ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរៀបចំឥណទានឡើងវិញមានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងវិបត្តដែលបង្កឡើងដោយជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនដែលជាជន្ទល់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យធនាគារ និងហិរញ្ញវត្ថុក៏ទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺនេះផងដែរ ។ ដើម្បីសម្រាលបន្ទុកដល់ប្រជាពលរដ្ឋកូនបំណុលរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ…

រាជធានីភ្នំពេញ ៖ នៅក្នុងវិបត្តដែលបង្កឡើងដោយជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនដែលជាជន្ទល់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យធនាគារ និងហិរញ្ញវត្ថុក៏ទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺនេះផងដែរ ។ ដើម្បីសម្រាលបន្ទុកដល់ប្រជាពលរដ្ឋកូនបំណុលរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនក្នុងនោះ ការរៀបចំឥណទានឡើងវិញក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រនេះផងដែរដែលនឹងជំរុញស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ។

       បើតាមលោក ហេង គយ ប្រធានកិច្ចការទូទៅនៃសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា ការរៀបចំឥណទានឡើងវិញជាមធ្យោបាយដ៏ត្រឹមត្រូវ ដើម្បីធានាឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងអាចសម្រួលបន្ទុកដល់ពលរដ្ឋផងដែរ ។ រហូតមកដល់ដំណាច់ខែមេសា ឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញមានរហូតដល់ជាង ៣០ មុឺនគណនី និងមានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក ។

       លោកបន្តថា ការរៀបចំឥណទានឡើងវិញនេះ គឺផ្ដោតទៅលើអតិថិជនដែលមានផលប៉ះពាល់ ដោយមិនសំដៅទៅលើឥណទានជានីតិបុគ្គល ឬឥណទានជាលក្ខណៈឯកជនឡើយ  ។ តែបើតាមការិយាល័យឥណទានកម្ពុជា អ្នកដែលស្នើសុំធ្វើឥណទានឡើងវិញភាគច្រើនជាឥណទានរបស់ក្រុមហ៊ុន ឬនីតិបុគ្គល ។ លោកបន្តថា ៖ «គោលការណ៍នៃការរៀបចំឥណទានឡើងវិញ គឺមានភាពបត់បែន ហើយធនាគារជាតិនៃកម្ពុជា ក៏ផ្ដល់ភាពបត់បែននេះទៅតាមតម្រូវការរបស់អតិថិជន បូករួមជាមួយនឹងការបត់បែននៃគ្រឹះស្ថាន ដោយអតិថិនខ្លះស្នើសុំរៀបចំឡើងវិញ ៣ ខែខ្លះ មានរហូតដល់ ៦ ខែ ដូច្នេះពេលវេលានៃការផ្ដល់ជូនអតិថិជន គឺអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់អតិថិជន និងភាពបត់បែនរបស់គ្រឹះស្ថានផងដែរ» ។

       លោកបន្ថែមថា ការផ្ដល់ការរៀបចំឥណទានឡើងវិញនេះ គឺជាការគិតគូរមួយរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជារដ្ឋាភិបាលទាំងមូលផងដែរ ព្រោះដូចយើងបានឃើញស្រាប់ហើយថា នៅពេលមានបញ្ហាដោយសារតែកូវីដ ១៩ ជាពិសេសក្នុងអំឡុងនៃការបិទខ្ទប់ដោយសារតែការរីករាលដាលខ្លាំងកាលពីខែមេសា ប្រជាពលរដ្ឋបានបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់ និងមានខ្លះទៀតក៏ត្រូវរងគ្រោះ ដោយសារតែការឆ្លងមេរោគ និងខ្លះតម្រូវធ្វើចត្តាឡីស័ក ដែលមិនអាចចេញទៅប្រកបរបរសកស៊ីបាន ។

       លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការផ្ដល់ឥណទានឡើងវិញ គឺការសម្រាលបន្ទុកមួយដល់កូនបំណុល ជាក់ស្ដែងពីមុនគាត់ធ្លាប់បង់សងត្រឡប់ទៅគ្រឹះស្ថានម្ចាស់បំណុលវិញក្នុងមួយខែ ២០០ ដុល្លារអាមេរិក ដូច្នេះក្រោយពេលធ្វើឥណទានឡើងវិញគាត់អាចបង់ត្រលប់ត្រឹម ២០ ដុល្លារ ឬ ៣០ ដុល្លារ តាមការស្នើសុំ និងពិនិត្យជាក់ស្ដែងរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ។  ការធ្វើបែបនេះ គឺវាអាចជួយឱ្យពលរដ្ឋមានលទ្ធភាពបង់សងត្រឡប់ផង ហើយធនាគារក៏នៅតែបន្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំថ្ងៃផងដែរ ។

       គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញនូវសេចក្ដីប្រកាសជាបន្តបន្ទាប់ ជូនចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយសារតែកូវីដ ១៩ ដោយពន្យារពេលការបង់ក្នុងរយៈពេលណាមួយបើសិនជាអតិថិជនមានជាប់ពាក់ពន្ធឆ្លងកូវីដ ១៩ ឬអតិថិជនដែលតម្រូវជាប់ធ្វើចត្តាឡីស័ក និងបានផ្ដល់ការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលប៉ះពាល់ពីវិបត្តិនេះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ