ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកើតជំងឺកូវីដ ១៩ និងមានសមាជិកស្លា.ប់ ព្រមទំាងអ្នកជួបការលំបាកខ្លំាងពីការបិទខ្ទប់ ចាប់ផ្តើមបើកប្រាក់ឧត្ថម្ភពីរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១០ មិថុនា មកពលរដ្ឋដែលជួបការលំបាកខ្លំាងនៅក្នុងតំបន់បិទខ្ទប់ក្នុងទ្រង់ទ្រាយធំ នៅភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ព្រមទំាងពលរដ្ឋដែលបានកើតជំងឺកូវីដ…

រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១០ មិថុនា មកពលរដ្ឋដែលជួបការលំបាកខ្លំាងនៅក្នុងតំបន់បិទខ្ទប់ក្នុងទ្រង់ទ្រាយធំ នៅភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ព្រមទំាងពលរដ្ឋដែលបានកើតជំងឺកូវីដ ១៩ និងមានសមាជិកស្លាប់ដោយសារជំងឺនេះ ផ្តើមទទួលបានប្រាក់ឧបត្ថម្ភសង្គមពីរដ្ឋ ។ ក្នុងជំហ៊ានដំបូងដែលផ្តើមអនុវត្តនៅខែមិថុនា ឆ្នាំ ២០២១ នេះ មានប្រជាពលរដ្ឋបានជាប់ការសម្ភាសប្រមាណជាង ៦ ម៉ឺនគ្រួសារ ស្មើនឹងជាង ២០ ម៉ឺននាក់ បានកំណត់អត្តសញ្ញាណត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ ។

កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ត្រូវឧបត្ថម្ភ គ្រួសារគោលដៅដែលមានសមាជិក ១ នាក់ ទទួលបានថ្លៃស្បៀងអាហារ ១០ ម៉ឺន រៀល ថ្លៃទឹកស្អាតរយៈពេលពីរខែ ស្មើនឹងទឹកប្រាក់ ១៨,០០០ រៀល ថ្លៃអគ្គិសនីរយៈពេល ២ ខែ ស្មើនឹងទឹកប្រាក់ ៣៨,០០០ រៀល សរុបទឹកប្រាក់ឧបត្ថម្ភទាំងអស់ស្មើ ១៥៦,០០០ រៀល ។ សម្រាប់គ្រួសារមានសមាជិក ២-៣ នាក់ ទទួលបានថ្លៃស្បៀងអាហារ ១១៣,៥០០ រៀល ថ្លៃទឹកស្អាតរយៈពេលពីរខែស្មើនឹងទឹកប្រាក់ ៤៤,៨០០ រៀល ថ្លៃអគ្គិសនីរយៈពេល ២ ខែ ស្មើនឹងទឹកប្រាក់ ៨៥,៤០០ រៀល សរុបទឹកប្រាក់ឧបត្ថម្ភទាំងអស់ស្មើ ២៤៣,៧០០ រៀល ។សម្រាប់គ្រួសារមានសមាជិក ៤ នាក់ឡើង ទទួលបានថ្លៃស្បៀងអាហារ ១២៧,០០០ រៀល ថ្លៃទឹកស្អាតរយៈពេលពីរខែស្មើនឹងទឹកប្រាក់ ៦២,០០០ រៀល ថ្លៃអគ្គិសនីរយៈពេលពីរខែ ស្មើនឹងទឹកប្រាក់ ១២២,០០០ រៀល សរុបទឹកប្រាក់ឧបត្ថម្ភស្មើនឹង ៣១១,០០០ រៀល ។

រាជរដ្ឋាភិបាល បានសម្រេចផ្តល់ជូននូវការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ និងអ្នកមានឆ្លងជំងឺកូវីដ ១៩ និងមានការលំបាកផ្នែកជីវភាព នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១ នោះផងដែរ ។ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ផ្តល់ជូនសាច់ប្រាក់ចំនួន ៣០ ម៉ឺនរៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ជួយបង់ថ្លៃអគ្គីសនី និងទឹកស្អាតរយៈពេល ៥ ខែ ។ សរុបសាច់ប្រាក់ឧបត្ថម្ភដល់អ្នកមានសមាជិកស្លាប់ដោយសារជំងឺកូវីដ ១៩ នេះ សម្រាប់គ្រួសារមានសមាជិកមួយនាក់ទទួលបាន ៤៤ ម៉ឺនរៀល, គ្រួសារមានសមាជិក ២ ទៅ៣នាក់ ទទួលបាន ៦២៥,៥០០ រៀល និងគ្រួសារមានសមាជិកចាប់ពី ៤ នាក់ឡើង ទទួលបាន ៧៦ ម៉ឺនរៀល ។

ដោយឡែកគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពក្រៅពីតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ក៏នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់សរុបដូចនឹងពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ខាងលើផងដែរ ។ ពលរដ្ឋដែលទទួលបាន ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់មិនរាប់បញ្ចូលប្រជាពលរដ្ឋមានបណ្ណក្រីក្រកម្រិត ១ និងកម្រិត ២ ក៏ដូចជាកម្មករ និងនិយោជិត ដែលកំពុងទទួលបានកម្មវិធីឧបត្ថម្ភរៀងរាល់ខែនោះទេ ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី ២៤ ឧសភា បានប្រកាសថា ថវិកា ៣២២ លានដុល្លារអាមេរិក បានប្រើប្រាស់សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ ។ ការអន្តរាគមន៍ជាជំនួយសាច់ប្រាក់នេះ បានចាប់ផ្តើមឡើងពីថ្ងៃទី ២៥ មិថុនាឆ្នាំ ២០២០ មកដល់ថ្ងៃទី ២៤ ឧសភាឆ្នាំ ២០២១ នេះ ។ 

ចំពោះការផ្តល់ប្រាក់ជូនប្រជាពលរដ្ឋខ្វះខាត ដែលរងផលប៉ះពាល់នៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ជាង ៦ ម៉ឺននាក់ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណជា ៤ លានដុល្លារអាមេរិក ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាសស្តីពីការ បើកផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់នេះជូនពលរដ្ឋកាលពីថ្ងៃទី ៩ មិថុនា និងបានបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាកផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋានក្នុងតំបន់ដើម្បីស្នើសុំសម្ភាស និងកំណត់អត្តសញ្ញាណនៅតាមឃុំ សង្កាត់ក្នុងរយៈពេលមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះនៅជំហានបន្ទាប់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ