មិនដែលស្គាល់គ្នា មិនដែលមានទំនាស់ សុខៗមនុស្សជាង១០នាក់ជិះម៉ូតូតាមដេញកា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជន៤នាក់នាំគ្នាជិះម៉ូតូមកពីលេងបាល់ទាត់ ហើយត្រឡប់ទៅផ្ទះវិញ ក៏ត្រូវបក្សពួកជនបង្កមានគ្នាជាង១០នាក់ដេញកា.ប់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបុរីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ជិះម៉ូតូចំនួន២គ្រឿងត្រឡប់មកពីលេងបាល់ទាត់នៅឯជម្ពូវ័ន ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះពេលជិះម៉ូតូមកដល់ចំណុចបុរីឈូកវ៉ា២ ជិតមកដល់ផ្ទះទៅហើយ ក៏ស្រាប់តែឃើញជនបង្កមានគ្នាជាង១០នាក់ជិះម៉ូតូចំនួន៥គ្រឿង បានជិះមកដេញពួកគាត់ធ្វើឲ្យពួកគាត់មានការភិតភ័យយ៉ាងខ្លាំង ។

ហើយក្រោយក៏ត្រូវបក្សពួកជនបង្កនោះ ប្រដាប់ដោយកាំបិតប៉័តោបានដេញកា.ប់ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដែលជិះម៉ូតូ១គ្រឿងដួល ពេលនោះបក្សពួកជនបង្កក៏កា.ប់បន្តទៀត បណ្តាលឲ្យរងរបួសចំដៃជនរងគ្រោះម្នាក់ ថែមទាំងកា.ប់កំទេចម៉ូតូចំនួនមួយគ្រឿង រួចយកស្លាកលេខទៅបាត់ ។

ជនរងគ្រោះបានបញ្ជាក់ទៀតថា ពួកគាត់មិនដែលមានទំនាស់ជាមួយនរណាម្នាក់ទេ ហើយបក្សពួកជនបង្កក៏មិនស្គាល់ដែរ។ ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់នោះ ក៏ត្រូវបានបងស្រីបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅដល់ចំណុចកើតហេតុ ក៏បានយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់សំរោងក្រោម រង់ចាំទទួលបណ្តឹងជនរងគ្រោះ ដើម្បីស្រាវជ្រាវរកជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ