្បី​មើល​ឲ្យ​បាន​ឆ្ងាយ ដោយ​ភាព​ភ្លឺស្វាង​នៃ​អនាគត នេះ​គឺ​ភាព​ជា​មេដឹកនាំ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ