ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុព័ន្ធយោធា​អា​មេ​រិ​ក ចោទ​ប្រកាន់​ថា មន្ត្រី​កម្ពុជា​មិន​ឲ្យ​លោក​ទៅ​មើល​គ្រប់កន្លែង​ទេ ក្នុង​មូលដ្ឋាន​ទ័ពជើងទឹក​រាម

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក Marcus M. Ferrara អនុព័ន្ធយោធា​របស់​ស្ថានទូត​អា​មេ​រិ​ក ថ្លែងថា ក្នុង​ពេល​ទស្សនកិច្ច ទៅ​កាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម…

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក Marcus M. Ferrara អនុព័ន្ធយោធា​របស់​ស្ថានទូត​អា​មេ​រិ​ក ថ្លែងថា ក្នុង​ពេល​ទស្សនកិច្ច ទៅ​កាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម នៅ​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ មន្ត្រី​យោធា​កម្ពុជា មិន​បាន​អនុញ្ញាត​ឲ្យ​លោក​ទៅ​មើល​គ្រប់កន្លែង នៅ​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​នោះ​ទេ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការរបស់ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា សរសេរ​សារយ៉ាង​ដូច្នេះ​ថា «​អនុព័ន្ធយោធា​របស់​ស្ថានទូត​អា​មេ​រិ​ក គឺ​លោក​វរសេនីយ៍ឯក Marcus M. Ferrara ដោយ​ឆ្លង​តាម​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​រាម នៅ​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា ។ នៅ​ក្នុង​ពេល​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា​ទៅ​មើល​គ្រប់កន្លែង នៅ​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​នោះ​ទេ ។ នៅ​ពេល​ដឹង​ច្បាស់​ថា លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន​អស់ លោក​វរសេនីយឯក Ferrara បាន​បញ្ចប់​ការ​ដើរ​មើល ហើយ​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា កំណត់ពេល​ទស្សនកិច្ច​ឡើង​វិញ ដោយ​អនុញ្ញាត​ឲ្យ​មានការ​ដើរ​មើល​គ្រប់កន្លែង នៅ​ក្នុង​ពេល​ខាង​មុខ​ឲ្យ​បាន​ឆាប់​បំផុត​» ។

ស្ថានទូត​សហរដ្ឋអាមេរិក សង្កត់ធ្ងន់​ថា ទស្សនកិច្ច​ជា​ធម្មតា និង​ញឹកញាប់ របស់​អនុព័ន្ធយោធា​របស់​សហរដ្ឋអាមេរិក និង​អនុព័ន្ធយោធា​បរទេស​ដទៃ​ទៀត នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម អាច​ជា​ជំហាន​មួយ​យ៉ាង​សំខាន់ ឆ្ពោះទៅ​រក​តម្លាភាព និង​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ច្រើន ។

កោះសន្តិភាព​នៅ​មិន​ទាន់​បាន​សុំ​ការ​បញ្ជាក់​បន្ថែមពី​លោក ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ ។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman បាន​ជួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្ហាញ​ក្តី​ព្រួយ​ស្តី​ពី​វត្តមាន​យោធា និង​ការ​សាងសង់​នៅ​ទីតាំង សមុទ្រ​រាម របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីនោះ ។ ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​ឲ្យ​អនុព័ន្ធយោធា​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា ចុះ​ទៅ​ពិនិត្យ​មើល នៅ​មូលដ្ឋាន​កងទ័ពជើងទឹក រាម ។

ដោយឡែក លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្លែងប្រាប់​កោះសន្តិភាព​ថា មូលដ្ឋាន​សឹក​របស់​ប្រទេស​នីមួយ​ៗ គឺជា​កន្លែង​សម្ងាត់ ឫ​ជា​កន្លែង​អធិបតេយ្យភាព​របស់​ប្រទេស​នោះ សូ​ម្បី​តែ​បរិវេណ​ស្ថានទូតប្រទេសនីមួយៗ ក៏​គេ​មិន​អនុញ្ញាត​អោយ​យើង​ចូល​គ្រប់​ជ្រង់ជ្រោយ​ដែរ គេ​មាន​កន្លែង​អោយ​ចូល កន្លែង​អង្គុយ កន្លែង​រង់ចាំ និង​ឲ្យ​ទៅ​ជួប ។ ចំពោះ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ជា​សន្តិសុខ​របស់​កម្ពុជា អ្វី​ដែល​ជាការ​អនុញ្ញាត គឺ​មិនមែន​ជា​អំពើ​ចារកម្ម​ នោះទេ ។

លោក ផៃ ស៊ី​ផា​ន បន្ត​ថា បើ​​អនុព័ន្ធយោធា​អា​មេ​រិ​ក ពិនិត្យ​មិន​ចប់​សព្វគ្រប់​ ជា​ការ​ល្អ ​គួរតែ​សុំ​ការ​អនុញ្ញាត​ទៅ​ពិនិត្យ​ម្តងទៀត ទៅកាន់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដោយប្រាប់​ទិស​ដៅ​អោយ​ច្បាស់​ថា តើ​ទៅ​មើល​កន្លែង​ណា​? ចង់​ដឹង​អ្វី? ​រឿង​អ្វី? ហើយ​បើ​និយាយ​ពី​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​វិញ គេ​មើល​ពីលើ​ផ្កាយ​រណប​ មកក្រោមឃើញ​ច្បាស់​ណាស់ ថ្ងៃ​ក៏​មើលឃើញ ​ទាំង​យប់​ក៏​ឃើញច្បាស់ ។

លោក ផៃ ស៊ី​ផា​ន ជម្រាប​ជូន​ថា កម្ពុជា​បាន​បង្ហាញ​ពី​តម្លាភាព​រួច​ជា​ស្រេច​ទៅ​ហើយ គ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ពិភពលោក​នេះ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ដទៃ​ចូល​ទៅ​មើល​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​ទេ ទោះបី​មូលដ្ឋាន​កងទ័ព​សហរដ្ឋអាមេរិក​នៅ​ប្រទេសហ្វី​លី​ពី​ន កុំ​ថា​ឡើយ​ឲ្យ​ចូល សូ​ម្បី​តែ​ថតក៏​គេ​មិន​អនុញ្ញាត​ផង ចំណុ​ចនេះ ​សុំ​ឲ្យ​មាន​ភាពយុត្តិធម៌​ចំពោះ​ប្រទេស​កម្ពុជា​ ផង ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា យល់​ឃើញ​ថា អនុព័ន្ធយោធា​របស់​ស្ថានទូត​អា​មេ​រិ​ក មាន​ចេតនា​នយោបាយ​ច្រើន​ជាង​កិច្ចសហការ ។ កម្ពុជា​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​កិច្ចសហការ រវាង​ថ្នាក់លើ​ និង​ថ្នាក់លើហើយ ប៉ុន្តែ​លោក​វរសេនីយ៍ឯក Marcus M. Ferrara បែរជា​ចោទប្រកាន់​ មានដូច​ខាងលើ ​ទៅ​វិញ ។

លោក ផៃ ស៊ី​ផា​ន សម្តែង​ការ​សោកស្តាយ ​ចំពោះ​ការ​បញ្ចេញ​សារ​ចោទប្រកាន់របស់លោក​អនុព័ន្ធយោធា​អា​មេ​រិ​ក គួរតែ​ពន្យល់​ជា​ផ្លូវការ ជាជាង​ផ្សព្វផ្សាយ​ជា​សារ​ធារ​ណៈ បង្កើត​ការ​យល់​ឃើញ​ច្រឡំ ដែល​បង្កើន​ជា​សម្ពាធ​នយោបាយ​ទៅ​វិញ​នោះ​ទេ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​នាយ​ឧត្តម​សេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួង ការពារ​ជាតិ បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​កម្ពុជា​ជិត​១០០​នាក់ ទៅ​បំពេញ​ទស្សនកិច្ច នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្រោយ​ពី​សែត​អា​មេ​រិ​ក The Wall Street Journal បាន​ចុះ​ផ្សាយ​ព័ត៌មាន​ប្រឌិត​ថា “​ប្រទេស​ចិន​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ជា​សម្ងាត់​មួយ​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​របស់​ចិន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​រាម​” ។

ក្រោយ​ការ​ចុះ​ពិនិត្យ ទៅ​ដល់ទី​កន្លែង ដែល​មានការ​ចោទប្រកាន់​នោះ លទ្ធផល​បាន​បង្ហាញ​ថា គ្មាន​សញ្ញាណ​ណាមួយ គួរ​ឲ្យ​កត់​សម្គាល់ថា នឹង​មានការ​រៀបចំ បោះ​មូលដ្ឋានទ័ព​ចិន នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ឡើយ ។ “​គ្មាន​កងទ័ព និង​ប្រជាជន​ចិន​រស់នៅ​តំបន់​រាម​ឡើយ ដូច្នេះ​ការ​លើក​ឡើង របស់​កាសែត​អា​មេ​រិ​ក គឺ​រឿងប្រឌិត​ពិតប្រាកដ​” នេះ​ជា​ការ​លើក​ឡើង​របស់ លោក ផៃ ស៊ី​ផា​ន ប្រាប់​អ្នក​សារព័ត៌មានកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ