ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រហាយទ្រូង ៖ មូលហេតុ និងវិធីព្យាបាលងាយៗ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ១​. តើអ្វីជាការក្រហាយទ្រូង ឬ ក្រហាយចុងដង្ហើម (Heartburn) ? ការក្រហាយទ្រូង គឺជាការក្រហាយនៅចុងដង្ហើមរបស់អ្នក…

រាជធានីភ្នំពេញ ៖ ១​. តើអ្វីជាការក្រហាយទ្រូង ឬ ក្រហាយចុងដង្ហើម (Heartburn) ? ការក្រហាយទ្រូង គឺជាការក្រហាយនៅចុងដង្ហើមរបស់អ្នក ដែលជារឿយៗកើតឡើងដោយ មានរសជាតិល្វីងជូរនៅក្នុងបំពង់ក ឬមាត់ ។ រោគសញ្ញានៃការក្រហាយទ្រូង ឬការឈឺនៅ ត្រង់ចុងដង្ហើម អាចកាន់តែអាក្រក់ទៅៗ បន្ទាប់ពីអ្នកញ៉ាំអាហារច្រើន ឬពេលអ្នកទម្រេតខ្លួនលើគ្រែ ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិត សឹង្ហ សួស្តី ជំនាញឯកទេសទូទៅ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ  ។

វេជ្ជបណ្ឌិត សឹង្ហ សួស្តី បានឱ្យដឹងបន្ថែមទៀតថាជាទូទៅអ្នកអាចព្យាបាលរោគសញ្ញានៃការក្រហាយទ្រូងនៅផ្ទះដោយខ្លួនឯងបានដោយជោគជ័យ ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើការក្រ​​ហាយទ្រូងញឹកញាប់ ធ្វើឱ្យពិបាក ក្នុងការញ៉ាំ ឬលេប រោគសញ្ញារបស់អ្នកអាចជាសញ្ញានៃស្ថានភាពជំងឺធ្ងន់ធ្ងរជាងនេះ ។

២. តើអ្វីបណ្តាលឱ្យក្រហាយទ្រូង ? ការក្រហាយទ្រូងកើតឡើងជាធម្មតានៅពេលអាស៊ីដពីក្រពះច្រាលត្រលប់ចូលបំពង់អាហារ ។ បំពង់អាហារ គឺជាបំពង់មួយដែលដឹកអាហារ និងវត្ថុរាវពីមាត់ចូលទៅក្នុងក្រពះ ។ បំពង់អាហាររបស់អ្នកភ្ជាប់ទៅនឹងក្រពះរបស់អ្នកនៅផ្លូវប្រសព្វមួយដែលគេស្គាល់ថា ជាច្រកបិទបើក ឬ ស្ពីនទ័រ ។ ប្រសិនបើច្រកបិទបើកដំណើរការបានត្រឹមត្រូវ វានឹងបិទជិត ពេលដែលអាហារច្រាលពីក្រពះទៅខាងលើ ។ ចំពោះមនុស្សមួយចំនួន ច្រកបិទបើកនេះមិនដំណើរការបានល្អទេ ។ នេះនាំឱ្យមានអាស៊ីដ ពីក្រពះលេចធ្លាយចូលទៅក្នុងបំពង់អាហារ ។ អាស៊ីដក្រពះអាចធ្វើឱ្យបំពង់អាហារក្រហាយ និងបណ្តាលឱ្យមានរោគសញ្ញានៃការក្រហាយទ្រូង ។ ស្ថានភាពនេះត្រូវបានគេស្គាល់ថា ជាការច្រាលជាតិអាស៊ីដពីក្រពះ ឬ GERD ។

ការក្រហាយទ្រូងក៏ជាបញ្ហាទូទៅមួយក្នុងពេលមានផ្ទៃពោះ ។ នៅពេលដែលស្ត្រីមានផ្ទៃពោះអរម៉ូនប្រូសេស្តេរ៉ូន អាចបណ្តាលឱ្យច្រកបិទបើកនេះ មានភាពរលុង ដែលជាលទ្ធផល គឺធ្វើឱ្យមានការច្រាលជាតិអាស៊ីដ ។

ស្ថានភាពសុខភាពផ្សេងទៀត ឬជម្រើសនៃរបៀបរស់នៅ អាចធ្វើឱ្យការក្រហាយទ្រូងរបស់អ្នកកាន់តែធ្ងន់ធ្ងរ ដែលក្នុងនោះមានដូចជា ៖ ជក់បារី, លើសទម្ងន់ ឬធាត់, ទទួលទានជាតិកាហ្វេអ៊ីនសូកូឡា ឬអាល់កុល, បរិភោគអាហារហឹរ, ដេកភ្លាមបន្ទាប់ពីបរិភោគ, ប្រើថ្នាំមួយចំនួនដូចជាអាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វេន។

៣. តើអ្នកគួរទៅជួបគ្រូពេទ្យនៅពេលណា? មនុស្សជាច្រើនម្តងម្កាលជួបប្រទះការក្រហាយទ្រូង ។ ទោះយ៉ាងណាអ្នកគួរតែទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្រហាយទ្រូងច្រើនជាងពីរដង ក្នុងមួយសប្តាហ៍​ ឬការក្រហាយទ្រូងដែលមិនប្រសើរឡើងជាមួយនឹងការព្យាបាល ។ នេះអាចជាសញ្ញានៃស្ថានភាពធ្ងន់ធ្ងរជាងនេះ ។

ការក្រហាយទ្រូងជារឿយៗ កើតឡើងស្របពេលនឹងជំងឺក្រពះពោះវៀនដទៃទៀត ដូចជាដំបៅស្រទាប់បំពង់អាហារ និងក្រពះ ឬជំងឺច្រាលទឹកក្រពះ ។ ទាក់ទងវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានការក្រហាយទ្រូង ហើយមានបញ្ហារួមផ្សំដូចជា ៖ ពិបាកលេប, ឈឺចាប់ជាមួយនឹងការលេប, លាមកមានឈាម, ដង្ហើមខ្លីៗ, ការឈឺចាប់ដែលលាតសន្ធឹងពីខ្នងរបស់អ្នកទៅស្មារបស់អ្នក, វិលមុខ, ស្រាលក្បាល ។

ការក្រហាយទ្រូងមិនទាក់ទងនឹងការគាំងបេះដូងទេ ។ ទោះយ៉ាងណា មនុស្សជាច្រើន ដែលមានការក្រហាយទ្រូងអាចច្រឡំថា ពួកគេមានការគាំងបេះដូង ព្រោះរោគសញ្ញាអាចស្រដៀងគ្នា ។ អ្នកអាចនឹងមានគាំងបេះដូងប្រសិនបើអ្នកមាន ៖ ឈឺទ្រូងធ្ងន់ធ្ងរ ឬក្រហាយ, ពិបាកដកដង្ហើម, ឈឺថ្គាម និងឈឺដៃ ។

៤. តើមានជម្រើសព្យាបាលអ្វីខ្លះសម្រាប់ការក្រហាយទ្រូង ? ប្រសិនបើអ្នកជួបប្រទះការក្រហាយទ្រូងម្តងម្កាល មានវិធីព្យាបាលនៅផ្ទះ និងការផ្លាស់ប្តូររបៀបរស់នៅជាច្រើន ដែលអាចជួយកាត់បន្ថយរោគសញ្ញារបស់អ្នក ។ ការផ្លាស់ប្តូររបៀបរស់នៅដូចជា ការរក្សាទំងន់ដែលមានសុខភាពល្អ អាចជួយកាត់ បន្ថយរោគសញ្ញារបស់អ្នក ។ អ្នកក៏គួរចៀសវាងកត្តាមួយចំនួនដូចជា ៖ ដេកបន្ទាប់ពីញ៉ាំអាហាររួច, ការប្រើប្រាស់ផលិតផលថ្នាំជក់, ទទួលទានសូកូឡា, ទទួលទានសុរា, ទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ។

អាហារមួយចំនួនអាចបង្កើនលទ្ធភាពនៃការក្រហាយទ្រូង ។ ទាំងនេះ​រួម​បញ្ចូល​ទាំង ៖ ភេសជ្ជៈមានជាតិហ្គាស, ផ្លែក្រូច, ប៉េងប៉ោះ, ម្ទេស និងអាហារចៀន ។ ប្រសិនបើការព្យាបាលទាំងនេះមិនធ្វើអោយរោគសញ្ញាប្រសើរឡើងទេ អ្នកប្រហែលជាត្រូវ ទៅជួបជាមួយគ្រូពេទ្យ ។ គ្រូពេទ្យនឹងពិនិត្យប្រវត្តិវេជ្ជសាស្រ្តរបស់អ្នក ហើយសួរអ្នកអំពី រោគសញ្ញា ។

៥. តើផលវិបាកអ្វីខ្លះដែលទាក់ទងនឹងការក្រហាយទ្រូង ? ការក្រហាយទ្រូងម្តងម្កាលមិនមែនជាបុព្វហេតុដែលគួរឱ្យព្រួយបារម្ភនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានរោគសញ្ញានេះញឹកញាប់ អ្នកអាចមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលត្រូវការការព្យាបាល ។ ប្រសិនបើអ្នកមិនទទួលការព្យាបាលសម្រាប់ការក្រហាយទ្រូងធ្ងន់ធ្ងរទេ អ្នកអាចបង្កើត បញ្ហាសុខភាពបន្ថែមដូចជា ៖ ការរលាកបំពង់អាហារ និងអាចឈានដល់ជំងឺមហារីកបំពង់អាហារថែមទៀតផង ។ ការក្រហាយទ្រូងរយៈពេលវែងក៏អាចប៉ះពាល់ដល់គុណភាពនៃជីវិតរបស់អ្នកផងដែរ ។ សូមទៅជួបគ្រូពេទ្យដើម្បីកំណត់ការព្យាបាល ប្រសិនបើអ្នកពិបាកក្នុងការរស់នៅប្រចាំថ្ងៃ ឬមានកម្រិតក្នុងសកម្មភាពរបស់អ្នកដោយសារតែការក្រហាយទ្រូង ។

៦. តើអ្នកអាចការពារការក្រហាយទ្រូងបានយ៉ាងដូចម្តេច ? ធ្វើតាមការណែនាំទាំងនេះដើម្បីការពារការក្រហាយទ្រូង ៖ ចៀសសវាងអាហារ ឬសកម្មភាពដែលអាចបង្កឱ្យមានរោគសញ្ញាលេចឡើង, អាហារសម្រន់ខ្ញី ឬតែខ្ញីក៏ជាឱសថបុរាណដ៏មានប្រយោជន៍ដែលអ្នកអាចទិញបាននៅតាមហាងជាច្រើន, រស់នៅប្រកបដោយសុខភាពល្អ និងចៀសវាងស្រា និងថ្នាំជក់, ព្យាយាមចៀសវាងអាហារសម្រន់នៅពេលយប់ ។ ផ្ទុយទៅវិញឈប់បរិភោគយ៉ាងហោចណាស់បួនម៉ោងមុនពេលចូលគេង, ចៀសវាងអាហារច្រើន ចូរញ៉ាំអាហារតិចៗឱ្យបានញឹកញាប់ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។