ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ជឿ​ដោយ​មិន​បាន​ពិចារណា

2 ឆ្នាំ មុន

បណ្ឌិត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើមរ​បាន​ពន្យល់​ថា អ្នក​ដែល​ទើបនឹង​ថ្វាយខ្លួន​ចំពោះ​ព្រះ​ត្រ័យរ័ត្ន​ត្រូវ​ប្រើ​វិចារណ​ញ្ញាណ ឬ​ត្រូវ​មានការ​យល់​ត្រឹមត្រូវ ហៅ​តាម​លទ្ធិ​ពុទ្ធសាសនា​ថា សម្មាទិដ្ឋិ ដែល​មាន​ន័យ​ថា ការ​យល់​ឃើញ​ត្រូវ ។ ដើម្បី​នឹង​អាច​យល់​ត្រូវ យល់​តាម​សភាព​ពិត​តាម​គន្លង​ធម៌…

បណ្ឌិត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើមរ​បាន​ពន្យល់​ថា អ្នក​ដែល​ទើបនឹង​ថ្វាយខ្លួន​ចំពោះ​ព្រះ​ត្រ័យរ័ត្ន​ត្រូវ​ប្រើ​វិចារណ​ញ្ញាណ ឬ​ត្រូវ​មានការ​យល់​ត្រឹមត្រូវ ហៅ​តាម​លទ្ធិ​ពុទ្ធសាសនា​ថា សម្មាទិដ្ឋិ ដែល​មាន​ន័យ​ថា ការ​យល់​ឃើញ​ត្រូវ ។ ដើម្បី​នឹង​អាច​យល់​ត្រូវ យល់​តាម​សភាព​ពិត​តាម​គន្លង​ធម៌ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ទេសនា​អំពី​រូបមន្ត​ជំនឿ​១០​ចំណុច​ថា មុន​នឹង​ផ្ញើ​ជំនឿ​លើ​នរណា​ម្នាក់​ត្រូវ​ពិចារណា​ដូច​តទៅ​:

១- កុំ​ប្រកាន់​ជឿ​អ្វី​សព្វ​យ៉ាង​ដែល​ឮ​ត​ៗ​គ្មា មិន​មាន​ហេតុផល ។

២- កុំ​ប្រកាន់​ជឿ​អ្វី​ដែល​គេ​ធ្វើ​ត​ៗ​គ្មា មិន​មាន​ដើម​ចុង ។

៣- កុំ​ប្រកាន់​ជឿ​អ្វី​ដោយ​អាង​ថា បានឮ​គេ​និយាយ​មក​ដូច្នេះ ។

៤- កុំ​ប្រកាន់​ជឿ​អ្វី មើលទៅ​ឃើញ​សម​តាម​គម្ពីរ​ខ្លួន ។

៥- កុំ​ប្រកាន់​ជឿ​អ្វី​ដោយ​អាង​ហេតុ ឬ​ស្មាន​យក ។

៦- កុំ​ប្រកាន់​ជឿ​អ្វី ដោយ​អាង​ការ​គ្នេរគ្នាន់ ឬ​កាត់​តម្រូវ ។

៧- កុំ​ប្រកាន់​ជឿ​អ្វី ដោយ​អាង​ការ​ត្រិះ​រិះ មើល​តាម​អាកា​រៈ ។

៨- កុំ​ប្រកាន់​ជឿ​អ្វី​ដោយ​អាង​ថា ខ្លួន​ពេញចិត្ត ។

៩- កុំ​ប្រកាន់​ជឿ​អ្វី​ថា អ្នក​នេះ​ជា​អ្នកប្រាជ្ញ គួរ​ជឿ​តាម ។

១០- កុំ​ប្រកាន់​ជឿ​ថា សមណៈ​នេះ​ជា​គ្រូ​របស់​យើង ។

ពាក់ព័ន្ធ​រូបមន្ត​១០​ខាងលើ​នេះ ព្រះពុទ្ធ បរមគ្រូ ទ្រង់​ប្រដៅ​ទៀត​ថា នៅ​ពេល​ដែល​អ្នក​ជ្រាប​ច្បាស់​ថា អ្វី​ជា​កុសល អ្វី​ដែល​ប្រសើរ ដែល​អ្នក​បានឃើញ​ពិត​ដោយ​ខ្លួនឯង ចូរ​បដិបត្តិ​តាម​ចុះ អ្វី​ដែល​ជា​អកុសល អ្វី​ដែល​មិន​ប្រសើរ ដែល​អ្នក​បានឃើញ​ពិត​ដោយ​ខ្លួនឯង ចូរ​កុំ​បដិបត្តិ ឬ​ប្រព្រឹត្ត​ឡើយ ។

បើ​បុគ្គល​ណា​បាន​អាន បាន​សិក្សា​រៀនសូត្រ ចេះ​ដឹង និង​ទន្ទេញ​ឱ្យ​ចាំ​នូវ​មាតិកា​ទាំង​១០​ចំណុច​ខាងលើ​នេះ ហើយ​ប្រើប្រាស់​បញ្ញា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ បុគ្គល​នោះ​នឹង​កើត​មាន​បញ្ញា មាន​ភាព​ឈ្លាសវៃ​ក្នុង​ជីវិត​ជាក់​ជា​ពុំខាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ