ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺលើសឈាម ៖ ចំណុចសំខាន់ៗដែលពលរដ្ឋខ្មែរត្រូវយល់ដឹង !

2 ឆ្នាំ មុន

ដោយ ៖ វេជ្ជបណ្ឌិត Jason A. Logan I. តើអ្នកដឹងទេ ជំងឺលើសឈាម គឺជាអ្វី…

ដោយ ៖ វេជ្ជបណ្ឌិត Jason A. Logan

I. តើអ្នកដឹងទេ ជំងឺលើសឈាម គឺជាអ្វី ?

សម្ពាធឈាមខ្ពស់ ឬលើសឈាម (ពាក្យសាមញ្ញ) កើតឡើងនៅពេលសម្ពាធឈាម កើនឡើងដល់កម្រិតមួយដែលមិនល្អសម្រាប់សុខភាព ។ នេះជាការពន្យល់របស់លោក វេជ្ជបណ្ឌិត Jason A. Logan នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះ និងព្យាបាលជំងឺអនឡាញ ។ លោកវេជ្ជបណ្ធិត Jason A. Logan ដែលធ្វើការនៅ គ្លីនិក Singapore Medical Center ( Cambodia) Education ផងដែរនោះ បានពន្យល់ថា សរសៃឈាមតូចចង្អៀត (ស្ទះខ្លាញ់ជាដើម) គឺធ្វើឱ្យឈាមកើនសម្ពាធនៅពេលដែលវាហូរ ។ សរសៃឈាមរបស់អ្នកកាន់តែតូច សម្ពាធឈាមកាន់តែខ្ពស់ ។ ដើម្បីឱ្យស្រួលយល់ គឺអ្នកអាចមើលទុយោទឹកបាន ។ ពេលវាកាន់តែមានមុខតូច ទឹកបាញ់កាន់តែខ្លាំង និងឆ្ងាយជាងមុខធំ ។

ជំងឺលើសឈាម គឺជាជំងឺដែលកើតមានច្រើនក្នុងចំណោមប្រជាជនកម្ពុជាក៏ដូចជានៅលើពិភពលោក ។ ជំងឺលើសឈាម ចំណាយពេលជាច្រើនឆ្នាំក្នុងវិវត្តន៍ទៅមុខ ។ គេហៅវាថាជាឃាតករស្ងាត់ស្ងៀម ។ ជាធម្មតាអ្នកមិនកត់សម្គាល់រោគសញ្ញាអ្វីឡើយ ។ ប៉ុន្តែទោះបីជាគ្មានរោគសញ្ញាក៏ដោយ សម្ពាធឈាមខ្ពស់អាចបណ្តាលឱ្យខូចខាតដល់សសៃឈាម និងសរីរាង្គរបស់អ្នក ជាពិសេសខួរក្បាល បេះដូង ភ្នែក និងតម្រងនោម ។

ការរកឃើញជំងឺនេះមុនពេលចេញរោគសញ្ញា គឺមានសារៈសំខាន់ ។ ការវាស់សម្ពាធឈាមទៀងទាត់ អាចជួយអ្នក និងគ្រូពេទ្យឱ្យកត់សម្គាល់ពីការផ្លាស់ប្តូរណាមួយក្នុងខ្លួនអ្នក ។ ប្រសិនបើសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ គ្រូពេទ្យប្រហែលជាអោយអ្នកពិនិត្យសម្ពាធឈាមរបស់អ្នកក្នុងរយៈពេលពីរបីសប្តាហ៍ជាប់គ្នា ដើម្បីដឹងថា តើការឡើងនេះជាការឡើងជាប់ ឬ មានការថយចុះទៅវិញ ។

ការព្យាបាលជំងឺលើសសម្ពាធឈាម រួមមានទាំងការប្រើថ្នាំតាមវេជ្ជបញ្ជា និងការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ ។ ប្រសិនបើស្ថានភាពនេះមិនត្រូវបានព្យាបាលទាន់ពេលវេលាទេ វាអាចនាំឱ្យមានបញ្ហាសុខភាព ដែលមានរួមទាំងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ។

II. មូលហេតុសំខាន់ៗនាំឱ្យអ្នកលើសឈាម

ជំងឺលើសសម្ពាធឈាមមានពីរប្រភេទ ។ ប្រភេទនីមួយៗមានមូលហេតុខុសគ្នា ។

១.​ ជំងឺលើសសម្ពាធឈាមដោយផ្ទាល់ (Primary Hypertension) ៖ ជំងឺលើសឈាមដោយផ្ទាល់ វិវឌ្ឍទៅតាមពេលវេលាដោយគ្មានមូលហេតុដែលអាចកំណត់បាន (មិនអាចដឹងច្បាស់ថាមកពីអ្វី)​ ។ មនុស្សភាគច្រើនមានជំងឺលើសឈាមប្រភេទនេះ ។ ក្រុមអ្នកស្រាវជ្រាវនៅតែមិនទាន់ច្បាស់ ថាតើយន្តការអ្វីខ្លះដែលធ្វើឱ្យសម្ពាធឈាមកើនឡើងយឺតៗទៅតាមវ័យបែបនេះ ។ ការរួមបញ្ចូលគ្នានៃកត្តាជាច្រើន អាចត្រូវបានគេចាត់ទុកថាជាមូលហេតុ ដែលវារួមមាន ៖

-ហ្សែន ៖ មនុស្សមួយចំនួនមានហ្សែន ដែលងាយនឹងកើតជំងឺលើសសម្ពាធឈាម ។ នេះអាចមកពីការផ្លាស់ប្តូរហ្សែន ឬភាពមិនប្រក្រតីនៃហ្សែន ដែលទទួលបានពីឪពុកម្តាយរបស់អ្នក ។

-ការផ្លាស់ប្តូររូបរាងកាយ ៖ ប្រសិនបើមានអ្វីមួយនៅក្នុងខ្លួនរបស់អ្នកផ្លាស់ប្តូរ អ្នកអាចចាប់ផ្តើមមានបញ្ហាពាសពេញរាងកាយ ។ ជំងឺលើសឈាមអាចជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ ។ ឧទាហរណ៍ គេគិតថា ការផ្លាស់ប្តូរមុខងារតម្រងនោមរបស់អ្នកដោយសារភាពចាស់ជរា អាចធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអំបិលនិងអង្គធាតុរាវ ។ ការផ្លាស់ប្តូរនេះអាចបណ្តាលឱ្យសម្ពាធឈាមក្នុងខ្លួនរបស់អ្នកកើនឡើង ។

-បរិស្ថាន ៖ របៀបរស់នៅមិនល្អដូចជាកង្វះសកម្មភាពរាងកាយ និងរបបអាហារមិនល្អ អាចធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់អ្នក ។ ជម្រើសនៃរបៀបរស់នៅអាចនាំឱ្យមានបញ្ហាលើសទម្ងន់ ។ ការលើសទម្ងន់ ឬធាត់ពេកអាចបង្កើនហានិភ័យនៃជំងឺលើសឈាម ។

២. ជំងឺលើសសម្ពាធឈាមមិនផ្ទាល់ (Secondary Hypertension) ៖ ជំងឺលើសសម្ពាធឈាមប្រភេទនេះ ជារឿយៗកើតឡើងយ៉ាងឆាប់រហ័ស ហើយអាចធ្ងន់ធ្ងរជាងជំងឺលើសសម្ពាធឈាមដោយផ្ទាល់ ។ លក្ខខណ្ឌមួយចំនួនដែលអាចបណ្តាលឱ្យមានជំងឺលើសឈាមប្រភេទនេះរួមមាន ៖

-ជំងឺតម្រងនោម

-ការឧស្សាហ៍ស្ទះដង្ហើមពេលគេង

-ពិការភាពបេះដូងពីកំណើត

-បញ្ហាជាមួយក្រពេញទីរ៉ូអ៊ីត

-ផលប៉ះពាល់នៃថ្នាំ

-ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់

-ការប្រើគ្រឿងស្រវឹង

-បញ្ហាក្រពេញលើតម្រងនោម

-ដុំសាច់មហារីកលើក្រពេញអង់ដូគ្រីនណាមួយ ។

III.  តើរោគសញ្ញាអ្វីខ្លះនាំសង្ស័យថា អ្នកអាចមានជំងឺលើសឈាម ?

ជំងឺលើសឈាមជាទូទៅ គឺជាស្ថានភាពស្ងប់ស្ងាត់ ។ មនុស្សជាច្រើននឹងមិនមាន រោគសញ្ញាអ្វីឡើយ ។ វាអាចចំណាយពេលច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ទៀត ដើម្បីឱ្យអាការនេះឈានដល់កម្រិតធ្ងន់ធ្ងរល្មម ដែលរោគសញ្ញានឹងលេចចេញមក ។ រោគសញ្ញានៃជំងឺលើសឈាមអាចរួមមាន ៖ ឈឺក្បាល ដង្ហើមខ្លី ឈាមច្រមុះ វិលមុខ ឈឺទ្រូង ស្រវាំងភ្នែក និងនោមឈាមជាដើម ។ រោគសញ្ញាទាំងនេះត្រូវការ ការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់ ។ វាមិនកើតឡើងចំពោះមនុស្សគ្រប់រូបដែលមានជំងឺលើសសម្ពាធឈាមនោះទេ ប៉ុន្តែវាជាការល្អសម្រាប់ការព្យាបាលមុនពេលឃើញរោគសញ្ញាទាំងនេះលេចចេញមក ។

IV. តើជំងឺលើសឈាម មានប៉ុន្មានកម្រិតតាមភាពធ្ងន់ធ្ងររបស់វា ?

ដើម្បីអាចដឹងពីកម្រិតរបស់វាបាន អ្នកត្រូវយល់ពីលេខនៅលើម៉ាស៊ីនវាស់ឈាម របស់អ្នកសិន ។ អ្នកប្រាកដណាស់នឹងឃើញលេខនៅលើ និងលេខនៅក្រោម ។ លេខខាងលើ គេហៅវាថា ជាសម្ពាធឈាមស៊ីសស្តូលិក ។ លេខខាងក្រោម គេហៅវាថាជាសម្ពាធឈាមឌីយ៉ាស្តូលិក ។

សម្ពាធឈាមត្រូវបានគេចែកជា ៥ កម្រិត ៖

១. កម្រិតធម្មតា ៖ សម្ពាធឈាមស៊ីសស្តូលិកមិនលើសពី ១២០ និងសម្ពាធឈាមឌីយ៉ាស្តូលិកមិនលើសពី ៨០ ។ ខ្នាតរបស់វាគេហៅថា មីលីម៉ែត្របារត ។ (តូចជាង ១២០/៨០​ មីលីម៉ែត្របារត) ។

២. កម្រិតលើសធម្មតា ឬ ត្រៀមលើសសម្ពាធឈាម (Elevated) ៖ សម្ពាធឈាមស៊ីសស្តូលិកនៅចន្លោះពី ១២០ ទៅ ១២៩ ។ សម្ពាធឈាមឌីយ៉ាស្តូលិកតិចជាង ៨០ ។ គ្រូពេទ្យជាធម្មតា មិនចេញថ្នាំឱ្យប្រើទេនៅកម្រិតនេះ ។ អ្នកអាចគ្រាន់តែផ្លាស់ប្តូររបៀបរស់នៅទៅបានហើយ ។

៣. លើសសម្ពាធឈាមកម្រិត ១ (Stage 1 Hypertension) ៖ សម្ពាធឈាមស៊ីសស្តូលិកនៅចន្លោះ ១៣០ ទៅ ១៣៩ ឬក៏សម្ពាធឈាមឌីយ៉ាស្តូលិកនៅចន្លោះ ៨០ ទៅ ៨៩ ។

៤. លើសសម្ពាធឈាមកម្រិត ២ (Stage 2 Hypertension) ៖ សម្ពាធឈាមស៊ីសស្តូលិកចាប់ពី ១៤០ ឡើងទៅ ឬក៏សម្ពាធឈាមឌីយ៉ាស្តូលិកចាប់ពី ៩០ ឡើងទៅ ។

៥. វិបត្តិលើសឈាមធ្ងន់ធ្ងរ (Hypertensive Crisis) ៖ សម្ពាធឈាមស៊ីសស្តូលិកលើសពី ១៨០ ឬក៏សម្ពាធឈាមឌីយ៉ាស្តូលិកលើសពី ១២០ ។ វាគឺពិតជាធ្ងន់ធ្ងរណាស់ ហើយត្រូវព្យាបាលជាបន្ទាន់ ។

V. បើអ្នកលើសឈាម តើត្រូវព្យាបាលដូចម្តេច ?

កត្តាមួយចំនួនជួយឱ្យគ្រូពេទ្យកំណត់ជម្រើសព្យាបាលល្អបំផុតសម្រាប់អ្នក ។ កត្តាទាំងនេះរួមមាន ប្រភេទជំងឺលើសឈាមដែលអ្នកមាន និងមូលហេតុនៃជំងឺនេះ ។

១. ជម្រើសនៃការព្យាបាលគោល ៖ ប្រសិនបើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានជំងឺលើសឈាមដំបូងៗ ការផ្លាស់ប្តូររបៀបរស់នៅអាចជួយបាន ។ ប្រសិនបើការផ្លាស់ប្តូររបៀបរស់នៅតែមួយមុខ មិនគ្រប់គ្រាន់ទេ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ថ្នាំ ។

២. ជម្រើសនៃការព្យាបាលបន្ទាប់បន្សំ ៖ ប្រសិនបើគ្រូពេទ្យរបស់អ្នក រកឃើញបញ្ហាដែលបណ្តាលឱ្យលើសឈាមអ្នក ការព្យាបាល នឹងគិតបញ្ចូលទាំងបញ្ហាទាំងអស់នោះទៀត ។ ឧទាហរណ៍ ប្រសិនបើអ្នកលើសសម្ពាធឈាមដោយសារការប្រើថ្នាំ គ្រូពេទ្យនឹងសាកល្បងប្រើថ្នាំដទៃទៀត ដែលមិនមានផលប៉ះពាល់នេះ ហើយមានប្រសិទ្ធភាពដូចគ្នា ។ ជាមួយគ្នានេះដែរ ប្រសិនបើលើសសម្ពាធឈាមដោយសារលើសខ្លាញ់ គេអាចបូកផ្សំជាមួយនឹង ថ្នាំលើសខ្លាញ់ ។

VI. អ្នកគួរបរិភោគអាហាររបៀបម៉េច ដើម្បីកុំឱ្យលើសឈាម ឬឈឺធ្ងន់ ?

វិធីមួយក្នុងចំណោមវិធីងាយស្រួលបំផុតដែលអ្នកអាចគ្រប់គ្រងជំងឺលើសឈាម និងបង្ការផលវិបាកដែលអាចកើតមាន គឺតាមរយៈរបបអាហាររបស់អ្នក ។

១. បរិភោគសាច់តិច បន្លែផ្លែឈើច្រើន ៖ របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ គឺជាមធ្យោបាយងាយស្រួលក្នុងការបង្កើនជាតិសរសៃ និងកាត់បន្ថយបរិមាណសូដ្យូម និងជាតិខ្លាញ់មិនល្អ ។ បង្កើនចំនួនផ្លែឈើបន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិដែលអ្នកកំពុងញ៉ាំ ។  ជំនួសឱ្យសាច់ក្រហម ចូរជ្រើសរើសយកប្រូតេអ៊ីនគ្មានខ្លាញ់ល្អដូចជាត្រី ឬ តៅហ៊ូជាដើម ។

២. កាត់បន្ថយរបបអាហារប្រៃ ៖ អ្នកដែលមានជំងឺលើសឈាម និងអ្នកដែលមានការកើនឡើងហានិភ័យនៃជំងឺបេះដូង ត្រូវកំណត់ខ្លួនឯងមិនសូវហូបប្រៃ ព្រោះជាតិប្រៃសម្បូរសូដ្យូម ។ គេគួរតែទទួលទានសូដ្យូមប្រចាំថ្ងៃរវាង ១៥០០ មីលីក្រាមទៅ ២៣០០ មីលីក្រាមក្នុងមួយថ្ងៃ ។ សូដ្យូម ធ្វើឱ្យចាល់ទឹកក្នុងរាងកាយ ដែលជាលទ្ធផលធ្វើឱ្យលើសសម្ពាធឈាម ។

៣. កាត់បន្ថយការហូបផ្អែម ៖ ប្រសិនបើអ្នកចង់បានរបស់ផ្អែម សាកល្បងញ៉ាំផ្លែឈើស្រស់ឬសូកូឡាខ្មៅ​ ដែលមិនមានជាតិស្ករច្រើន ។ ការសិក្សាពីប្រភពគួរឱ្យជឿទុកចិត្ត បានលើកឡើងថា ការទទួលទានសូកូឡាខ្មៅជាប្រចាំអាចកាត់បន្ថយសម្ពាធឈាម ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។