ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​នឹង​រៀបចំ​ប្រឡង​សិស្ស​ឆ្នើម​ពី​ការ​បង្កើត​គម្រោង​«​បំណងប្រាថ្នា​»​ចាប់ពី​ថ្នាក់​ទី​៧​ ដល់​១២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ការ​ប្រឡង​សិស្ស​ឆ្នើម​បំណង​បង្កើត​គម្រោង​សម្រាប់​សិស្ស​ថ្នាក់​ទី​៧​ដល់​១២ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ស្ដី​ពី​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូ​ទាំង​ប្រទេស លើក​ទី​១ ការ​សិក្សា​ដោយ​ការ​បង្កើត​គម្រោង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ការ​ប្រឡង​សិស្ស​ឆ្នើម​បំណង​បង្កើត​គម្រោង​សម្រាប់​សិស្ស​ថ្នាក់​ទី​៧​ដល់​១២ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ស្ដី​ពី​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូ​ទាំង​ប្រទេស លើក​ទី​១ ការ​សិក្សា​ដោយ​ការ​បង្កើត​គម្រោង «​បំណងប្រាថ្នា​»​ថា ក្រសួង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូ​ទាំង​ប្រទេស​លើក​ទី​១ : ការ​សិក្សា​ដោយ​ការ​បង្កើត​គម្រោង «​បំណងប្រាថ្នា​» ដែល​ជា​ការ​ប្រកួត​តាម​បែប​ការ​សិក្សា ដោយ​ការ​បង្កើត​គម្រោង​លើក​ដំបូង​បំផុត​សម្រាប់​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​៧ ដល់ទី​១២ មក​ពី​គ្រឹះស្ថានសិក្សា​រដ្ឋ និង ឯកជន​ទូ​ទាំង​ប្រទេស ។

ក្រសួង​ថា ព្រឹត្តិការណ៍ «​បំណងប្រាថ្នា​» មាន​គោលដៅ​លើកកម្ពស់​ការ​រៀន​របស់​សិស្ស​ដោយ​វិធីសាស្ត្រ​រៀន​បែប​ថ្មី គឺ​ការ​រៀន​តាម​បែប​សហការ ការ​រៀន ដោយ​ការ​ត្រិះ​រិះ​ពិចារណា ការ​រៀន​ដោយ​ការ​ដោះស្រាយ​បញ្ហា និង​ការ​រៀន​ដោយ​ការ​បង្កើត​គម្រោង ។ គាំទ្រ​ដល់​សិស្ស​ក្នុង​ការ​សម្រេច​បាន​ដល់​កម្រិត​កំពូល​នៃ​ពុទ្ធិ​សម្បទា ដែល​ទទួល​បាន​ពី​ការ​មេរៀន​នីមួយ​ៗ នៅ​ក្នុង​កម្មវិធី​សិក្សា​ជាតិ ដោយ​យក​ទៅ​បង្កើត​ជា​គម្រោង ។

លើកទឹកចិត្ត​ដល់​ការ​ចែករំលែក ការ​ពិភាក្សា ការ​កែ​លម្អ និង​ការ​ដកស្រង់​បទ​ពិសោធ ក្នុង​ចំណោម សិស្សានុសិស្ស​នូវ​ស្នាដៃ​លទ្ធផល​គម្រោង​ដែល​ពួក​គេ​បង្កើត​បាន​លក្ខណៈ​ពិសេស​នៃ​ព្រឹត្តិការណ៍ «​បំណងប្រាថ្នា​» គឺ​ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​ស្វែង​យល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​មេរៀន​នីមួយ​ៗ​នៃ​មុខ​វិជ្ជា​ជាមួយ​ការ​ប្រកួតប្រជែង​រវាង​សិស្សានុសិស្ស​នៅ​លើ​វេទិកា​ឌី​ជី​ថ​ល និង​ការ ប្រមូលផ្តុំ​សិស្ស​ដែល​មាន​សក្តានុពល​ក្នុង​ការ​ស្រាវជ្រាវ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ។

ក្រសួង​បន្ត​ថា ក្រសួង​ចាត់​ទុក​ព្រឹត្តិការណ៍ «​បំណងប្រាថ្នា​» ថា​ជា​ជម្រើស​មួយ​នៃ​ឧត្ត​មា​នុ​វត្ត​អប់រំ ដោយ​វិធីសាស្ត្រ​បង្រៀន​បែប​ថ្មី ដែល​អាច​លើកកម្ពស់​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស ។ លើស​ពី​នេះ​ទៅ​ទៀត​លទ្ធផល​នៃ​ការ​សិក្សា និង​ការ​បង្កើត​គម្រោង​ក្នុង​ព្រឹត្តិការណ៍​នេះ គឺជា​មាតិកា​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប​ដែល​សិស្ស​អាច​ចូលរួម​បង្កើត និង​ចែករំលែក ។

ក្រសួង​លើក​ឡើង​ថា សិស្ស​ថ្នាក់​ទី​៧ ដល់ទី​១២ នៃ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទូ​ទាំង​ប្រទេស​អាច​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​នេះ​តាម​ជំហាន​សំខាន់​ៗ​ចំនួន​៥​ដូច​ខាងក្រោម ៖ ១​ជំហាន​ទី​១. ការ​ចុះ​ឈ្មោះ​នៅ​លើ​វេទិកា​ឌី​ជី​ថ​ល​សិស្ស​ត្រូវ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ប្រធានបទ​សម្រាប់​ការ​សរសេរ​គម្រោង ។

ជា​គោលការណ៍​សិស្ស​ត្រូវ​ជ្រើសរើស​ប្រធានបទ សម្រាប់​ការ​សរសេរ​គម្រោង​ដោយ​យក​ចេញពី «​មេរៀន​» ណាមួយ​នៃ​មុខ​វិជ្ជា​មួយ ។ ទោះបី​សិស្ស អាច​ប្រើប្រាស់​គំនិត ឬ​ចំណេះដឹង​ពី​មេរៀន​ដទៃ ឬ ពីមុខ​វិជ្ជា​ដទៃ​ដើម្បី​គាំទ្រ​ដល់​ការ​សរសេរ​គម្រោង​របស់​ខ្លួន​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ជ្រើសរើស​មេរៀន​តែ​មួយ​គត់​ចេញពី​មុខ​វិជ្ជា​មួយ​នៃ​សៀវភៅ​សិក្សា​គោល​របស់​ក្រសួង ។

២. ជំហាន​ទី​២. ការ​ប្រកាស​រក​ដៃគូ និង​ការ​បង្កើត​ក្រុម​បន្ទាប់​ពី​សិស្ស​ម្នាក់​ៗ​បាន​ចុះ​ឈ្មោះ និង​មាន​ប្រធានបទ​រៀង​ៗ ខ្លួន​ហើយ គឺ​ឈាន​ចូល​ដល់​ដំណាក់កាល ដែល​សិស្ស​ត្រូវ​ចាប់​ដៃគូ​បង្កើត​ក្រុម ជាមួយ​សិស្ស​ដែល​មក​ពី​ថ្នាក់ ឬ សាលារៀន​ដទៃ ។ ៣. ជំហាន​ទី​៣. ការ​រៀបចំ​បង្កើត​គម្រោង ការ​ប្រមូល​ព័ត៌មាន និង​ការ​សរសេរ​របាយការណ៍ នៅ​ពេល ដែល​ក្រុម​សិស្ស​នីមួយ​ៗ ត្រូវ​បាន​បង្កើត​រួច ដោយ​មាន​ប្រធានបទ​រួម​គ្នា​រួច​មក​ពួក​គេ​ត្រូវ​នាំ​គ្នា​ត្រិះ​រិះ ពិចារណា​ស្វែងរក​នូវ បញ្ហា​ជាក់លាក់​មួយ​ដែល​កើត​មាននៅ​ក្នុង​សង្គម ឬ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដូច​ជា វិស័យ​បរិស្ថាន សង្គម វប្បធម៌ ទឹក​ស្អាត អនាម័យ សុខភាព អគ្គិសនី អប់រំ​….​។

៤.​ជំហាន​ទី​៤ ការពិគ្រោះ​យោបល់ និង​កែ​លម្អ ក្រុម​សិស្ស​នីមួយ​ៗ អាច​ធ្វើការ​ដោយ​ឯករាជ្យ ឬ ដោយ​មានការ​ចូលរួម​ជាមួយ «​អ្នក​ពិគ្រោះ​យោបល់​» ដែល​ជា​គរុ​សិស្ស​-​និស្សិត ឬ និស្សិត ដែល​មាន ជំនាញ ឬ ចំណាប់អារម្មណ៍​លើ​ប្រធានបទ​ដូច​គ្នា ជាមួយ​ក្រុម​សិស្ស​។ ៥. ជំហាន​ទី​៥. ការ​ផ្ញើ​កញ្ចប់​របាយការណ៍ រួម​មាន​រូបថត បទ​បង្ហាញ​វី​ដេ​អូ និង​របាយការណ៍ នៅ​គម្រោង​មក​កាន់​គណៈកម្មការ​ព្រឹត្តិការណ៍​ដើម្បី​ពិនិត្យ វាយតម្លៃ និង​ផ្តល់​លទ្ធផល ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ឲ្យ សិស្សានុសិស្ស​ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​ទទួល​បានការ​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នូវ​ការ​បន្ថែម​ពិន្ទុ​សម្រាប់​លទ្ធផល​នៃ​ការ​សិក្សា​ប្រចាំឆ្នាំ ប្រសិនបើ​ពិន្ទុ​នៃ​គម្រោង​បាន​លើស​ពី ៧០% ឡើង​ទៅ ។ សិស្ស ឬ ក្រុម​សិស្ស​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​លំដាប់ ៥% ចុង​ក្រោយ​ទូ​ទាំង​ប្រទេស នៃ​មុខ វិជ្ជា​នីមួយ​ៗ នៅ​តាម​ថ្នាក់​នីមួយ​ៗ នឹង​ត្រូវ​បញ្ចូល​ជា​ចង្កោម​សិស្ស​សក្តានុពល នៃ​ក្រសួង​។

គម្រោង ដែល​ត្រូវ​បាន វាយតម្លៃ​ថា​មាន «​គុណ​តម្លៃ ខ្ពស់ នឹង​ត្រូវ​ទទួល​ថវិកា​គាំទ្រ​សម្រាប់​អនុវត្ត »​។ ក្រុម​សិស្ស​ដែល​ទទួល​ចំណាត់ថ្នាក់ លេខ ១ ដល់​លេខ ៣ សម្រាប់​មុខ​វិជ្ជា និង​កម្រិត​ថ្នាក់​នីមួយ​ៗ នឹង​ទទួល​បាន​ប័ណ្ណសរសើរ និង​រង្វាន់​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ