រាជធានីភ្នំពេញ ៖ គូស្នេហ៍មួយគូដែលត្រូវបានចាត់ទុកថា ជាស្នេហ៍នំធំជាងនាឡិនោះ បានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេបានស្រលាញ់គ្នាយ៉ាងស្អិតរមួតបេះមិនចេញ ហើយកន្លងមក ឪពុកម្ដាយខាងស្រី មិនឯកភាពឱ្យអ្នកទាំង២រស់នៅជាមួយគ្នាទេ និងបានតាមបំបែកជាបន្តបន្ទាប់ច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនអាចបំបែកពួកគេបានឡើយ ។
ទីបំផុតអ្នកទាំង២ បានសម្រេចចិត្តចូលរោងការដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ឪពុកម្ដាយខាងប្រុស ដែលនៅក្នុងពិធីមង្គលការនោះ បានរៀបចំឡើងយ៉ាងអធិកអធ័មទៅតាមប្រពៃណីខ្មែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់សាច់ញាតិ និងភ្ញៀវយ៉ាងច្រើនកុះករ ប៉ុន្តែមិនមានវត្តមានឪពុកម្ដាយខាងស្រីចូលរួមឡើយ ។
ពិធីមង្គលការនោះ បានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងទី៣០ តុលា ២០១៥ ស្ថិតនៅក្នុងភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ ក្នុងខណៈដែលពិធីកំពុងតែប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ ស្រាប់តែលេចមុខឪពុកម្ដាយខាងស្រី ទៅដល់ស្ទុះទៅចាប់ដៃកូនស្រីទាញឱ្យឡើងរថយន្តត្រឡប់ទៅផ្ទះវិញ ជាមួយពួកគាត់ និងបដិសេធន៍ដាច់ខាត
មិនឱ្យកូនរៀបការឡើយ ។ ប៉ុន្តែពេលនោះនាងមិនព្រមទៅជាមួយទេ និងបានស្ទុះទៅឱបយុវជនដែលជាអនាគតស្វាមី ដោយការ យំស្រែក «សូមម៉ែ កុំបំបែកកូនទាំងពីរអី ខ្ញុំទាំង២នាក់សុខចិត្ដស្លាប់រស់ជាមួយគ្នាហើយ» ។
ចំណែកភ្ញៀវ ដែលចូលរួមម្នាក់ៗមានសភាពស្រឡាំងកាំងរកនិយាយមិនចេញឡើយ បន្ទាប់មកនាងបានដឹកដៃកូនកម្លោះធ្វើដំណើរទៅកាន់សាលាសង្កាត់ ត្រពាំងក្រសាំង ទាំងសម្លៀកបំពាក់កូនក្រមុំយ៉ាងស្រស់ស្អាត ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរ និងសុំ
ឱ្យអាជ្ញាធរបំពេញយាមបំណង ចុះសំបុត្រអាពាហ៍ពិពាហ៍ឱ្យពួកគេ ។
គូស្នេហ៍មួយគូនោះ កូនកំលោះឈ្មោះ អឿន វិសាល អាយុ២៣ឆ្នាំ ទើបតែប្រឡងបាក់ឌុបជាប់នៅឆ្នាំ២០១៥ និងជាអ្នករស់នៅ រាជធានីភ្នំពេញ ចំណែកកូនក្រមុំឈ្មោះលី គឹមអឿន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្ដកោះកុង និងបានមកស្នាក់នៅសិក្សានៅរាជធានីភ្នំពេញដែរ ។
តាមប្រភពបានឱ្យដឹងថា ពន្លកស្នេហ៍កម្លោះអឿន វិសាល និងក្រមុំ លី គឹមអឿន បានដុះឡើងជាយូរមកហើយ ខណៈនាងចាកចេញពីស្រុកកំណើតមកស្នាក់នៅសិក្សានៅរាជធានីភ្នំពេញ ហើយការស្រលាញ់គ្នានេះ មានភាពស្អិតរមួតបេះមិនដាច់ និងស្មោះស្ម័គ្ររវាងគ្នានិងគ្នា ។ បើទោះបីជាស្លាប់ ក៏មិនបែកគ្នាដែរ ។ មិនតែបុណ្ណោះ ឪពុកម្ដាយខាងប្រុស បានពេញចិត្តនៅពេល បានឃើញកូនស្រលាញ់គ្នាបែបនេះ ។ ប៉ុន្តែចំណែកឪពុកម្ដាយខាងស្រី មិនបានពេញចិត្តនោះទេ ហើយមូលហេតុអ្វីមិនមាននរណាបានដឹងឡើយ ហើយឪពុក-ម្ដាយខាងស្រី បានព្យាយាមបំបែកមិនឲ្យស្រលាញ់គ្នានោះទេ ប៉ុន្តែទោះបីបែបណា មិនអាចបំបែកពួលគេ ទាំងពីរនាក់បានឡើយ។
រហូតដល់ថ្ងៃចូលរោងការ ឪពុក-ម្ដាយខាងស្រីនៅតែខឹងច្រឡោតនិងបដិសេធយ៉ាងដាច់ខាតមិនឱ្យកូនស្រីរបស់ខ្លួនរៀបការជាមួយកំលោះ អឿន វិសាល នោះឡើយ ។ បើទោះបីស្ថិតក្នុងរូបភាពណាក៏ដោយ នៅខណៈនោះដោយសារតែដោះស្រាយគ្នានៅរោងការមិនត្រូវគ្នា ទើបនាំគ្នាទៅសាលាសង្កាត់ត្រពាំងក្រសាំង ។ ម្យ៉ាងទៀត ទោះជាពិធីមង្គលការ នៅមិនទាន់បានចប់ទើបដល់ត្រឹមវគ្គហែរជំនូនក្ដី ដោយជួបការលំបាក ហើយគូស្នេហ៍ទាំង២បានសុំឱ្យមន្ដ្រីសង្កាត់ចុះសំបុត្រអាពាហ៍ពិពាហ៍ពួកគេទាំង២នាក់ឱ្យក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់តែម្ដង ។
ក្រោយពេលទៅដល់សាលាសង្កាត់ មន្ត្រីសង្កាត់បានធ្វើការសម្របសម្រួល ព្រមទាំងពន្យល់ដល់ឪពុកម្ដាយខាងស្រី រហូតពួកគាត់បានយល់ច្បាស់ ទើបពួកគាត់ស្ងប់ចិត្ត ហើយបន្តពិធីមង្គលការនោះ រហូតចប់ចុងចប់ដើម ៕



ចែករំលែកព័តមាននេះ