សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីឱ្យ​អាមេរិក ដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាជំពាក់ ជិត ៧០០លានដុល្លារ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីឱ្យ​អាមេរិក ដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាជំពាក់ ជិត ៧០០លានដុល្លារ

1 អាទិត្យ មុន
  • Phnom Penh

ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើដល់​រដ្ឋាភិបាល​អាមេរិករបស់​លោក ចូ បៃដិន សូម​ពិចារណា…

ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើដល់​រដ្ឋាភិបាល​អាមេរិករបស់​លោក ចូ បៃដិន សូម​ពិចារណា និងដោះស្រាយបញ្ហាបំណុល ដែលកម្ពុជា ជំពាក់​ក្នុងសរបបលន់​នល់​ សរុបទាំងការ ទាំងដើម ជិត ៧០០លានដុល្លារ​អាមេរិក​។

សម្តេចតេជោ​ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងជំនួប​ពិភាក្សាការងារ ដែលសម្តេច បានអនុញ្ញាត​ឲ្យលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេសអាមេរិក ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១​។​​

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បាន ប្រាប់ក្រុមអ្នកកាសែត​​​ថា សម្តេច​តេជោ ហ៊ុន សែន បានស្នើទៅលោកស្រី​អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ស្នើ​ឱ្យរដ្ឋាភិបាលអាមេរិក ពិចារណា និងដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងរបបសាធារណរដ្ឋ​ លន់ នល់​ សរុប​ទាំងការ និងទាំង​ដើម ជិត ៧០០លានដុល្លារអាមេរិក។​

ឯកឧត្តម អ៊ាង សុផល្លែត បន្តថា សម្តេចតេជោ បានស្នើយន្តការដោះស្រាយលើបំណុលនេះចំនួន ៣ លក្ខខណ្ឌ រួមមាន៖ ១-អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ​ ២-សងតាមកម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និងទី៣-បង្វែរបំណុលជាង ៧០ភាគរយ ទៅ​ជាជំនួយអភិវឌ្ឍន៍​នៅកម្ពុជា លើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានបន្ថែមថា តបតាមសំណើនេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យា យកសំណើទៅជូនលោក ចូ បៃដិន ពិនិត្យ និងដោះស្រាយ​។

ឯកសារ បង្ហាញថា បំណុលដែលរបបសាធារណរដ្ឋ លន់នល់ ជំពាក់អាមេរិក ភាគច្រើន​យកមកបម្រើលើវិស័យយោធា និងការធ្វើសង្គ្រាម។ រដ្ឋាភិបាលសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ បានជំពាក់បំណុល​អាមេរិក ​ប្រមាណ ២៧៤​លានដុល្លារ។ តែ​មក​​ដល់​​​​បច្ចុប្បន្ន​ ​បំណុល​នេះ បានឡើងដល់ជិត ៧០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបំណុលអាមេរិក​នេះ ជាបំណុលកខ្វក់ ប្រៀបដូចជាការយកញញួរ មកដំលើក្បាលប្រជាពលរដ្ឋកម្ពុជា ហើយវាយក្បាល​យើង​ឲ្យបែកហើយ ឲ្យយើងជូតឈាមយើងចេញពីញញួរនោះទៀត​។

សូមរម្លឹកថា ជំនួប​រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែមិថុនានេះ​ មានរយៈពេលប្រមាណជា ២ម៉ោង។ ក្រៅពីបញ្ហាបំណុល សម្តេចតេជោ និងលោកស្រី Wendy Sherman ក៏បានពិភាក្សាលើការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រវាង​កម្ពុជា និងអាមេរិក។​

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា លោកជំទាវ Wendy R. Sherma បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ មកកាន់កម្ពុជានៅ ពេលនេះ គឺដើម្បីនាំយកលិខិតរបស់ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គោរពជូនសម្តេចតេជោ ដោយផ្ទាល់។ លោកជំទាវ បានបន្ថែមថា នេះគឺជាបំណងល្អរបស់ឯកឧត្តមប្រធានាធិបតី ចូ បៃដិន ដោយធ្វើយ៉ាងណា ឱ្យអ្វីៗ មានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវ Wendy R. Sherman បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក លើវិស័យជាច្រើន ជាពិសេសលើវិស័យរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ក៏ដូចជា ការអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចតនៅកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើកប៉ាល់ ដោយប្រទេសដទៃទៀត មិនអនុញ្ញាតឲ្យចូល ដោយសារបញ្ហាជំងឺកូវីដ-19។

លើសពីនោះទៅទៀត លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរ ចំពោះឱកាសនៃសហប្រតិបត្តិការប្រទេសទាំង២ រួមមាន ទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការរបស់កម្ពុជាលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃដទៃទៀតជាច្រើន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះអ្វីដែលលោកជំទាវ បានលើកឡើង និអ្វី ដែលសហរដ្ឋអាមេរិក បានចូលរួមចំណែកជួយដល់កម្ពុ ជារួមមាន៖ ការចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ការរួមចំណែកអភិវឌ្ឍន៍កម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិក ជួយកម្ពុជា ដោយផ្ទាល់ និងដោយប្រយោលតាមរយៈអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអបអរសាទរជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋ អាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ-19 បានជោគជ័យ ដែលឆ្លុះបញ្ចាំងតាមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានការ ថយចុះនៃការរីករាលដាលឆ្លងជំងឺ កូវីដ-19 នៅសហរដ្ឋអាមេរិក គួរជាទីកត់សម្គាល់។

លើសពីនោះទៀត សម្ដេច ក៏ស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវនៅកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជា ត្រឡប់មកពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ។

ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវ បានសន្យាថា អ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ នឹងលើកទៅជូនឯកឧត្តម​ប្រធានាធិបតី ចូ បៃដិន ផងដែរ៕

Picture
Picture
Picture
Picture
Picture
Picture
Picture