ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីបង្កើនការត្រួតពិនិត្យ និងសុវត្ថិភាព​​តាមមន្ទីរពេទ្យ និងកន្លែងធ្វើការងារ​ ក្នុងជួររាជរដ្ឋាភិបាល រួមទាំង​ក្រុមហ៊ុនឯកជនផង គួរតែមានការធ្វើ​តេស្តរហ័ស រកមេរោគកូវីដ១៩។ វិធានការថ្មីនេះ បន្ថែម​លើវិធានការត្រួត…

ភ្នំពេញ៖ ដើម្បីបង្កើនការត្រួតពិនិត្យ និងសុវត្ថិភាព​​តាមមន្ទីរពេទ្យ និងកន្លែងធ្វើការងារ​ ក្នុងជួររាជរដ្ឋាភិបាល រួមទាំង​ក្រុមហ៊ុនឯកជនផង គួរតែមានការធ្វើ​តេស្តរហ័ស រកមេរោគកូវីដ១៩។ វិធានការថ្មីនេះ បន្ថែម​លើវិធានការត្រួត ពិនិត្យ នៅច្រកចូល តាមរយៈការ​វាស់​កំដៅ លាងដៃ​អាល់កុល ពាក់ម៉ាស​ និងរក្សាគម្លាតសុវត្ថិភាព​។

ការធ្វើតេស្តរហ័ស Rapid Test រកមេរោគកូវីដ១៩ គឺចំណាយពេលតែ ១៥ ទៅ ២០នាទី​ប៉ុណ្ណោះ​។ ក្នុងនោះ នៅមន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងពេលឆ្លងរាលដាល​ជំងឺកូវីដ១៩ ធ្ងន់ធ្ងរ​ចាប់តាំងពីខែមេសា​មក​ គឺ​បាន​ជ្រើសយក​វិធានការថ្មីនេះ បន្ថែមលើវិធានការមានស្រាប់ តាមការណែនាំ​របស់ក្រសួងសុខាភិបាល​ ដើម្បីទប់ស្កាត់​ការឆ្លងកូវីដក្នុងមន្ទីរពេទ្យ ដែល​ព្យាបាលកុមារ​ ដោយមិនគិតថ្លៃនេះ​។

នៅមន្ទីរពេទ្យគន្ធបុប្ផា មិនថា​ កុមារ​ ដែលចូលពិនិត្យព្យាបាលជំងឺ​ ឬ​ឪពុកម្តាយ ដែលនាំកុមារ​ទាំង​នោះ ចូលពិនិត្យជំងឺទេ គឺត្រូវឆ្លងកាត់​ការធ្វើតេស្ត​ រកមេរោគកូវីដ១៩ តាមរយៈ Rapid Test​ នៅច្រកចូល​ បន្ថែម​លើវិធានការសាមញ្ញៗ ដាក់ដៃចូលម៉ាស៊ីន​វាស់កំដៅ និងលាងដៃនឹងអាល់កុល​ តាមរយៈម៉ាស៊ីន​វ៉ាស់កម្តៅ​ រក្សាគម្លាត រួមទាំង​ការពាក់ម៉ាស់ផង​។

ក្រៅពីអ្នកជំងឺ និងក្រុមគ្រួសារ ដែលត្រូវធ្វើតេស្តរកកូវីដ នៅមន្ទីរគន្ធបុប្ផា សាខា​ជាប់វត្តភ្នំ ក្នុងរាជធានីភ្នំពេញ គឺសូម្បីតែអ្នកទៅផ្តល់ឈាមដោយស្ម័គ្រចិត្ត ក៏ត្រូវឆ្លងកាត់​ការធ្វើតេស្ត​ រកកូវីដនេះដែរ ទើបគ្រូពេទ្យ​អនុញ្ញាត​ឲ្យឡើងទៅបន្ទប់បរិច្ចាគឈាម​ នៅជាន់ទីមួយ បើសិនជា​លទ្ធផល​តេស្ត អវិជ្ជមានវីរុសកូវីដ១៩។ ការធ្វើដូច្នេះ​ ត្រូវបានគ្រូពេទ្យ បញ្ជាក់ថា ដើម្បី​សុវត្ថិភាព​ក្នុងមន្ទីរពេទ្យ​មនុស្សធម៌​ ដែលបន្សល់ពី​លោកវេជ្ជបណ្ឌិត Beat Richner ដ៏ល្បីល្បាញនេះ​។​

យ៉ាងណាក៏ដោយ វិធានការតាមរយៈការធ្វើតេស្តរហ័សនេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិត ក្រើនរម្លឹក​បន្ថែមដល់​អភិបាលរាជធានីខេត្ត ដើម្បីពង្រឹង​ការត្រួតពិនិត្យសុខភាព​អ្នកដំណើរ ចូលមកកម្ពុជា ដោយការ​ធ្វើតេស្ត​​រហ័ស​ រកមេរោគ​កូវីដ​១៩​។​

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ១៩ បាន​លើកឡើងថា ដើម្បីពង្រឹង​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូលមកកម្ពុជា តាមច្រក​ព្រំដែន​ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើ​តេស្ត​អង់ទីហ្សែនរហ័ស ឲ្យ​បាន​ម៉ឺង​ម៉ាត់​។ អ្នកជំងឺ ដែល​មានវិជ្ជមានវីរុសកូវីដ១៩ ត្រូវបញ្ជូ​ន​ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ចំណែក​អ្នកដំណើរផ្សេងទៀត ដែលរួម ដំណើរ​ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ ត្រូវបញ្ជូនទៅកាន់​​មណ្ឌល​ចត្តាឡីស័ក​ រយៈពេល ១៤ថ្ងៃ​។

ក្នុងសេចក្តីណែនាំ លោករដ្ឋមន្ត្រីសុខាភិបាល ក៏បាន​លើកឡើងថា អភិបាលខេត្ត នៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំ​ជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំ​កិច្ចសហការ​ក្នុងការពង្រឹង​ការធ្វើតេស្ត​រកមេរោគកូវីដ១៩ ជូនដល់ពលករ និងប្រជាជនទូទៅ មុននឹង​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​​មកកម្ពុជាវិញ​។

កន្លងមក នៅ​តាម​បណ្តាខេត្ត​មួយចំនួន ក្នុងអំឡុងខែមេសា នៅពេលការឆ្លងរាលដាល​ជំងឺកូវីដ១៩ កើតឡើង​ធ្ងន់ធ្ងរ​នៅភ្នំពេញ រហូតដល់​ត្រូវបិទខ្ទប់​តំបន់ឆ្លងកូវីដ​មួយចំនួន និងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ផងនោះ គឺ​នៅ​តាមខេត្ត​​នានា បានអនុវត្តវិធានការ​ធ្វើតេស្ត​រកមេរោគកូវីដ១៩ តាមរយៈតេស្តរហ័ស​ ចំពោះ​អ្នកដំណើរ​ ដែលធ្វើដំណើរពីតំបន់មានហានិភ័យ​ខ្ពស់​នៃការឆ្លងកូវីដ ពិសេស​អ្នកធ្វើដំណើរ​​ពីភ្នំពេញ ជាដើម​​។

នៅតាមមន្ទីរពេទ្យ​រដ្ឋ និងឯកជន​មួយចំនួន ក៏បានអនុវត្ត​វិធានការ​ធ្វើតេស្ត​លើអ្នកជំងឺ​ ដែលទើប​ចូលសម្រាកព្យាបាល​ នៅ​​តាមមន្ទីរពេទ្យ ដូចជា នៅមន្ទីរពេទ្យ​រុស្ស៊ី ឬមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តកម្ពុជា-ចិន ព្រះកុសមៈ ឬមន្ទីរពេទ្យ​ព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ។ មុននឹង​បញ្ជូនអ្នកជំងឺទៅពិនិត្យ និង​សង្គ្រោះ​​ តាមអាការៈអ្នកជំងឺ​ គឺពេលចូលដល់មន្ទីរ​​ពេទ្យភ្លាម ពេទ្យត្រូវធ្វើតេស្តរហ័ស ​រកមេរោគកូវីដ មុនគេ​។

ក៏ប៉ុន្តែ​ការធ្វើតេស្តរកកូវីដ នៅមន្ទីរពេទ្យ​គន្ធបុប្ផា បានធ្វើឡើងដោយឥតគិតថ្លៃ ខណៈដែល​ការព្យាបាល​ជំងឺកុមារកម្ពុជារាប់លាននាក់ ក៏ធ្វើឡើងដោយមិនគិតប្រាក់សូម្បីមួយរៀលដែរ​។ ប៉ុន្តែ​ការធ្វើតេស្តរហ័ស រកកូវីដ នៅតាមមន្ទីរពេទ្យរដ្ឋ នៅភ្នំពេញ គឺគិតលុយ ម្តង ៦ម៉ឺនរៀល។ ការយកលុយ​ថ្លៃធ្វើតេស្ត​លើអ្នកជំងឺ និងអ្នកចូល​ពេទ្យកំដរអ្នកជំងឺ តាមមន្ទីរពេទ្យរដ្ឋធំៗនៅភ្នំពេញ​ ក្នុងនោះ មានជាអាទិ៍ មន្ទីរពេទ្យព្រះកុសមៈ ឬមន្ទីរពេទ្យ​ព្រះសង្ឃ និងមន្ទីរពេទ្យរុស្ស៊ី ជាដើម នាំ​ឲ្យមានការ​ស្នើសុំ ​​កុំ​ឲ្យគិតថ្លៃ ឬក៏បញ្ចុះតម្លៃថោកជាងនេះ​។

យ៉ាងណាក៏ដោយ​ វិធានការ​ធ្វើតេស្តរហ័ស Rapid Test រកមេរោគកូវីដ១៩ តាមមន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​នៅពេទ្យរដ្ឋ​នានា គួរតែត្រូវ​ពង្រីកការអនុវត្តនេះ នៅតាម​កន្លែង​ដទៃទៀត ឲ្យទូលំទូលាយជាងមុន ពិសេស​នៅតាមមន្ទីរក្រសួង​របស់រដ្ឋ និងក្រុមហ៊ុនឯកជនដទៃទៀត បើសិនជា​មានលទ្ធភាព​​។ ការធ្វើដូច្នេះ ចំណាយ​ពេលខ្លី តែ​​ច្បាស់លាស់​ និងមានប្រសិទ្ធភាព​ ជាង​ការត្រឹមតែ​វាស់​​កំដៅ និងលាងដៃអាល់កុល នៅមាត់ច្រក​ចូល​។​

បើអាច​ធ្វើតេស្ត​រហ័សនេះ បាបន​​ទូលាយជាងសព្វថ្ងៃ ហើយធ្វើដោយមិនគិតថ្លៃផង​ គឺអាច​រកឃើញ​អ្នកឆ្លងកូវីដ១៩ បានឆាប់រហ័ស​ ហើយ​ចាត់វិធានការ​ទប់ស្កាត់​បានឆាប់រហ័ស មិន​ឲ្យ​អ្នកជំងឺនោះ ចល័ត​ទៅកន្លែងផ្សេងទៀត ដែលអាចបង្ក​ហានិភ័យ​ក្នុងការឆ្លង​កូវីដ១៩ ក្នុងសហគមន៍ ហើយពិបាក​នឹងកាត់ផ្តាច់​។ ប៉ុន្តែ​រដ្ឋាភិបាល ក៏គួរតែពិចារណា លើតម្លៃ​ក្នុងការធ្វើតេស្ត​រហ័ស​រកកូវីដ លើអ្នកជំងឺ និងអ្នកចូលពេទ្យរដ្ឋ កំដរអ្នកជំងឺ ឬសួរសុខទុក្ខ​សាច់ញាត្តិ​​៕