ខេត្តស្ទឹងត្រែង៖ គ្រាដែលប្រភេទពូជគោធំៗ ត្រូវបានបង្កាត់ដោយជោគជ័យ ហើយទទួលផលលក់ក្នុងតម្លៃខ្ពស់ ប្រជាកសិករនៅខេត្តស្ទឹងត្រែង ភាគច្រើន បានងាកមកចិញ្ចឹមគោតាមបែបបច្ចេកទេសវិញម្តង។
ជាការសាកល្បង លោក ហ្វង ប៊ុនឡាន់ អាយុ ៥២ឆ្នាំ រស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានរៀបរាប់ថា កន្លងមក គាត់ចិញ្ចឹមគោធម្មតា ដែលចំណាយទុន ៥០០០ដុល្លារ។ មួយឆ្នាំក្រោយ គោរបស់គាត់ កើនបានជាង ២០ក្បាល ពេលលក់ទៅវិញ បានលុយសរុប ៨០០០ដុល្លារ។ ពោលគឺចំណេញបាន ៣០០០ ដុល្លារ ក្នុងមួយឆ្នាំ។
កសិកររូបនេះ បន្តថា ដោយមើលពីទំហំសត្វចិញ្ចឹមរបស់ខ្លួន កើនផលបានច្រើន តែចំណូលបានតិចលោកក៏បានងាកមកទិញមេគោខ្ពស់ល្អ ហើយដាក់មេជីវិតពូជគោក្រៅប្រទេស ដែលកូនមកអាចលក់បានតម្លៃ មួយភាគបីនៃគោធម្មតា។ កសិកររូបនេះ បានចាប់អារម្មណ៍ទៅលើពូជប្រាម៉ាន់ CY096 របស់ប្រទេសថៃ។
លោក ងិន អាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ពីសកម្មភាពដាក់ស្ពែមគោដល់កសិករថា បច្ចុប្បន្មកសិករ និយមប្រើប្រាស់មេជីវិតសត្វគោធំៗ ដែលយកមកពីប្រទេសផ្សេងៗ ទៅលើគោសាច់ ឬគោខ្នាតកណ្តាលរបស់ពួកគាត់ ដើម្បីអោយកាត់បានជាពូជតាមតម្រូវការ។
លោកបន្តថា បច្ចុប្បន្ន អគ្គនាយកដ្ឋានពេទ្យសត្វ បានផលិតស្ពែមគោទន្លេ ហើយក៏ទទួលបានជោគជ័យលើការបង្កាត់មេពូជនោះដែរ។ រីឯកសិករនៅខេត្តស្ទឹងត្រែង គឺនិយមប្រើពូជប្រាម៉ាន់ CY 096 មកពីប្រទេសថៃ ហើយកសិករខ្លះទៀត ប្រើពូជឥណ្ឌូប្រេស៊ីល ត្រចៀកវែង មានណព៌ស ពណ៌ក្រហម និងពណ៌ខ្មៅ ពូជ B ម៉ាស្ទ័រ ពូជ ឆារ៉ូឡេ ពូជ វ៉ាគៀវ របស់ប្រទេសជប៉ុន ដែលនៅប្រទេសគេសាច់របស់វា មានគុណភាព ហើយលក់លើផ្សារទំនើបតម្លៃ ២០០ដុល្លារ ក្នុងមួយគីឡូក្រាម។
លោកអនុប្រធានការិយាល័យផលិតកម្មបសុព្យាបាល ក៏បានបញ្ជាក់បន្ថែមថា មេជីវិតពូជគោ ដែលកសិករចង់បានតាមតម្រូវការនោះ គេអាចដាក់បញ្ចូលមេជីវិត រហូតទៅដល់ ៤ ទៅ ៥ដង គឺលើកទី១ ការដាក់មេជីវិត អាចបង្កាត់បាន ៥០ភាគរយ លើកទី២ អាចកាត់បាន ៧៥ ភាគរយ ដាក់លើកទី៣ អាចកាត់បាន ៩០ភាគរយ និងការដាក់លើកទី៤ និងទី៥ បានន័យថា ជាន់ឈាម អាចកាត់បានស្ទើរ ១០០ភាគ ១០០។
លោកក៏បានបន្ថែមថា ដោយសារកសិករ ងាកមកចិញ្ចឹមគោ ដោយប្រើប្រាស់ការបង្កាត់ពូជគោ មកពីក្រៅប្រទេស គឺដោយសារខុសប្លែកត្រង់ កូនគោធម្មតា លក់បានត្រឹម ១លានរៀល។ ចំណែកកូនគោពូជ កើតមក អាចលក់បានតម្លៃរហូតដល់ ៣លានឯណោះ៕
ចែករំលែកព័តមាននេះ