រាជធានីភ្នំពេញ ៖ តាមរយៈតួលេខដែលរកឃើញមួយថ្ងៃៗ ក្រសួងសុខាភិបាលបានបញ្ជាក់ចំនួនអ្នកជំងឺកូវីដ១៩ នៅតែច្រើន ជាក់ស្តែងនៅថ្ងៃទី១ ខែមិនថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦១៦នាក់ ខណៈព្យាបាលជាសះស្បើយចំនួន៧៥៣នាក់។
បើតាមក្រសួងបានបញ្ជាក់ថា យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន៦១៦នាក់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥៨៥នាក់ និងករណីនាំចូល៣១នាក់ និងមានជាសះស្បើយចំនួន៧៥៣នាក់។

ក្រសួងបន្តថា ដូច្នេះចំនួនករណីជំងឺកូវីដ១៩ នៅទូទាំងប្រទេស សរុបកើនឡើង៣០៧១០នាក់ និងចំនួនជាសះស្បើយសរុបកើន ២៣៣៨៩នាក់ និងស្លា.ប់ថ្មី៦នាក់ សរុបអ្នកស្លា.ប់ចំនួន២២០នាក់ ។
ក្រសួងបន្ថែមថា ជំងឺកូវីដ១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាតត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង ព្រមទាំងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។

ក្រសួងថា យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី២៧ មករា ២០២០ ៕
ចែករំលែកព័តមាននេះ