ប្រទេសមីយ៉ាន់ម៉ា ៖ យន្តហោះយោធាមីយ៉ាន់ម៉ា១គ្រឿង បានធ្លាក់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅជិតទីក្រុងម៉ាន់ដាឡៃបណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច១២នាក់ ក្នុងនោះមានទាហាន៦នាក់។
យន្តហោះនោះបានបាត់ការទាក់ទង ជាមួយប៉មត្រួតពិនិត្យ ខណៈពេលហោះហើរមកជិតដល់រោងចក្រដែកថែបមួយ ស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រ ពីព្រលានយន្តហោះដែលត្រូវចុះ។ ហើយក្នុងចំណោមជនរងគ្រោះដោយសារការធ្លាក់យន្តហោះនេះ ក៏មានមន្ត្រីសង្ឃជាន់ខ្ពស់ដ៏មានឥទ្ធិពលបំផុត១អង្គ នេះចាត់ទុកជាមនុស្សជិតដិតជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា។ សង្ឃដ៏មានឥទ្ធិពលអង្គនោះ ព្រះនាម BATHANDA KAVISARA ព្រះជន្ម៩០ព្រះវស្សា ដែលដឹកនាំវត្តដ៏ធំមួយក្នុងចំណោមវត្តធំៗ ក្នុងទីក្រុងណៃពិដោ រដ្ឋធានីមីយ៉ាន់ម៉ា។ មន្ត្រីសង្ឃអង្គនោះ ក៏បានចូលរួមគាំទ្រប្រមុខរបបយោធា ឧត្ដមសេនីយ៍ MIN AUNG HLAINGតាំងពីក្រោយរដ្ឋប្រហារមក។ មន្ត្រីសង្ឃអង្គនោះអាចចាត់ទុកជាសង្ឃមានឥទ្ធិពលបំផុត ក្នុងចំណោមសង្ឃមានឥទ្ធិពលទាំងឡាយនៃសង្ឃពុទ្ធសាសនាមីយ៉ាន់ម៉ា។
នៅមីយ៉ាន់ម៉ា ក្នុងជួរព្រះសង្ឃមានការបែកខ្ញែកគ្នា លើបញ្ហារដ្ឋប្រហារ ដោយពិសេសសង្ឃវ័យក្មេងៗ បានចេញធ្វើបាតុកម្មជាមួយប្រជាជន ប្រឆាំងពួកយោធា។ ព្រះតេជគុណ BATHANDA KAVISARA និមន្តតាមយន្តហោះនោះ ទៅចូលរួមក្នុងពិធិចាក់គ្រឹះសាងសង់ព្រះវិហារថ្មីមួយ នៅទីក្រុង PYI OO LWIN ជាទីក្រុងដែលមានសាលាបណ្ឌិតសភាយោធា ដោយឧត្ដមសេនីយ៍ MIN AUNG HLAING ក៏ទទួលបានសញ្ញាប័ត្រយោធាពីសាលានោះដែរ។
គ្រោះថ្នាក់យន្តហោះខាងលើនោះ ក្នុងគ្រាដំបូងគេយល់ថា អាចបណ្ដាលមកពីធាតុអាកាសមិនល្អ និងសន្តិសុខអាកាសពុំគ្រប់គ្រាន់របស់ប្រទេស ដែលនាពេលថ្មីៗនេះកងយោធារងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធនានា ជាពិសេសពួកបះបោរ ទើបបាញ់ធ្លាក់ឧទ្ធម្ភាគចក្រយោធា១គ្រឿងនោះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ