ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យមួយបានកើតឡើង បណ្ដាលអោយភ្លើងឆាបឆេះសម្ភារៈក្នុងផ្ទះខ្ទេច ខណៈពេលឆ្លងចរន្តអគ្គិសនីធ្វើឱ្យទុស្សេខ្សែកង្ហារលើពិដានផ្ទះបង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ឆាយ ខេមរត្ន័ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ អ៊ឹម យី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។

លោកអធិការនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងបន្តថា មុនពេលកើតហេតុ ម្ចាស់ផ្ទះនៅដីជាមួយកូនចៅ ស្រាប់តែភ្លាមៗនោះមានអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅខាងលើផ្ទះ ហើយក៏បាននាំគ្នាឆោឡោឡើង ព្រមទាំងមានអ្នកជិតខាងទៅជួយពន្លត់ផងដែរ ជាមួយគ្នានេះក៏រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញទៅជួយអន្តរាគមន៍ចំនួន២គ្រឿងផងដែរ ទើបការអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ។

លោកអធិការនគរបាលក្រុងកំពង់ឆ្នាំង បន្តទៀតថា ចំពោះមូលហេតុនៃការឆេះសម្ភារៈខាងក្នុងផ្ទះនេះគឺបណ្ដាលមកពីទុស្សេខ្សែកង្ហារនៅលើពីដាន ហើយក៏បានធ្លាក់ផ្កាភ្លើងមកលើពូក ទើបបណ្ដាលឲ្យឆាបឆេះពេញនៅក្នុងផ្ទះតែម្ដង សំណាងល្អម្ចាស់ដឹងទាន់ស្រែកឆោឡោ និងហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាន់ពេលវេលា ។
លោកក៏បានឱ្យដឹងដែរថា ជាសំណាងហើយដែលឆេះតែខាងក្នុង ហើយម្ចាស់ផ្ទះបានដឹងទាន់ពេល ប្រសិនបើយឺតតែបន្តិច ទំហំនៃការខូចខាត និងធំធេងជាមិនខានឡើយ ៕



ចែករំលែកព័តមាននេះ