ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្រីក្រ​បង្ខំចិត្ត​ចង.ការ​ប្រាក់​​ទិញ​ឧបករណ៍​ឱ្យ​កូន​រៀន​តាម​អន​ឡាញ​នា​សម័យ​កូ​វី​ដ ខណៈ​ការ​សិក្សា​​ប្រឈម​បញ្ហា​ច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​​៖ ការ​សិក្សា​ពី​ចម្ងាយ​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​ទាំង​ត្រដាប់ត្រដួស​សម្រាប់​សិស្ស​-​និស្សិត ដែល​មក​ពី​គ្រួសារ​មាន​

រាជធានី​ភ្នំពេញ ​​៖ ការ​សិក្សា​ពី​ចម្ងាយ​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​ទាំង​ត្រដាប់ត្រដួស​សម្រាប់​សិស្ស​-​និស្សិត ដែល​មក​ពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ដែល​គ្រួសារ​ខ្លះ​បង្ខំចិត្ត​ខ្ចី​លុយ​គេ ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​គ្រឿង​ទុក​ឱ្យ​កូន​ៗ ២ ឬ ៣ នាក់​ឆ្លាស់គ្នា​ទុក​រៀន ខណៈ​បញ្ហា​សេវា​អ៊ី​ន​ធើ​ណែ​ត​តាម​បណ្តា​ខេត្ត និង​ការ​ខ្វះ​ឧបករណ៍​សិក្សា​ជា​កត្តា​ចម្បង​បំផុត​របស់​គ្រួសារ​ក្រីក្រ មិន​ថា​កូន​ៗ​រៀន​ថ្នាក់​បឋម ដល់​ថ្នាក់ឧត្តម​សិក្សា​នោះ​ទេ ។

«​បង​អើយ ពេល​ខ្លះ​រៀន​ៗ​សេវា​ខ្សោយ​ដាច់​អ៊ី​ន​ធើ​ណែ​ត រៀន​អត់​កើត ហើយ​ខ្ញុំ​រៀន​តាម​ទូរស័ព្ទ ដល់​ម៉ោង​រៀន​ថ្នាក់​កុំព្យូទ័រ ខ្ញុំ​អត់​មាន​ឧបករណ៍​រៀន អ៊ីចឹង​ខ្ញុំ​ចាប់​មិន​ទាន់​គេ​នោះ​ទេ​» នេះ​ជា​ការ​លើក​ឡើង​របស់​ប្អូន វាសនា ដែល​ជា​និស្សិត​ឆ្នាំ​ទី​១ នៅ​មហាវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ ។

ប្អូន​បាន​ត្អូញត្អែរ​បន្ត​ថា «​សាលា​រៀបចំ​ឱ្យ​រៀន​តាម​កម្មវិធី Microsoft Team តែ​ខ្ញុំ​នៅ​ខេត្ត នៅ​ដល់​ខេត្តរតនគិរី រៀន​ពី​ចម្ងាយ ។ ដូច្នេះ​ការ​រៀនសូត្រ​របស់ខ្ញុំ​គឺ​មិនសូវ​ចាប់​បាន​ល្អ​នោះ​ទេ ហើយ​កិច្ចការ​សាលា​ទៀត​សោត​ខ្ញុំ​សរសេរ​ដោយ​ដៃ​លើ​ក្រដាស​សៀវភៅ រួច​ថត​តាម​ទូរស័ព្ទ​ផ្ញើ​ទៅ​លោកគ្រូ​។ ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​រៀន ៥ មុខ​វិជ្ជា​នៅ​ថ្នាក់​មូលដ្ឋាន តែ​ខ្ញុំ​ជឿ​ថា​ការ​រៀន​របស់ខ្ញុំ​មិនសូវ​ល្អ ខ្ញុំ​អត់​មាន​ឯកសារ​គ្រប់គ្រាន់​ទេ​» ។

ការ​លំបាក​របស់​និស្សិត​រូប​នេះ មិនមែន​ជា​រឿង​ដាច់​ដោយឡែក​នោះ​ទេ ។ ការ​ពិត​សិក្សា​នៅ​សម័យកាល​កូ​វី​ដ​-១៩ កំពុង​តែ​រីក​រាលដាល លើ​ពិភពលោក​និង​កម្ពុជា វិស័យ​ជា​ច្រើន​បាន​ផល​ប៉ះពាល់ ពិស​ស​វិស័យ​អប់រំ ។

ជាក់ស្តែង​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​ពេលវេលា​មួយ​ដ៏​លំបាក​បំផុត​ហើយ​ត្រូវ​តែ​ប្រយុទ្ធ​ដាច់ខាត​និង​គ្មាន​ពេល​រួញរា ឬ​ដកថយ​ចំពោះ​ជម្ងឺ​កូ​វី​ដ​-១៩ នោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បានឱ្យ​សាលារៀន និង​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន ។ ដូច្នេះ​សិស្ស​-​និស្សិត​ទាំងអស់​ចាប់ពី​ថ្នាក់បឋមសិក្សា​ដល់​ឧត្តម​សិក្សា សុទ្ធតែ​មិន​អាច​ចូល​សិក្សា​រៀនសូត្រ​នៅ​ក្នុង​សាលា​ឡើយ ។

ទន្ទឹម​និង​នេះ​រាជរដ្ឋាភិបាល​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​គិតគូរ​យ៉ាង​ខ្ពស់​ស្រប​តាម​សម័យ​បច្ចេកវិទ្យា​ទំនើប​បាន​សិស្ស​និស្សិត​ទាំងអស់​រៀន​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ​ដូច​ជា ប្រព័ន្ធ​តេ​ឡេ​ក្រាម​(Telegram) ប្រព័ន្ធ​ហ្ស៊ូ​ម​(Zoom) ប្រព័ន្ធ​វូប​មី​ត​ធី​ង​(Voov meeting) ប្រព័ន្ធ​យូ​ធូប​(YouTobe)​ជាដើម​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ទៅ​តាម​កម្មវិធី​របស់​សាលា
នីមួយ​ៗ​។

ការ​សិក្សា​នៅ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​បណ្ដាញ​សង្គម​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បែប​នេះ បាន​បង្ហាញ​ពី​ផល​ល្អ​ផង​ដែរ​ក្នុង​ការ​ចៀស​ផុត​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ដល់​សិស្ស និស្សិត​ក៏​ដូច​ជា​ក្រុម​គ្រួសារ សាច់ញាតិ​ទាំងអស់ របស់​ពួក​គេ​ថែម​ទៀត​ផង ព្រោះ​គ្មាន​ការ​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ ហើយ​បាន​ធ្វើ​អ្វី​ៗ​ដាច់​ដោយឡែក​ពី​គ្នា​ទៅ​តាម​វិធានការ​សុខាភិបាល ។ ចំណែក​ឧបករណ៍​សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នេះ​គឺ​តម្រូវ​ឲ្យ​សិស្ស​និស្សិត​មាន​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​និង​កុំព្យូទ័រ យ៉ាង​ហោច​ណាស់​ក៏​ត្រឹម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែរ​។

នៅ​ក្នុង​បរិបទ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា សិស្ស​និស្សិត​ដែល​មាន​ជីវភាព​ធូរធារ​មាន​ភាព​ងាយស្រួល​ពុំ​សូវ​មាន​កង្វល់​លើ​បញ្ហា​សម្ភារៈ​ប្រើប្រាស់​ខាងលើ​នោះ​ទេ ថែម​ទាំង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​កាត​បញ្ចូល​ទូរស័ព្ទ​ទៀត​ផង ។ ប៉ុន្តែ​ចំពោះ​សិស្ស​និស្សិត​ខ្លះ​ដែល​ក្រីក្រ​នោះ​បាន​ជួប​ការ​លំបាក​ក្នុង​ពេល​សិក្សា​អ្នកខ្លះ​គ្មាន​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ឡើយ ពេល​រៀន​ម្ដង​ៗ​បាន​ខ្ចី​ទូរស័ព្ទ​បងប្អូន​ប្រើ ឬ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ដែរ​តែ​ចាស់​និង​ខ្វះ​លុយ​ទិញ​កាត​បញ្ចូល​ជាដើម​។

ក្រៅពី​នេះ​សិស្ស​និស្សិត​ខ្លះ​បាន​ត្អូញត្អែរ​ថា រៀន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​បណ្ដាញ​សង្គម​នេះ​ហាក់​ពុំ​សូវ​ចាប់​បាន​ពុំ​សូវ​យល់​ដឹង​ដូច​ជា​ការ​រៀន​ផ្ទាល់​ជាមួយ​គ្រូ​នៅ​ឯ​សាលារៀន​ឡើយ ហើយ​បើ​ឆ្ងល់​ត្រង់​ចំណុច​ណាមួយ​ចង់​សួរ​គ្រូ​ក៏​លំបាក​ទៀត​។ មិនតែប៉ុណ្ណោះ​បើ​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ដែល​មាន​សេវា​ទូរស័ព្ទ​ខ្លាំង​នោះ ពុំ​សូវ​ជា​មាន​បញ្ហា​ក្នុង​ការ​សិក្សា​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដែល​មានផ្ទះ​ស្ថិត​នៅ​តំបន់​ដែល​មាន​សេវា​ទូរស័ព្ទ​ខ្សោយ​វិញ​នោះ​ច្បាស់​ជា​យ៉ាប់​ហើយ ស្ដាប់​គ្រូ​ពន្យល់​មិនសូវ​បាន ព្រោះ​ទូរស័ព្ទ​មាន​ភាព​រអាក់រអួល ឮ​ដាច់​ៗ​ពុំ​សូវ​ច្បាស់​តែ
ម្ដង​។

កុមា​រា គង់ សុខ​គា សិស្ស​ថ្នាក់​ទី​៧​បាន​និយាយ​ថា «​ខ្ញុំ​រួម​ជាមួយ​បងប្អូន​ស្រី​ជីដូនមួយ​២​នាក់​ទៀត​រៀន​ថ្នាក់​ជាមួយ​គ្នា ហើយ​ទាំង​៣​នាក់​បងប្អូន​នេះ​មាន​ទូរស័ព្ទ​តែ​១​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​រៀន​តាម​ប្រព័ន្ធ​អន​ឡាន ហើយ​ទូរស័ព្ទ​នេះ​ម៉ាក Realme តម្លៃ​ជាង​១០០​ដុល្លារ ដែល​ឪពុក​ខ្ញុំ​បាន​ចងការ​ប្រាក់​គេ​ទិញ​ឲ្យ​ដើម្បី​ឲ្យ​ខ្ញុំ​រៀន​។ ខ្ញុំ​បាន​រៀន​ជុំ​គ្នា​ជាមួយ​បងប្អូន​ខ្ញុំ​២​នាក់​ទៀត​នោះ​តាម​ប្រព័ន្ធ​Zoom ហើយ​បងប្អូន​ខ្ញុំ​អត់​ទាន់​មាន​លទ្ធភាព​ដើម្បី​ទិញ​ទូរស័ព្ទ​ប្រើ​នៅឡើយ ពួក​ខ្ញុំ​នៅ​តូច​អត់​ទាន់​មាន​លទ្ធភាព​រក​ប្រាក់​នោះ​ទេ គឺ​ពឹង​លើ​ឪពុក​ម្ដាយ​ដែល​សុទ្ធតែ​ជា​កសិករ​ទាំងអស់ ។​ពួក​ខ្ញុំ​បាន​សន្សំ​លុយ​ខ្លះ​ដែល​ឪពុក​ម្ដាយ​ឲ្យ​សម្រាប់​ទិញ​នំ​ហូប ទុក​សហ​ការណ៍​គ្នា​ដើម្បី​ទិញ​កាត​បញ្ចូល​ទូរស័ព្ទ​រៀន​និង​ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​រាល់ថ្ងៃ​ព្រមទាំង​ប្រឡង​ផង​ដែរ ហើយ​ការ​រៀន​តាម​ប្រព័ន្ធ​នេះ​ហាក់​មានការ​ពិបាក​យល់​មិន​ដូច​រៀន​ផ្ទាល់​ជាមួយ​គ្រូ​ឡើយ​» ។

យុវ​និស្សិត​ក្រីក្រ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា «​ខ្ញុំ​ជា​កូន​កសិករ​ក្រីក្រ​សព្វថ្ងៃ​រស់នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំបាច់​ប្រឡង​បាក់​ឌុ​ប កាលពី​ឆ្នាំ​២០២០ ដោយសារ​ស្រឡាញ់​មុខ​វិជ្ជា​ច្បាប់ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ចូល​រៀន​នៅ​សាលា​ច្បាប់​មួយ​នា​រាជធានី​ភ្នំពេញ ។ សព្វថ្ងៃ​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​១​ផ្នែក​ច្បាប់ ខ្ញុំ​បាន​ស្ទុះស្ទា​រក​ប្រាក់​បង់ថ្លៃ​សាលា​ដើម្បី​បាន​ចូល​រៀន​យ៉ាង​ត្រដាបត្រដួស ដោយ​ឪពុក​ម្ដាយ​ឲ្យ​ខ្លះ​និង​មួយ​ចំនួន​ទៀត​បាន​មក​ពី​ការងារ​របស់ខ្ញុំ​ប៉ុន្តែ​ក្រោយ​ពី​បង់ថ្លៃ​សាលា​រួច​កាលណា​មក​ពុំដែល​បាន​រៀន​នៅ​សាលា​ជួប​លោកគ្រូ​អ្នកគ្រូ​ដោយ​ផ្ទាល់​នោះ​ទេ ព្រោះតែ​ជម្ងឺ​កូ​វី​ដ​-១៩ វាយលុក​ខ្លាំង​ពេក គឺ​បាន​ត្រឹមតែ​រៀន​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​រហូត​មក​សព្វ​ថ្ងៃនេះ​» ។

យុវជន​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា «​ខ្ញុំ​សង្ឃឹមថា​ជម្ងឺ​កាច​សាហាវ​នេះ​និង​ឆាប់​រលាយ​ចេញពី​ភព​ផែនដី​ដើម្បី​បាន​ចូល​រៀន​ឡើង​វិញ​និង​បាន​អនុវត្ត​ផ្ទាល់​ជាមួយ​គ្រូ​ងាយស្រួល​ទទួលយក​ចំណេះដឹង ។​ចំណែក​ការ​រៀន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ខាងលើ​ថ្វី​ដ្បិតតែ​មាន​សារៈ​ប្រយោជន៍​មិន​ឲ្យ​យើង​ឆ្លង​ជម្ងឺ​Covid-19​ពី​អ្នក​ដ៏​ទៃ​ឬ​អ្នក​ដ៏​ទៃ​ឆ្លង​ពី​យើង​នាំ​ឲ្យ​មានការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍​ពិតមែនតែ​ពិបាក​និង​ចាប់​យក​អត់​សូវ​យល់​ជួនកាល​ប្រព័ន្ធ​ទូរស័ព្ទ​រអាក់រអួល​ថែម​ទៀត​ផង​។​មិនតែប៉ុណ្ណោះ​ចំពោះ​សិស្ស​និស្សិត​ដែល​មាន​ជីវភាព​ធូរធារ​នោះ​ពុំ​សូវ​ជា​មាន​បញ្ហា​ចោទ​នោះ​ឡើយ ព្រោះ​ពួក​គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​សម្ភារៈ​សិក្សា តែ​សម្រាប់​សិស្ស​និស្សិត​ក្រីក្រ​ជួប​ការ​លំបាក​ច្រើន​។

ដោយឡែក​សិស្ស​ថ្នាក់​ទី​១១​ម្នាក់​រៀន​នៅ​វិទ្យាល័យ​អរុណ​វ​តី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​ថា ខ្ញុំ​យល់​ថា​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​ភាព​ស្មុគស្មាញ​មិន​ដូច​ការ​រៀន​ផ្ទាល់​នៅ​សាលា ដែល​យើង​អាច​សាកសួរ​គ្រូ​បាន​ដោយ​សេរី​នៅ​ពេល​ដែល​យើង​អត់​យល់​ត្រង់​ចំណុច​ណាមួយ​។​ម្យ៉ាងទៀត​សម្រាប់​សិស្ស​ក្រីក្រ​ដូច​ជា​ខ្ញុំ​ក៏​ដូច​ជា​មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​មួយ​ចំនួន​ទៀត ជួប​ការ​លំបាក​ច្រើន​ក្នុង​ការ​រក​សម្ភារៈ​សិក្សា​តាម​អន​ឡាញ​នេះ មួយ​រយៈ​មុន​ខ្ញុំ​មាន​ទូរ​ស៍ព្ទ​ប្រើ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់ខ្ញុំ​បាន​ត្រឹមតែ​ខ​ល​ចេញ​ឬ​ទទួល​ការ​ខ​ល​ចូល​ប៉ុណ្ណោះ ពុំ​អាច​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​អ៊ី​​ន​ធើ​ណេ​ត​បាន​ទេ ។​ខណៈនោះ​ពេល​ដល់​ម៉ោង​រៀន​ឬ​ប្រឡង​ម្ដង​ៗ​ខ្ញុំ​តែងតែ​ខ្ចី​ទូរស័ព្ទ​បងប្អូន​ប្រើ​រហូត ហើយ​ក្រោយមក​ដោយសារ​តែ​លំបាក​ខ្លាំង​ពេក ទើប​សម្រេចចិត្ត​ខ្ចី​លុយ​គេ​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​១​គ្រឿង​ប្រើ​ក្នុង​ការ​សិក្សា​ហើយ​ពុំ​មាន​កុំព្យូទ័រ​ប្រើ​និង​គេ​ឡើយ រីឯ​មិត្តភក្ដិ​របស់ខ្ញុំ​មួយ​ចំនួន​ទៀត​សុទ្ធតែ​បែប​នេះ​ដូច​គ្នា​ដែរ​។

យុវ​និស្សិត​ផ្នែក​អាយ​ធី​(IT)​ម្នាក់​ទៀត​រស់នៅ​សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល​បាន​និយាយ​ថា នៅ​ក្នុង​សម័យកាល​ជំងឺ​កូ​វី​ដ​-១៩ នេះ​ពិតជា​ធ្វើ​ឲ្យ​មនុស្ស​ជួប​ការ​លំបាក​ខ្លាំង​បំផុត​ទាំង​ការ​សិក្សា រៀនសូត្រ​និង​ការ​ប្រកប​របរ​រកស៊ី​ផ្សេង​ៗ ហើយ​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​គឺ​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ ឪពុក​ម្ដាយ​ជា​កសិករ​។​ក្រោយ​ពី​រៀន​ចប់​ថ្នាក់​ទី​១២ កាលពី​ឆ្នាំ​២០១៨ ខ្ញុំ​បាន​ស្វះ​ស្វែងរក​ការងារ​ធ្វើ​បណ្ដើរ​រៀន​បណ្ដើរ ការងា​ដែល​ខ្ញុំ​ធ្វើ​គឺ​ដំបូង​ជា​កម្មករ​សំណង់ តែ​ហត់​ពេក​មិន​អាច​ស៊ូទ្រាំ​បាន​ក្រោយមក​មិត្តភក្តិ​ហៅ​ឲ្យ​ទៅ​ធ្វើការ​ផ្នែក​រត់​តុ​ពេល​យប់​នៅ​ភោជនីយដ្ឋាន​មួយ​។​ប៉ុន្តែ​ការ​ធ្វើ​ជា​អ្នក​រត់​តុ​ចំណាយពេល​យប់​ពេល​គ្មាន​ពេលវេលា​សម្រាក​ដើម្បី​រៀន ទើប​ឈប់​ហើយ​បន្ត​ទៅ​អ្វើ​ការ​នៅ​ហាង​កាហ្វេ​មួយ​វិញ រហូត​ដល់​ពេល​ផ្ទុះ​ឡើង​ជម្ងឺ​កូ​វី​ដ​១៩ ហាង​កាហ្វេ​កាត់​បន្ថយ​បុ​គ​គ​លិ​ក​ទើប​ធ្វើ​ជា​កម្មករ​សំណង់​វិញ​រហូត​ដល់​សព្វថ្ងៃ​ដើម្បី​យក​លុយ​រៀន​និង​ទិញ​សម្ភារៈ​ក្នុង​ការ​រៀន​ផង​និង​ជួយ​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង​។

យុវ​និស្សិត​រូប​នេះ​បាន​បា​ន្ត​ទៀត​ថា ពេល​នេះ​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​៣​ហើយ ខ្ញុំ​បាន​ធ្វើ​ជា​កម្មករ​សំណង់​ពេល​ថ្ងៃ និង​សុំ​គ្រូ​រៀន​ពេល​យប់ ខ្ញុំ​គិត​ថា​ការ​រក​ប្រាក់​ដើម្បី​រៀន​វា​លំបាក​ណាស់​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​លំបាក​ថែម​ទៀត​នោះ​គឺ​សិក្សា​ក្នុង​ពេល​ផ្ទុះ​ឡើង​ជម្ងឺ​COVID-19​នេះ​តែ​ម្ដង​ដែល​ពិបាក​ក្នុង​ការ​ចាប់​យក​នូវ​អ្វី​ដែល​គ្រូ​ពន្យល់​។​ចំណែក​ឪពុក​ម្ដាយ​របស់ខ្ញុំ​ពួក​គាត់​មាន​កំរិតវប្បធម៌​ទាប​មិន​អាច​ជួយ​ពន្យល់​ខ្ញុំ​បាន​ឡើយ ហើយ​ដល់​ម៉ោង​រៀន​ពេល​ខ្លះ​មាន​សំណួរ​ច្រើន​ត្រូវ​សួរ​គ្រូ​ដែរ​ប៉ុន្តែ​មិន​អាច​សួរ​អស់​ដូច​ជា​ពេល​រៀន​ផ្ទាល់​អនុវត្ត​ផ្ទាល់​ឡើយ ​។ ​ទោះជា​យ៉ាងណា​ខ្ញុំ​នៅ​តែ​ខិតខំ​រៀន​ហើយ​ចាប់​បាន​និង​យល់​ប៉ុណ្ណ​គឺ​យក​ប៉ុណ្ណឹង​ទៅ​ចុះ ធ្វើ​ម៉េច​បើ​កាលៈទេសៈ​លំបាក​បែប​នេះ និង​តែងតែ​គិត​ថា បាន​រៀន​តាម​អន​ឡាញ​ប្រសើរ​ជាង​អត់​បាន​រៀន​សោះ​ហើយ​សម្រាប់​ជីវិត​អ្នកក្រ​គឺ​មាន​តែ​ពាក្យ​មួយ​ថា​ខំប្រឹង​និង​តស៊ូ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ