ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ផ្គត់ផ្គង់​ត្រី​សាល​ម៉ុ​ន​បឹង​សាឡា​ង​ចេញ​សែក​ស្អុយ​ជិត​៣០​ម៉ឺន​ដុល្លារ​ត្រូវ​ចៅក្រម​សម្រេច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ថៅកែ​ផ្គត់ផ្គង់​ទិញ​-​លក់​ត្រី​ធូ​ណា និង​ត្រី​សាល​ម៉ុ​ន បឹង​សាឡា​ង

រាជធានី​ភ្នំពេញ ៖ លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ថៅកែ​ផ្គត់ផ្គង់​ទិញ​-​លក់​ត្រី​ធូ​ណា និង​ត្រី​សាល​ម៉ុ​ន បឹង​សាឡា​ង ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

តាម​ដីកា​សម្រេច​បាន​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ បទ​ល្មើ​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ អ៊ុ​ន សុង ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ មុខរបរ​ជា​ថៅកែ​ផ្គត់​ផ្គត់​ទិញ​- លក់​ត្រី​ធូ​ណា និង​ត្រី​សាល​ម៉ុ​ន ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ៥៩AZ ផ្លូវ​លេខ​២៤៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី​.​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​រូបភាព​ចេញ​មូល​ប្ប​ទា​ប័ត (​សែក​ស្អុយ​) អត់​សាច់ប្រាក់​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​តាម​ដីកា​បង្គ​ប់​ឲ្យ​ចាប់ខ្លួន​របស់​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ សមត្ថកិច្ច​បាន​បំពេញបែបបទ​តាម​នីតិវិធី និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ដើម្បី​ដោះស្រាយ​លើ​បំណុល​របស់​ជន​រង​គ្រោះ ។

ដើមចម​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​ផ្តើម​ឡើង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ប្រាក់ បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ អ៊ុ​ន សុង និង​ឈ្មោះ ភឿន ចាន់​ថន ដែល​មានគំនិត​ទុច្ចរិត​ឃុបឃិត​គ្នា​ឆបោក​ប្រាក់​ប្រមាណ ២៨៨.៩៧០ ដុល្លារ​អា​មេ​រិ​ក ។

តាម​ពាក្យបណ្តឹង​បញ្ជាក់​ថា កាលពី​កាលពី​អំឡុង​ថ្ងៃខែ​មិន​ចាំ ឈ្មោះ អ៊ុ​ន សុង និង​ប្រពន្ធ​ឈ្មោះ ភឿន ចាន់​ថន បាន​ខ្ចីប្រាក់​ពី​ជន​​រង​គ្រោះជា​បន្តបន្ទាប់​ប្រមាណ ៦៥៩.១០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ប្រើប្រាស់ និង​ប្រកប​មុខ​ជំនួញ​ផ្ទាល់ខ្លួន ។ ក្រោយមក​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​បាន​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ជា​បណ្តើរ​ៗ​វិញ នៅ​សល់​តែ ២៨៨.៩៧០ ដុល្លារ​ប៉ុណ្ណោះ​ទេ ដោយ​គូភាគី​បាន​ព្រមព្រៀង​គ្នា និង​ធ្វើ​កិច្ចសន្យា​ថ្មី​មួយទៀត ទទួលស្គាល់​បំណុល និង​យល់ព្រម​សង​ប្រាក់​ដែល​បាន​កំណត់​ចុង​ក្រោយ​នេះ និង​ដើម្បី​ឲ្យ​មានការ​ធានា​ទូទាត់​លើ​ប្រាក់​កម្ចី​នោះ គូភាគី​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ចេញ​មូល​ប្ប​ទាន​ប័ត​ចំនួន​៣​សន្លឹក ឲ្យ​ទៅ​ដើមបណ្តឹង​ជា​ការ​ជឿ​ទុកចិត្ត ។

តាម​ពាក្យបណ្តឹង​បញ្ជាក់​បន្ត​ថា លុះដល់​ថ្ងៃ​កំណត់ ដើមបណ្តឹង​បាន​ទៅ​បើកប្រាក់​នៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​ថា មូល​ប្ប​ទាន​ប័ត​ទាំង​៣​សន្លឹក​នោះ​អត់​មាន​សាច់ប្រាក់​ទេ មិនតែប៉ុណ្ណោះ​កុង​របស់​ឈ្មោះ អ៊ុ​ន សុង និង​ឈ្មោះ ភឿន ចាន់​ថន ត្រូវ​បាន​បិទ​ទៀត (​ពោល​គឺ​សែក​ស្អុយ​តែ​ម្តង​) ។

តាម​ពាក្យបណ្តឹង​បញ្ជាក់​បន្ត​ទៀត​ថា បន្ទាប់​ពី​ធនាគារ​ឆ្លើយ​ដូច្នេះ ជន​រង​គ្រោះ​បាន​រក​ការ​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ អ៊ុ​ន សុង និង​ប្រពន្ធ ដើម្បី​ឲ្យ​មក​ទូទាត់​ប្រាក់​បំណុល​នោះ តែ​ជនសង្ស័យ​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ថែម​ទាំង​គេចវេស​មិន​ព្រម​ជួប​ដើមបណ្តឹង​ទៀត​ផង ដោយ​ឃើញ​ទ​ង្វើ​បែប​នេះ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ងាក​មក​រក​ផ្លូវច្បាប់​ឲ្យ​ជួយ​ដោះស្រាយ​វិញ ។

អង្គហេតុ​ដូច​តាម​ពាក្យបណ្តឹង​រៀបរាប់​ខាងលើ ត្រូវ​បាន​តុលាការ​ចាត់ការ​តាម​នីតិវិធី រហូត​ដល់​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន និង​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​បុរស​ជា​ប្តី​ថៅកែ​ផ្គត់ផ្គង់​ត្រី​ធូ​ណា និង​ត្រី​សាល​ម៉ុ​ន បឹង​សាឡា​ង ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ