រាជធានីភ្នំពេញ៖ ជំរឿនសត្វត្មាត ប្រចាំឆ្នាំ២០២១ នៅកម្ពុជា បានធ្វើឡើង ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅ ៤ កន្លែង ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ទីតាំងទាំង ៤កន្លែងនេះ គេជឿជាក់ថា មានវត្តមានសត្វត្មាត រស់នៅ។
ក្រសួងបរិស្ថាន ប្រកាសថា នេះជាការអង្កេតតាមដានជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជា ដើម្បីឲ្យដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា មានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះ? ដើម្បីងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះ ដែលកម្ពុជាមាន។
ប្រភពដដែលបានបន្តថា ជំរឿនសត្វត្មាត នៅប្រទេសកម្ពុជា ធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ ទីតាំងផ្សេងគ្នា នៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
គួរកត់សម្គាល់ថា នៅអាហារដ្ឋានត្មាត ក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាត ចំនួន ៦១ ក្បាល ក្នុងនោះ រួមមាន ត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើងចំនួន ២ ក្បាល និងត្មាតត្មាតត្នោត ចំនួន ១៩ ក្បាល។
នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិ តាមរយៈការផ្តល់ចំណីបន្ថែមមួយខែ ២ដង ដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ មានការរៀបចំការផ្តល់ចំណីបន្ថែម តាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន ១០ដង ដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុត នៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជា រួមមាន ត្មាតផេះ ត្មាត ភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះ មានវត្តមាននៅភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប។
លោកថា សត្វត្មាតមានវត្តមាន នៅកម្ពុជា មានតែបីប្រភេទគឺ ១)ត្មាតភ្លើង ២)ត្មាតត្នោត និង ៣)ត្មាតផេះ។
សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងក្រចេះ នៃប្រទេសកម្ពុជា។ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ ដងក្នុងមួយឆ្នាំ។
តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូង ហើយស៊ីសាកសពជាអាហារ។
សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដោយសហការជាមួយអង្គការ ដៃគូ នានាខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។
មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា មូលហេតុ ដែលនាំឱ្យសត្វត្មាត នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។
លោករដ្ឋលេខាធិការ ក៏បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួន បានប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះ ក៏ជាមូលហេតុចម្បង ដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះ ស៊ីសាលសពសត្វស្លាប់ ដោយសារតែថ្នាំពុល។
មន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សត្វត្មាត ជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថាន ដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀត ជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាល សម្រាប់កម្ពុជានិងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ