ខេត្តសៀមរាប ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយស្នងការនគរបាលខេត្តព្រះវិហារ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន បញ្ជូនមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសួរនាំ ។
ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ៣៦៣/២០១៥ ចុះថ្ងៃទី២៨ តុលា ២០១៥ ចេញដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បញ្ជាឈ្មោះច្រាញ់ រស់ ភេទប្រុស អាយុ២៨ឆ្នាំ ជាជាងឈើ ដែលលួចម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥, លេបថប និងទូរស័ព្ទដៃ បានសម្រេចរយៈពេល១ខែកន្លះរបស់ជនរងគ្រោះនៅស្រុកអង្គរជុំ ខេត្តសៀមរាបកាលពីថ្ងៃទី១៥ កញ្ញា ២០១៥ កន្លងទៅ ។
ការចាប់ខ្លួនជនសង្ស័យលួចម៉ូតូនេះ ធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីថ្ងៃទី៣០ តុលា ២០១៥ ស្ថិតនៅចំណុចផ្លូវចូលទៅផ្សារភ្នំដែក ក្នុងស្រុករវាង ខេត្តព្រះវិហារ ខណៈជនសង្ស័យជិះម៉ូតូចូលផ្សារ ។ ជនសង្ស័យឈ្មោះ ច្រាញ់ រស់ មានស្រុកកំណើតនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ដោយបច្ចុប្បន្ន ស្នាក់នៅភូមិទួលត្រសេក ឃុំបាក់អន្លុង ស្រុកត្រពាំងបាសាទ ខេត្តឧត្តរមានជ័យ បានលួចម៉ូតូពីជនរងគ្រោះម៉ាកហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ១T-២៣៥២។
ក្រោយពីលួចម៉ូតូបានសម្រេច ជនសង្ស័យជិះទៅរកប្រពន្ធនៅខេត្តកំពង់ស្ពឺ ប៉ុន្តែមិនឃើញ ក៏ជិះត្រឡប់មករាជធានីភ្នំពេញវិញ រួចលក់លេបថប និងទូរស័ព្ទដៃអស់ ដោយសារគ្មានលុយធ្វើដំណើរបន្តមកខេត្តព្រះវិហារ ។


ចែករំលែកព័តមាននេះ