ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៣នាក់បន្ថែមទៀត និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ ដូចមានរាយនាមខាងក្រោម ៖
១- ឈ្មោះ ឆប កឹង ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ បានធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ដៀវ យួម ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិព្រលិត ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ លេន សុអូន ភេទប្រុស អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
គួរបញ្ជាក់ថា ករណីទី១ និងទី២ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ ពេលដែលបានមកដល់ខេត្តសៀមរាប។ ចំពោះករណីទី៣វិញ ជាអ្នកមកពិនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩។
រូបភាពតំណាងជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានឈ្មោះ លាង ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ អាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២១នាក់ បានព្យាបាលជាសះស្បើយចំនួន៦៧នាក់ ស្លា.ប់២នាក់ និង៥៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយបប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ចែករំលែកព័តមាននេះ