រាជធានីភ្នំពេញ ៖ ជំងឺកូវីដ-១៩ បានធ្វើឱ្យផលិតផលសរុបក្នុងស្រុកនៅក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ៣,០% ក្នុងនោះការនាំចេញបានធ្លាក់ចុះប្រមាណ -១,១% ឱនភាពថវិកាកើនឡើងដល់ ៩,២៥% ។ នេះបើតាមការបញ្ជាក់ពីលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ដើម្បីស្តារសេដ្ឋកិច្ច ដោយផ្អែកលើសសរស្តម្ភចំនួន ០៣ ទី ១ ការរស់ឡើងវិញ និងរស់រានមានជីវិត គឺរដ្ឋាភិបាលគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាឱ្យបាននូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជន ព្រមទាំងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឡើងវិញ ។ ចំណែកកំណែទម្រង់ទី ៣ មន្ត្រីពន្យល់ថា ប្រែក្លាយវិបត្តិទៅជាឱកាសដោយបង្កើនការធ្វើពិពិធកម្ម និងបង្កើនភាព ប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេសតាមរយៈការធ្វើឌីជីថលនីយកម្ម ។

ចំណុចទី ៣ លោក វង្សី វិស្សុត ថាកម្ពុជាពង្រឹងភាពធន់តាមរយៈការពង្រឹង និងត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធនធានមនុស្ស រួមទាំង ប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត ។
លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា មូលដ្ឋានសម្រាប់ការរៀបចំគម្រោងអនាគត និងកិច្ចសហការគោលនយោបាយ ត្រូវរៀបចំឡើងជាលក្ខណៈយុទ្ធសាស្ត្រដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានភាពរឹងមាំ និងមានភាពធន់ ដែលជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ។ ក្នុងន័យនេះ កម្ពុជាត្រូវការលើកជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងពង្រីកមូលដ្ឋានកំណើន ដោយមិនអាចកាត់ផ្តាច់ពីការបង្កើនសហគ្រិនភាព និងនវានុវត្តន៍បន្ថែមទៀត ទាំងក្នុងវិស័យសាធារណៈ និងឯកជនតាមរយៈការបង្កើន បច្ចេកវិទ្យាឌីជីថល នៅក្នុងបណ្តាញផលិតកម្ម និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកសម្រាប់សហ- គ្រាសខ្នាតតូច និងមធ្យម ។ សមាសធាតុទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រៀបចំគម្រោងអនាគតរបស់យើង ដោយប្រើប្រាស់ធនធានមានកំណត់របស់យើងប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ។

គួរជម្រាបថា ការលើកឡើងពីយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញរបស់លោក វង្សី វិស្សុត ដូចខាងលើនេះ បានធ្វើងឡើងនៅក្នុងជំនួបពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍របស់កម្ពុជាដ៍សំខាន់មួយ គឺប្រទេសបារំា ដែលមានតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងលោកស្រី Eva NGYEN BINH ឯកអគ្គរដ្ឋទូត នៃសាធារណបារាំងប្រចាំកម្ពុជាតាមរយៈ Video Conference ។ នៅក្នុងកិច្ចប្រជុំនោះ បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ ។
ចំណែកមន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា «សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញនៅឆ្នាំ ២០២១ ប៉ុន្តែការងើបឡើងនេះនៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់នៅឡើយ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មានកម្រិតនៃផលប៉ះពាល់នៅតែខ្ពស់ និងមានជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំងមិនអាចសម្រេចបានឆាប់រហ័ស» ៕
ចែករំលែកព័តមាននេះ