ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមប្រាជ្ញ ចន្ទ បេក្ខភាពមួយរូបក្នុងចំណោម២រូប សម្រាប់តំណែងប្រធានគ.ជ.ប ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ប្រាជ្ញ ចន្ទ អតីត​អភិបាលខេត្ត​បាត់ដំបង គឺជា​បេក្ខភាព​មួយ​រូប ក្នុង​ចំណោម​បេក្ខភាព​ចំនួន ២ រូប​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ឈរ​ជា​តំណែង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ប្រាជ្ញ ចន្ទ អតីត​អភិបាលខេត្ត​បាត់ដំបង គឺជា​បេក្ខភាព​មួយ​រូប ក្នុង​ចំណោម​បេក្ខភាព​ចំនួន ២ រូប​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ឈរ​ជា​តំណែង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក ដែល​បាន​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​ដោយសារ​តែ​កត្តា​សុខភាព ។

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា តាម​ប្រព័ន្ធ​វី​ដេ​អូ និង​បាន​អនុម័ត​យល់ព្រម​នូវ​បេក្ខជន ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​- គ្រាន់​ចំនួន ២​រូប ដើម្បី​បញ្ជូន​ទៅ​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ជ្រើសរើស​បេក្ខជន​ចំនួន ១​រូប ផ្ញើ​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នៅ​មុន​នេះ​បន្តិច​ថា «​យើង​មាន​បេក្ខជន​២​រូប​មាន​សំណុំ​បែបបទ​ពេញលេញ ។ មួយ​រូប ឈ្មោះ​ឯកឧត្តម ប្រាជ្ញ ចន្ទ និង​ទី​២ លោក ការ លាន លោក​ជា​អតីតមន្ត្រី (​រាជការ​)​។ ពីរ​រូប​មាន​លក្ខណៈ​គ្រប់គ្រាន់​ឈរ​ជា​បេក្ខជន​សម្រាប់​តំណែង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។ ហើយ​នីតិវិធី​បន្ត យើង​នឹង​ផ្ញើ​បេក្ខជន ២ រូប​ទៅ​សុំ​ឱ្យ​គណបក្ស​ប្រជាជន​ជ្រើសរើស​មួយ​រូប ក្នុង​ចំណោម ២​រូប​» ។

អ្នកនាំពាក្យ​រដ្ឋសភា​បាន​បន្ត​ទៀត​ថា​រដ្ឋសភា​នឹង​ប​ញ្ជួ​ន​ឈ្មោះ​បេក្ខជន​ទាំង ២ រូប​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃនេះ​តែ​ម្តង ហើយ​តាម​នីតិវិធី​ច្បាប់ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើការ​សម្របសម្រួល​ជ្រើសរើស ក្នុង​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៧ ខែមិថុនា ហើយ​ផ្ញើ​សេចក្តីសម្រេច​ចំពោះ​បេក្ខជន មក​រដ្ឋសភា​វិញ ដើម្បី គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​រៀបចំ​ការ​ប្រជុំ​ដើម្បី​ធ្វើការ​រៀបចំ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ។

សូម​បញ្ជាក់​ថា ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​អតីត​អភិបាលខេត្ត​បាត់ដំបង និង​បច្ចុប្បន្ន​ជា​សមាជិក​រដ្ឋសភា​និង​មាន​តួ​នា​តី​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក មាន​អាយុ ៧៥​ឆ្នាំ នៅ​ឆ្នាំ​២០២១ នេះ​ត្រូវ​បាន​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៥ បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គ​.​ជ​.​ប រួម​ជាមួយនឹង​អនុប្រធាន និង​សមាជិក ៧​រូប​ទៀត តាម​រូបមន្ត ៤-១-៤ ដែល​ជា​រូបមន្ត​រៀបចំ​ឡើង​ក្រោយ​កិច្ចប្រជុំ​រាប់​ខែ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​តាក់តែង​ច្បាប់​ថ្មី​ៗ​ជាមួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​គជ​ប​។

សម្រាប់​រូបមន្ត ៤-១-៤ សម្រាប់​តំណែង​ប្រធាន និង​អនុប្រធាន​របស់ គ​.​ជ​.​ប គឺ គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប សង្គម​ស៊ី​វិល ១​រូប និង​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប ។ នៅ​ថ្ងៃ​ទី​១៣​មេ​សា ឆ្នាំ​២០១៥ ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប ជំនួស​ឯកឧត្តម អ៊ឹម សួស្តី ជា​ផ្លូវការ ដូច្នេះ​មុន​សុំ​លាឈប់​ពី​តួនាទី​ជា​ប្រធាន​គ​.​ជ​.​ប ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​កាន់​តំណែង​នេះ​ជាង ៦ ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ