ហេតុ​អ្វី​កូ​វី​ដ ១៩ ធ្វើ​ឱ្យ​យើង «​ស្ត្រេ​ស​» ហើយ​ត្រូវ​ដោះស្រាយ​តាម​វិធី​ណា ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​កូ​វី​ដ ១៩ ធ្វើ​ឱ្យ​យើង «​ស្ត្រេ​ស​» ហើយ​ត្រូវ​ដោះស្រាយ​តាម​វិធី​ណា ?

2 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ ១៩ ធ្វើ​ឱ្យ​មនុស្ស​ទូ​ទាំង​សកលលោក​មានការ​ខ្លាចរអា​យ៉ាង​ខ្លាំង ដោយសារ​ការ​រាតត្បាត​នឹង​ការ​ចំលង​យ៉ាង​លឿន និង​ឈាន​ដល់​ការ​ឆក់​យក​ជីវិត​របស់​មនុស្ស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​បាន​បង្ក​ជា​ការ​រំខាន​ដល់​ការ​ប្រកប​របរ ការងារ​ប្រចាំ​ថ្ងៃ ការ​ធ្វើ​អជីវ​កម្ម​ផ្សេង​ៗ​មានការ​ថយ​ចុះ…

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ ១៩ ធ្វើ​ឱ្យ​មនុស្ស​ទូ​ទាំង​សកលលោក​មានការ​ខ្លាចរអា​យ៉ាង​ខ្លាំង ដោយសារ​ការ​រាតត្បាត​នឹង​ការ​ចំលង​យ៉ាង​លឿន និង​ឈាន​ដល់​ការ​ឆក់​យក​ជីវិត​របស់​មនុស្ស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​បាន​បង្ក​ជា​ការ​រំខាន​ដល់​ការ​ប្រកប​របរ ការងារ​ប្រចាំ​ថ្ងៃ ការ​ធ្វើ​អជីវ​កម្ម​ផ្សេង​ៗ​មានការ​ថយ​ចុះ ការ​បាត់បង់​ចំណូល ការ​ឃ្លាតឆ្ងាយ និង​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ការ​ផ្លាស់​ប្តូរ​របៀបរបប​នៃ​ការ​រស់នៅ នឹង​កត្តា​ជា​ច្រើន​ទៀត បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​សម្រប​ខ្លួន​ទៅ​និង​ស្ថានភាព​តានតឹង​នេះ​បាន​ភ្លាម​ៗ ក៏​កើតជា​ការ​បារម្ភ តានតឹង​ក្នុង​ចិត្ត នឹង​ភិតភ័យ​ជាដើម ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួក​គាត់​មាន​បញ្ហា​ផ្លូវចិត្ត ។ នេះ​ជា​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ស៊ុ​យ សុ​វ​ឌ្ឍ​នា ឯកទេស​ខាង​ផ្នែក​ចិត្ត​វិទ្យា នៅ​កម្មវិធី «​ទៅ​ពេទ្យ​» ដែល​ជា​កម្មវិធី​សម្រាប់​ការ​ណាត់ជួប​គ្រូពេទ្យ​តាម​អន​ឡាញ ។

Picture

លោកស្រី​វេជ្ជបណ្ឌិត បាន​និយាយ​ទៀត​ថា មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ក៏​ដូ​ជា​នៅ​កម្ពុជា​ដែរ​មាន​ភាព​តានតឹង​ផ្លូវ​អារម្មណ៍ ឬ​ស្ត្រេ​ស​ដោយសារ​តែ​កួ​វី​ដ ១៩ ដ៏​គួរ​អោ​ភ័យ​ខ្លាច​មួយ​នេះ ។ ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​មាន​រោគ​សញ្ញា​ស្ត្រេ​ស​កាន់តែ​ច្រើន នៅ​ក្នុង​ពេល​ដែល​មាន​វិបត្តិ​កូ​វី​ដ ១៩ នេះ ផង​ដែរ ។

១. តើ​ស្ត្រេ​ស​ដោយសារ​កូ​វី​ដ ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​យើង​យ៉ាងដូចម្តេច ?

លោកស្រី​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា «​វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ ដែល​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា មនុស្ស​ពេញវ័យ​ជាង ៤ នាក់ ក្នុង​ចំណោម ៥ នាក់ កំពុង​បង្ហាញ​ឱ្យ​ឃើញ​នូវ​សញ្ញា​នៃ​ភាព​តានតឹង​ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ក្នុង​ប្រទេស​» ។ «​ការ​ភ្ជាប់​ទំនាក់ទំនង​សង្គម គឺជា​អ្វី​ដែល​មនុស្ស​ត្រូវការ តែ​ពេល​មាន​ជំងឺ​នេះ​កើតឡើង ការ​រក្សា​គម្លាត និង​ការ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្នា​ក៏​ត្រូវ​បាន​អនុវត្តន៍​។ វា​បណ្តាល​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​យើង ។ វា​អាច​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ និង​សុខុមាលភាព​ផ្លូវចិត្ត​» ។

វេជ្ជបណ្ឌិត ស៊ុ​យ សុ​វ​ឌ្ឍ​នា បន្ថែម​ថា ៖ ស្ត្រេ​ស​រ៉ាំរ៉ៃ ធ្វើ​ឱ្យ​មាន​បម្រែបម្រួល អ​ម៉ូ​ន បម្រែបម្រួល​សារធាតុ​គីមី​នៃ​ប្រព័ន្ធ​ប្រសាទ នឹង​បម្រែបម្រួល​ហេ​ដ្ធា​រចនា​សម្ព័​ន​របស់​ខួរក្បាល បង្ក​ឱ្យ​មានការ​ប្រែប្រួល​ដល់​អារម្មណ៍ អាកប្បកិរិយា ការ​គិត នឹង​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ ដោយ​ស្ត្រេ​ស​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​ភាពស៊ាំ នៃ​រាង​កាយ​ចុះ​ខ្សោយ ដូច​ច្នេះ​មនុស្ស​គ្រប់​រូប​នឹង​ងាយ​ទ​ទូល​រង​នូវ​បញ្ហា​សុខភាព​រាង​កាយ​ជំងឺ​ផ្សេង​ៗ​មក​យាយី​ផង​ដែរ ។ ហើយ​វា​ក៏​ធ្វើ​ឱ្យ​អ្នក​ដែល​កំពុង​តែ​មាន​បញ្ហា​ជំងឺ​រាង​កាយ​មួយ​ចំនួន​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀយ​ផង ។ ស្ត្រេ​ស អាច​បណ្តាល​ឱ្យ​ឆាប់​ខឹង និង​ធ្វើ​ឱ្យ​មានការ​ថប់​បារម្ភ និង​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ឡើង ។

Picture

២. តើ​យើង​គ្រប់គ្រង​ស្ត្រេ​ស​ដោយសារ​កូ​វី​ដ ១៩ ដូច​ម្តេច ?

វា​ល្អ​បំផុត​ក្នុង​ការ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ថែទាំ​ខ្លួនឯង​ជា​មូលដ្ឋាន ដែល​រួម​មាន​ទម្លាប់​នៃ​ការ​ញ៉ាំ និង​ការ​គេង​ឱ្យ​បាន​ទៀងទាត់ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ ដើម្បី​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង និង​ការពារ​សុខភាព​រាង​កាយ​របស់​យើង ។ អ្នក​អាច​បន្ធូរ​ស្ត្រេ​ស​ក្នុង​សម័យ​កូ​វី​ដ​នេះ ដោយ​ការ​តាំងសមាធិ អាន​សៀវភៅ​ដែល​ចូល​ចិត្ត មើល​កម្មវិធី​ទូរទស្សន៍ ស្តាប់ភ្លេង និយាយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​តាម​បណ្តាញ​សង្គម ដែល​ទាំងនេះ​ហើយ​សុទ្ធតែ​អាច​ប្រឆាំង​នឹង​ស្ត្រេ​ស​ដែល​លោក​អ្នក​កំពុង​មាន ។

លោកស្រី​វេ្ជ​បណ្ឌិត​បាន​ពន្យល់​ទៀត​ថា ប៉ុន្តែ​គេ​មិន​ត្រូវ​មើល​ព័ត៌មាន​អវិជ្ជមាន​ច្រើន​ពេក​ទេ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​កាន់តែ​ស្ត្រេ​ស និង​មាន​អារម្មណ៍មិនល្អ ។ ការ​អនុវត្ត​នូវ​វិធានការ ៣ ការពារ និង ៣ កុំ ព្រមទាំង​ចាក់​វ៉ាក់សាំង​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ ១៩ ។ ដូច្នេះ​វា​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​យើង​មិនសូវ​ភ័យ​ខ្លាច និង​តានតឹង​អារម្មណ៍​ចំពោះ​កូ​វី​ដ ១៩ ផង​ដែរ ។ ពេល​ដែល​យើង​យល់​ថា យើង​បានការ​ពារ​ខ្លួន​ពេល​ញ​លេញ​ហើយ វា​ធ្វើ​ឱ្យ​យើង​មាន​ជំនឿ​ចិត្ត​ថា កូ​វី​ដ ១៩ នឹង​មិន​ងាយ​មក​ឆ្លង​យើង​បាន​ឡើយ ។

៣. តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​គ្រប់គ្រង​បញ្ហា​ស្ត្រេ​ស​ពេល​កូ​វី​ដ​យ៉ាងដូចម្តេច ?

ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ការ​មាន​ផ្ទៃពោះ គឺ​ធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​រីករាយ​ផង និង​ព្រួយបារម្ភ​ផង ។ ជា​ពិសេស​កំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​រយៈពេល​យូរ​កូ​វី​ដ ១៩ នេះ អ្នក​ម្តាយ​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ​ទាំងអស់​អាច​នឹង​មាន​អារម្មណ៍​គិត​ច្រើន ធុញថប់ និង ព្រួយបារម្ភ​ពី​កូន​នៅ​ក្នុង​ផ្ទៃ​ពេល​សម្រាល និង​នៅ​ពេល​កូន​ប្រសូត​ចេញ​មក ។ សម្រាប់​មនុស្ស​ជា​ច្រើន រឿង​ដែល​ពិបាក​បំផុត​នៅ​ពេល​មានការ​រាតត្បាត​ពី​កូ​វី​ដ គឺ​ដោយសារ​តែ​ពួក​គេ​ត្រូវ​នៅ​ដាច់​ពី​គ្រួសារ និង​មនុស្ស​ជុំវិញ​ខ្លួន ។ ជា​ការ​ពិត ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ តែ​វា គឺជា​អ្វី​ដែល​ពិបាក​សម្រាប់​អ្នកមាន​ផ្ទៃពោះ ដែល​ត្រូវការ​ការ​លើកទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន ។

Picture

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ថែរក្សា​សុខភាព​ផ្លូវចិត្ត​របស់​ខ្លួន នៅ​ពេល​រដូវ​កាល​កូ​វី​ដ ដោយ​អនុវត្ត​វិធី​ដូច​ជា ៖

-​ស្រឡាញ់​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ៗ ។
-​ថែរក្សា​សុខភាព​រាង​កាយ​របស់​អ្នក ។ ធ្វើ​លំ​ហាត់ប្រាណ ញ៉ាំ​អាហារ​សុខភាព ផឹកទឹក​ឱ្យ​បាន​ច្រើន និង​ផ្តល់​អាទិភាព​ដល់​ការ​គេង ។ ទទួលទាន​ទឹក​ច្រើន ដើម្បី​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ ហើយ​ត្រូវ​ជ្រើសរើស​យក​ប្រភព​ទឹក​ដែល​មានគុណ​ភាពល្អ និង​សម​ស្រប​សម្រាប់​សុខភាព ។
-​នៅផ្ទះ ប៉ុន្តែ​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អ្នក​ដទៃ ។ អ្នក​អាច​ហៅ​ទូរស័ព្ទ ផ្ញើ​សារ ឬ Video Call ជាមួយនឹង​មិត្តភក្តិ និង​ក្រុម​គ្រួសារ ។
-​ចង​ចាំ​ចំណុចខ្លាំង​របស់​អ្នក ។ គិត​អំពី​ពេល​ដែល​រឿងរ៉ាវ​លំបាក​កាលពី​អតីតកាល​និង​ជំហាន​វិជ្ជមាន ដែល​អ្នក​បាន​ធ្វើ ដើម្បី​ឆ្លងកាត់​វា​ដោយ​ជោគជ័យ ។
-​ដឹង​ថា វា​ជា​រឿង​ធម្មតា​ទេ ដែល​មានការ​ថប់​បារម្ភ និង​ព្រួយបារម្ភ​ក្នុង​ពេល​ដូចនេះ ។ អ្នក​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ទេ ដែល​មាន​អារម្មណ៍​បែប​នេះ ។
-​ផ្តោត​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន ដូច​ជា​អ្វី​ដែល​អ្នក​បាន​អាន និង​មើល​ពី​ដំណឹង​កូ​វី​ដ ។ ទទួលយក​ព័ត៌មាន​ដោយ​គិតពិចារណា ហើយ​កុំ​ភ័យ​ខ្លាំង​ពេក ។ ការ​តាំងចិត្ត​ការពារ គឺជា​ការ​ប្រសើរ ។
-​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឆ្មប ឬ វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត​របស់​អ្នក ។

កំណត់សម្គាល់ ៖ អ្នក​អាច​ទាញ​យក​កម្មវិធី Tovpet ដើម្បី​ពិគ្រោះ និង​ព្យ​បាល​ជំងឺ​កូ​វី​ដ ១៩ ជាមួយ​គ្រូពេទ្យ​ជំនាញ ដោយ​មិនបាច់​ទៅ​កាន់​មន្ទីរពេទ្យ តាម​រយ​: Link ខាងក្រោម​នេះ​ដោយ​ឥត​គិតថ្លៃ ៖

-App Store: https://apple.co/3vcDKG1

-Play Store: https://bit.ly/3tJGJpa

-Register here: https://tovpet.com/register

ទៅ​ពេទ្យ (Tovpet) ជា​កម្មវិធី ពិនិត្យ និង​ព្យាបាល​ជំងឺ​តាម អន​ឡាញ ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕