ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ កំណើនអ្នកទេសចរ​ក្នុងស្រុក ដែលស្ទើរតែទាំងអស់ ជាជនជាតិខ្មែរយើង ពិសេសអ្នកនៅភ្នំពេញ បានចេញ​ដើរ​លេងកម្សាន្ត​ ឆ្លងខេត្ត​​យ៉ាងច្រើន​ឡើងៗ។ ប៉ុន្តែ​ក្នុងពេលអ្នកទេសចរ​ ចេញទៅលេង​តាមរមណីយដ្ឋាន​នានា…

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ កំណើនអ្នកទេសចរ​ក្នុងស្រុក ដែលស្ទើរតែទាំងអស់ ជាជនជាតិខ្មែរយើង ពិសេសអ្នកនៅភ្នំពេញ បានចេញ​ដើរ​លេងកម្សាន្ត​ ឆ្លងខេត្ត​​យ៉ាងច្រើន​ឡើងៗ។ ប៉ុន្តែ​ក្នុងពេលអ្នកទេសចរ​ ចេញទៅលេង​តាមរមណីយដ្ឋាន​នានា នៅតាមបណ្តាខេត្ត ក៏​នាំ​​ឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅតំបន់រមណីយដ្ឋានមួយ​ចំនួន​ ដែលអាចបង្កហានិភ័យ​នៃការឆ្លងរាលដាលជំងឺកូវីដ១៩។ ម្យ៉ាង​បញ្ហាសំរាម​ នៅតំបន់​ទេសចរណ៍​ព្រៃភ្នំ​ កន្លែង​ដើរលេង​ទាំងនោះ ក៏បន្ត​ក្លាយជាប្រធានបទដដែល​ ក្នុងសង្គម​កម្ពុជាយើង​។

របាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា នៅ​ថ្ងៃសៅរ៍-អាទិត្យ ទី១២-១៣មិថុនា មានអ្នកទេសច​រ​ក្នុងស្រុក ដើរលេងតាម​រមណីយដ្ឋាន​នានា ទូទាំង ២៥រាជធានីខេត្ត សរុបជាង ៧ម៉ឺននាក់​​។ ក្នុងនោះ ភ្នំពេញ ច្រើនជាងគេ​ មាន​ចំនួន ១៤៣៧៨នាក់ ហើយខេត្តកំពង់ស្ពឺ មានអ្នកទេសចរ ទៅលេង ១០៥០០នាក់ ស្ថិតនៅលំដាប់ទី២ បន្ទាប់ពីភ្នំពេញ។​

នៅឧទ្យាជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានអ្នកទៅលេង ធ្វើដំណើរតាមឡាន និងម៉ូតូ រហូតដល់បង្កការកកស្ទះ​យ៉ាងខ្លាំង​ ចាប់តាំងពី​ផ្លូវជាតិលេខ៤ រហូតដល់​ផ្លូវឡើងលើភ្នំ​។ កំណើនអ្នកទេសចរ បណ្តាល​ឲ្យកកស្ទះនេះ ក៏ដោយសារតែ​ត្រូវតម្រង់ជួរ​ បង់លុយផង និងវាស់កម្តៅ នៅច្រកចូល​ផង​។

កំណើនអ្នក​ទេសចររហូតដល់កកស្ទះដូច្នេះ នាំ​ឲ្យគេបារម្ភ​ពីហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងពេលដែលកម្ពុជាយើងសព្វថ្ងៃ មិនទាន់​ស្ងប់ស្ងាត់​នូវការឆ្លងរាតត្បាតជំងឺ​ដ៏កាចសាហាវនេះ នៅឡើយទេ​។ លើសពីនេះទៀត អ្នកទៅលេង​តំបន់ព្រៃភ្នំ នៅគិរីរម្យច្រើន ក៏បានបន្សល់ទុកនូវ​សំរាមជាច្រើនដែរ។

ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋយើង ពិសេសអ្នកនៅភ្នំពេញ គួរតែបន្ត​គិតគូរពីបញ្ហាសុខភាព និងសុវត្ថិភាព​ ជាជាងការដើរលេងសប្បាយ​ ក្នុងដំណាក់កាលកូវីដ-១៩។ ការធ្វើដំណើរឡើងភ្នំគិរីរម្យ រហូតដល់កកស្ទះ​ម៉ូតូឡានដូច្នេះ អាចបង្ក​ហានិភ័យ​នៃការឆ្លងរាលដាលជំងឺកូវីដ​១៩​ ដោយសារតែមិនមានរក្សាគម្លាតសុវត្ថិភាព ឲ្យបានយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីម្នាក់ទៅម្នាក់ បើទោះបីជាគ្រប់គ្នា បាន​ពាក់ម៉ាស​​ក៏ដោយ​។

ចំពោះបញ្ហាសំរាម តាម​តំបន់រមណីយដ្ឋានទេសចរណ៍ បានកើតឡើង​ច្រើន​រួចមកហើយ​ និងជាយូរឆ្នាំមកហើយដែរ​។ អ្នកទេសចរយើងមួយចំនួនធំ បានទុកដាក់សំរាមកាកសំណល់ចំណីអាហារបាន​ត្រឹមត្រូវ។ ប៉ុន្តែអ្នកខ្លះ​ទៀត ស៊ីផឹក​កន្លែងណា ចោលសំរាមនៅ​​កន្លែង​នោះ​។ អ្នកចូលចិត្តស៊ីផឹក ហើយអន់ចរិត​ទាំងនោះ គិតថា ការប្រមូលសំរាម ជាតួនាទីរបស់អ្នកមើលការខុសត្រូវ​ និងអ្នក​យកលុយ​ថ្លៃចូលលេង​តំបន់ទេសចរណ៍​ព្រៃភ្នំនោះ។​

ប៉ុន្តែអ្នកទេសចរយើង ពិសេសប្រជាពលរដ្ឋ និងក្មេងៗ មួយចំនួន ដែលទម្លាប់​បោះចោលសំរាម កាកសំណល់ពាសវាលពាសកាល គួរតែប្តូរទម្លាប់ ហើយ​រួមគ្នា សម្អាតបរិស្ថាន ព្រៃភ្នំ និង​តំបន់ទេសចរណ៍របស់យើង​។ បន្ទាប់ពីទទួលទានអាហាររួច អ្នកទេសចរទាំងអស់ ត្រូវប្រមូលវេចខ្ចប់​កាកសំណល់​ ច្រកថង់ ហើយបោះចោលក្នុងធុងសំរាម។ បើកន្លែងនោះ មិនមានធុងសំរាម ត្រូវតែ​ដឹកជញ្ជូនសំរាមកាកសំណល់ទាំងអស់នោះ ត្រលប់​មកវិញ ដើម្បីស្វែងរក​ធុងសំរាម ហើយបើនៅជិតៗនោះ គ្មានទៀត​ ត្រូវ​យកកាកសំណល់សំរាមទាំងនោះ មកផ្ទះវិញ ព្រោះថា កាលពីពេលចេញដំណើរពីផ្ទះ ដាក់របស់របរនំ​​ចំណីអាហារ​ទាំងអស់នោះ ធ្ងន់ៗផង ហេតុអ្វី ក៏អាចយកទៅបាន? ចុះពេលទទួលទាន​រួចរាល់ ក្លាយជាសំរាម និងកាកសំណល់ ដែលស្រាលជាងពេលយកទៅ ហេតុអ្វី ក៏មិនអាចយកមកផ្ទះវិញបាន?​

មួយវិញទៀត អាជ្ញាធរសមត្ថកិច្ច ពិសេសអ្នកទទួលខុសត្រូវ អ្នក​យកលុយនៅតំបន់រមណីយដ្ឋានទេសចរណ៍​នានាទាំងអស់នោះ ក៏ត្រូវ​តែ​រៀបចំធុងសំរាម​ ដាក់ពង្រាយឲ្យបានច្រើន ព្រោះថា បើមានធុងសំរាមហើយ​ គឺខ្មែរយើង មិនអត់មាយាទ រហូត​ដល់ថ្នាក់បោះចោលសំរាម ក្រៅធុង​ឡើយ​។

ក្នុងសហគមន៍ ឬតំបន់ទេសចរណ៍នានា អាជ្ញាធរសមត្ថកិច្ច ពិសេសក្រុមអ្នកនៅយកលុយ​ពីអ្នកទេសចរ ត្រូវតែរៀបចំ​ក្រុមការងារ​ បោសសម្អាតបរិស្ថាន ដឹកជញ្ជូនសំរាម​ យកទៅបោះចោល​នៅទីលានចាក់សំរាម​ ដែលបានរៀបចំ​។ បន្ទាប់ពី​ប្រមូល​សម្អាតហើយ ស្លាកអក្សរ​ កំណត់ពីការផាកពិន័យ​ទឹកប្រាក់​ចំនួនណាមួយ គួរតែសរសេរ​ចង​ផ្សាយ​ឲ្យបានច្រើន ហើយ​ចាត់វិធានការផាកពិន័យ លើអ្នកបោះចោលសំរាម​ផ្តេសផ្តាស​ ពាសវាលពាសកាល​។

 
ជាដំណោះស្រាយមួយទៀត អាជ្ញាធរសមត្ថកិច្ច គួរតែ​សហការជាមួយ​ក្រុមហ៊ុន​ប្រមូលសំរាម ​រៀបចំ​ធុងសំរាម​ ដាក់​ពង្រាយឲ្យច្រើនតាម​ទីសាធារណៈ តាមផ្លូវ តាមសួនច្បារ តាមរមណីដ្ឋាននានា​ ហើយ​ក៏ត្រូវចាត់កម្លាំង ប្រមូល និងដឹកជញ្ជូន​សំរាមទាំងនោះ ព្រោះថា បើសំរាមពេញធុង គ្មានការដឹកជញ្ជូនយកទៅបោះចោល​ទេ​ នោះ​អ្នកទៅលេង​កម្សាន្តទាំងអស់ ច្បាស់ជាត្រូវ​បោះចោលសំរាម ក្រៅធុង នៅក្បែរធុងសំរាមទាំងនោះ។ ពេល​មានខ្យល់ ឬក៏ភ្លៀង នឹងរាយប៉ាយ បង្កជាការកក​ស្ទះ និងស្អុយរលួយ​ជាមិនខាន​។

សរុបទៅ ដើម្បី​ឲ្យ​ផ្លូវ​ ​សួនច្បារ និងតំបន់ព្រៃភ្នំ ជារមណីយដ្ឋាន​ធម្មជាតិ​ដ៏ស្រស់ត្រកាលរបស់យើង​ នៅតែល្អស្អាត ស្រស់បំព្រង គ្មានសំរាម ចាំបាច់ណាស់ យើងម្នាក់ៗ ត្រូវចូលរួមទាំងអស់គ្នា។ ចូលរួមមុនគេ អ្នកទៅលេងទីនោះ និងក្រុមអ្នកនិយមស៊ីផឹកតាមផ្លូវ តាមសួន ត្រូវ​ឈប់បោះចោលសំរាម កាកសំណល់ផ្តេសផ្តាស។ ទទួលទានរួច ចងប្រមូល​ វេចខ្ចប់ ហើយយក​ទៅបោះចោល ​ក្នុងធុងសំរាម​។

 រីឯអាជ្ញាធរសមត្ថកិច្ច ក៏គួរតែបង្កើន​កម្លាំង​ ហើយ​ដាក់ពង្រាយធុងសំរាម​ ឲ្យបានច្រើនជាងមុន ព្រោះថា បើមិនមានធុងសំរាម តើឲ្យ​ប្រជាជនយើង យកសំរាមទៅបោះចោល​ នៅឯណា? ការបោសសម្អាត និងដឹកជញ្ជូន​សំរាមកាកសំណល់ទាំងនោះ ក៏ត្រូវធ្វើ​ដោយទៀងទាត់​ផងដែរ។

ក្នុងបរិបទកូវីដ​ នៅមិនទាន់ស្ងប់ស្ងាត់​នៅឡើយ ពេលនេះ ក៏សូម​ឲ្យប្រជាពលរដ្ឋយើង ពិសេសអ្នកនៅភ្នំពេញ អត់ធ្មត់​បន្តមួយរយៈទៀតសិន។ ចាំស្ងប់កូវីដ ចាំដើរលេង​ ទៅតាមខេត្ត។ ពេលនេះ អ្នកភ្នំពេញ ទៅខេត្ត គឺអ្នកខេត្ត ​ខ្លាច​ឆ្លងកូវីដពីអ្នកភ្នំពេញ ហើយអ្នកភ្នំពេញខ្លួនឯង ក៏ខ្លាចឆ្លងកូវីដពីអ្នកខេត្តដែរ​។ ពោលគឺ​​គេខ្លាចយើង យើងក៏ខ្លាចគេ ដោយសារតែកូវីដ។​ យើង​មិនអាចមើលឃើញកូវីដ​​ ហើយក៏មិនដឹងថា នរណាម្នាក់ មានផ្ទុក​កូវីដ ឬមិនមានផ្ទុក​កូវីដនោះទេ​ រហូតដល់ធ្វើតេស្តយកសំណាកពិនិត្យ​ត្រឹមត្រូវ​។ ដូច្នេះ​ដើរលេង​​ពេលនេះ ហាក់ដូចជាប្រថុយ​ប្រថាន​នឹងការឆ្លងកូវីដ​ ហើយអាចនិយាយ​បានថា សប្បាយ អាចក្លាយជាទុក្ខ បើសិនជាយើង​ភ្លាត់ស្នៀត​ឆ្លងកូវីដ​៕