ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្រងការឆ្លងលើកម្មករកាត់ដេរ លែងបាន! អាជ្ញាធរ សុំឱ្យម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅ​របស់​កម្មករ ឲ្យបានច្បាស់លាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ លោក ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ បានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយ ទៅម្ចាស់រោងចក្រសហគ្រាសនានា នៅរាជធានីភ្នំពេញ…

រាជធានី​ភ្នំពេញ៖ លោក ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ បានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយ ទៅម្ចាស់រោងចក្រសហគ្រាសនានា នៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករកម្មការិនី ឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករ និងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលនៅឡើយនោះ​។

ការស្នើឡើងបែបនេះ​របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference នារសៀល​ថ្ងៃទី០៨ ខែមិថុនា នៅសាលារាជធានីភ្នំពេញ ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បាន​លើកឡើងថា​ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបងប្អូនកម្មករកម្មការិនី ដែលបម្រើនៅតាមបណ្តា​រោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ​។ ដូច្នេះលោកស្នើសុំទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមឱ្យក្រួសួង ចេញជាសេចក្តីជូនដំណឹងមួយ ទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះ បាន និងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ​។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានជំរុញ និង​ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវត្រៀមលក្ខណៈ ដើម្បីចូលរួមសហការ និងធ្វើការងារនេះព្រមៗគ្នា ជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះ បានលឿន និងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។

លោក ឃួង ស្រេង បញ្ជាក់ថា ចំពោះការងារនេះ ត្រូវតែធ្វើឡើងដោយលម្អិត មានទាំង​លិខិតប័ត្រ​របស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត ៤គុណនឹង ៦ ផងដែរ។ មានន័យថា មានបញ្ហា យើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជំងឺ​កូវីដ-១៩​ ។

លោក បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែមទៀត ទៅលើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅកាត់ផ្ដាច់ អោយបាននៅពេលឆាប់ៗនេះ។

សូមរម្លឹកថា នៅពេលនេះ ជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំង នៅរោងចក្រ ហ្គេ្រនធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រQMI ដែលជារោងចក្រកាត់ដេរសំលៀកបំពាក់ដ៏ធំមួយ ស្ថិតនៅទីប្រជុំជន និងផ្សារ ក្នុងភូមិ​ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ​កម្មការិនី ប្រមាណ ៤ពាន់នាក់​​។ ក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី៤-៦មិថុនា រកឃើញកម្មករនៅរោងចក្រនេះ ឆ្លងកូវីដ ២៩៦នាក់។ ក្នុងនោះ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ​ហែម ដារិទ្ធិ ក៏ទើបរកឃើញ​​ឆ្លង​ជំងឺកូវីដ១៩ ផងដែរ៕ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ