ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច ​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​ជប៉ុន​ ​!

2 ឆ្នាំ មុន

ខេត្តកំពង់ធំ ​៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យ​ដឹង​កាលពីថ្ងៃ​ទី​ ១៣ ខែមិថុនា ឆ្នាំ ​២០២១ ​នេះ​ថា ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម…

ខេត្តកំពង់ធំ ​៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យ​ដឹង​កាលពីថ្ងៃ​ទី​ ១៣ ខែមិថុនា ឆ្នាំ ​២០២១ ​នេះ​ថា ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម កាលពី​កាលពី​ថ្ងៃ​ទី ​២២ ខែកុម្ភៈ ឆ្នាំ​ ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បាន​ចុះ​អនុសា​រណៈ​យោគយល់​គ្នា (MOU) ជាមួយ​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ លើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ដើម្បី​សាងសង់​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាត​តូច​ជា​ការ​សាកល្បង​ ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​បន្ត​ថា MOU នេះ​មាន​គោល បំណង​លើកកម្ពស់​គុណភាព​គ្រាប់ស្វាយចន្ទី​ស្រស់ និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​កសិករ​ក្នុង​តំបន់ និង​កសិករ​ដែល​បាន​ចុះ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ធានា​គុណភាព និង​សុវត្ថិភាព​គ្រាប់ស្វាយចន្ទី បង្កើត​ឱកាស​ការងារ និង​ប្រាក់​កម្រៃ​សមរម្យ​ដល់​ស្ត្រី និង​យុវជន​នៅ​ក្នុង​សហគមន៍ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ទាំង​នៅ​លើ​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ​ ។

បច្ចុប្បន្ន​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​មាន​សមត្ថភាព​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​បាន ១០​ តោន​ ក្នុងមួយខែ​ ។ លទ្ធផល​នៃ​ការ​អនុវត្ត MOU និង​ដោយ​មាន​កិច្ចសហការ​ល្អជា​មួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ធ្វើ​ឱ្យ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច​បាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​ជប៉ុន​នា​ពេល​ថ្មី​ៗ​នេះ​ ។ ជាក់ស្តែងកាលពីថ្ងៃ​ទី ​០៧ ខែឧសភា សិប្បកម្ម​គ្រាប់ស្វាយចន្ទី​ ជ័យ​សំបូរ បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច​ចំនួន ៧​ តោន​ទៅ​កាន់​ប្រទេស​ជប៉ុន​សម្រាប់​លើក​ទី​ ១ ហើយ​លើក​ទី ​២ គឺ​នៅ​ថ្ងៃនេះ​តែ​ម្តង​មាន​ចំនួន ៩​ តោន បាន​ដាក់​ចូល​ក្នុង​ទូ​កុង​ទី​ន័​រ​រួចរាល់គ្រោង​នាំ​ចេញ​នៅ​ថ្ងៃ​ទី​ ១៧ ខាង​មុខ ហើយ​សង្ឃឹមថា​ផលិតផល​ខ្មែរ​នេះ​នឹង​ទៅ​ដល់ទី​ក្រុង OSAKA នៅ​ថ្ងៃ​ទី​ ១៥ ខែកក្កដា ​។

លោកស្រី អ៊ិ​ន ឡៃ​ហួត បាន​បញ្ជាក់​ជូន​ថា ​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ ជ័យសំបូរ គ្រោង​នាំ​ចេញ​ក្នុង​បរិមាណ ៩​ តោន ជា​រៀង​រាល់​ខែ ហើយ​បរិមាណ​នេះ​នឹង​មានការ​កើនឡើង​តាម​ការ​បញ្ជា​ទិញ​ពី​ទីផ្សារ​ជប៉ុន​នា​ពេល​អនាគត​ ។ ក្រៅពី​ទីផ្សារ​អន្តរជាតិ សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ បាន​ផ្គត់​ផ្គ​ឱ្យ​ទីផ្សារ ក្នុងស្រុក​ដូច​ជា​សហករណ៍​សរីរាង្គ​ខ្មែរ លក់ដុំ លក់រាយ​ជូន​អតិថិជន​ទៅ​តាម​បណ្តា​ខេត្ត និង​តំបន់​ទេសចរណ៍​ប្រាសាទសំបូរព្រៃគុក ​។

ថ្លែង​ចេញពី​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ ជ័យសំបូរ​ នា​ពេល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ជម្រាប​ទៅ​ម្ចាស់​ចម្ការ សហគមន៍​ស្វាយចន្ទី សិប្បកម្ម​កែ​ច្នៃ​ផ្សេង​ៗ​ទៀត ត្រូវ​ស្វែងរក​ដៃគូ​ដើម្បី​ទទួល​បាន​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​កែ​ច្នៃ និង​ទីផ្សារ​នាំ​ចេញ ដោយ​មាន​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ ជ័យសំបូរ ជា​ឧទាហរណ៍​ដើម​ឡើយ​នៅ​ឆ្នាំ​ ២០១៩ សិប្បកម្ម​មានផ្ទះ​ឈើ​មួយ​ល្វែង ទីធ្លា​តូច​ចង្អៀត មាន​កម្មករ​ជា ១០​ នាក់ បច្ចុប្បន្ន​មាន​បុគ្គលិក និង​កម្មករ​សរុប​ចំនួន ១១០​ នាក់ ក្នុងននោះស្ត្រី ៩៥ នាក់ រោង​សិប្បកម្ម​ធំ​មួយមាន​ឧបករណ៍ ឬ​ម៉ាស៊ីន​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី និង​ឡ​ចំហុយ​គ្រាប់ ​។ លោក​បាន​បន្ត​ថា ​ផលិត ផល​មាន​ទីផ្សារ នាំ​ឲ្យ​ផលិតកម្ម​កើនឡើង កំណើន​ប្រាក់​ចំណូល បង្កើត​ឱកាស​ការងារ ហើយ​នេះ​គឺជា​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាល​ក្នុង​គោលនយោបាយ​ជំរុញ​ការ​នាំ​ចេញ​កសិផល ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩​ ។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម បាន​ឲ្យ​ដឹង​ថា ​ដោយ​មានការ​គាំទ្រ​ពី​អង្គការ JICA ក្រុមហ៊ុន TPJ បាន​ទទួល​គម្រោង​គាំទ្រ​ដើម្បី​សិក្សា​លម្អិត​អំពី​ស្ថានភាព​ទូទៅ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​ស្វាយចន្ទី ក្នុង​គោលបំណង​កសាង​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍ និង​លើ​កក​កម្ពស់​ផលិតផល​ស្វាយ ចន្ទី​កម្ពុជា រយៈពេល ១៤ ​ខែ ចាប់ពី​ថ្ងៃ​ទី ​១៦ ខែសីហា ឆ្នាំ​ ២០១៩ ដល់​ថ្ងៃ​ទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២០ ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៤ គឺព្រះ​វិហារ កំពង់ធំ សៀមរាប និង​ខេត្តកំពង់ចាម​ ។

ជា​ការ​សាកល្បង​អនុវត្ត​គម្រោង ក្រុមហ៊ុន TPJ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ ជ័យ​សំបូរ ក្នុង​ការ​ទិញ​គ្រាប់ស្វាយចន្ទី​ដើម្បី​ធ្វើការ​កែ​ច្នៃ​សាកល្បង​ប្រមាណ​ចំនួន ១៥០ ​តោន​ ។ ទទួល​បាន​ទុន​វិនិយោគ​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន បាន​ចរចា​រទិញ​គ្រាប់ស្វាយចន្ទី​តាម​ការ​ចរចារ​តម្លៃ​លើ​ប្រភេទ និង​គុណភាព​តាម​ទីផ្សារ​ជាក់ស្តែង​ប្រមាណ ២០ ម៉ឺន​ដុល្លា​ក្នុង​ឆ្នាំ​ ២០២០​ ។ ឆ្នាំ​ ២០២១ នេះ​សិប្បកម្ម​គ្រោង​ទិញ​គ្រាប់ស្វាយចន្ទី​ចំនូ​ន ១ ០០០ តោន​ ពី​កសិករ ដែល​ក្នុង​នោះ​ក៏​នឹង​សាកល្បង​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​សរីរាង្គ​ចំនួន ៣០​ តោន ​ដែល​ទទួល​ទិញ​ពី​សហគមន៍​ផលិត​គ្រាប់ស្វាយចន្ទី​សរីរាង្គ​ក្នុង​ខេត្តព្រះវិហារ​ ។

ទិស​ដៅ​អនាគត TPJ សហការ​ជាមួយ​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ជ័យសំបូរ ក្រោម​កិច្ច​សម្របសម្រួល​ពី​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​នឹង​បង្កើន​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក កា​ណា​ដា ចិន និង​អូស្ត្រាលី​ ។ បង្កើន​ទំហំ​ផលិតកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ឲ្យ​បាន ២០​ តោន​ក្នុងមួយខែ​ ។ បង្កើន​បរិមាណ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​ចំនួន ​១០០០​ តោន ក្នុង​ឆ្នាំ ២០២១ និង​កើនឡើង​បន្តបន្ទាប់​ ។ សហការ​ជាមួយ​សមាគម​ស្វាយចន្ទី​កម្ពុជា កសាង​ឃ្លាំង​ស្តុក​គ្រាប់ស្វាយចន្ទី​ស្រស់​ដែល​មាន​សមត្ថភាព​ស្តុក​ទុក​គ្រាប់​យ៉ាងតិច ៥ ០០០ ​តោន ដើម្បី​ធានា​បរិមាណ​ផ្គត់​ផ្គត់ និង​តម្លៃ​កិច្ចសន្យា​។ នៅ​ឆ្នាំ​ ២០២៣ ក្រុមហ៊ុន TPJ គ្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ ដែល​មាន​សមត្ថភាព​ផលិត​បាន​រហូត​ដល់ ២ ០០០-៣ ០០០​ តោន​ ក្នុងមួយឆ្នាំ​ ៕

អត្ថបទសរសេរ ដោយ