កម្ពុជា-អូស្ត្រាលី ជជែកលើជំនួយពី ៨៥-១២០ លានដុល្លារអូស្ត្រាលី ក្នុងការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អូស្ត្រាលី ជជែកលើជំនួយពី ៨៥-១២០ លានដុល្លារអូស្ត្រាលី ក្នុងការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល

3 ថ្ងៃ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ តំណាងក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាបានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដើម្បីជជែកលម្អិតលើគម្រោងជំនួយក្នុងទឹកប្រាក់ប្រមាណ ៨៥ ទៅ ១២០…

រាជធានីភ្នំពេញ ៖ តំណាងក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាបានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដើម្បីជជែកលម្អិតលើគម្រោងជំនួយក្នុងទឹកប្រាក់ប្រមាណ ៨៥ ទៅ ១២០ លានដុល្លារអូស្ត្រាលី របស់ប្រទេសអូស្ត្រាលីមកឲ្យកម្ពុជា សម្រាប់អភិវឌ្ឍន៍វិស័យពាណិជ្ជកម្មឌីជីថល ។ គម្រោងនេះមានរយៈពេល ៦ ឆ្នាំ និងជាកម្មវិធីថ្មីមួយដែលនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ ដូចជា ៖ ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល កសិកម្ម កសិ-ឧស្សាហកម្ម យេនឌ័រ និងបរិយាប័ន្ន ។

Picture

តំណាងក្រសួងពាណិជ្ជកម្មដែលចូលរួមកិច្ចប្រជុំដោយធ្វើឡើងកាលពីសប្តាហ៍មុនមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងនេះ ចំណែកភាគីអូស្ត្រាលីតំណាងដោយលេខាទី ១ ស្ថានទូតលោក David Bloch ។ ការពិភាក្សារវាងភាគីកម្ពុជា និងអូស្ត្រាលីនាពេលនេះ ដើម្បីរកធាតុចូល សិក្សាអំពីតម្រូវការ ក៏ដូចជាការងារអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអូស្ត្រាលី ដោយរៀបចំបញ្ចូលតម្រូវការ និងការងារអាទិភាពរបស់ក្រសួងពាណិជ្ជកម្មទៅក្នុងកម្មវិធីថ្មី ដែលមានឈ្មោះថា «កម្មវិធីអភិបាលកិច្ចសេដ្ឋកិច្ច និងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ» នេះ ។

Picture

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ពីវិស័យអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម ដែលស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អាចផ្តល់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលីដូចជា ៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការរក្សាធានាបាននូវសមត្ថភាពប្រគួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការអភិវឌ្ឍប្រកបដោយចីរភាព និងក្របខ័ណ្ឌច្បាប់នានា ដូចជា ក្នុងការគាំទ្រដល់ការកសាងស្ថាប័ន និងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់នានាក្របខ័ណ្ឌក្រសួងពាណិជ្ជកម្មផងដែរ ។

Picture

ជាការកត់សម្គាល់នៅក្នុងការជំរុញវិស័យពាណិជ្ជកម្មនាពេលនេះ ពិសេសពាណិជ្ជកម្មឌីជីថលនោះ ក្រសួងពាណិជ្ជកម្ម បានបង្កើតផ្លូវច្បាប់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ នៅក្នុងនោះក្រសួងបានបង្កើតច្បាប់កិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងសមិទ្ធផលនៃការអនុវត្តគម្រោងដែលមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដូចជា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ជាដើម ៕

Picture