ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យអុំទូក​ដែល​ប្រារព្ធ​ធ្វើ​នៅ​មុខ​ព្រះបរមរាជវាំង​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារាចរ​នៅ​ថ្ងៃ​ទី​៣១ តុលា ២០១៥ នេះ ស្តី​ពី​ការ​ផ្អាក​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៥​នេះ ដែល​ប្រារព្ធ​ទៅ​នៅ​មុខ​ព្រះរាជវាំង រាជធានី​ភ្នំពេញ ។

សារាចរ​ស្តី​ពី ការ​ផ្អាក​ពិធីបុណ្យ​អុំទូក គឺ​ដោយសារ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​នៅ​ចំពោះ​មុខ ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​សរុប មធ្យោបាយ​សរុប ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក សម្រាប់​ជួយ​ស្រូវប្រាំង​ប្រជា​កសិករ​នៅ​តាម​ខេត្ត ។

រាជរដ្ឋាភិបាល​សុំ​ធ្វើការ​ណែនាំ​ដូច​តទៅ ៖
១ – ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំ បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤-២៥ និង​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

២ – ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំ បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​ខេត្ត​នានា អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​របស់​អាជ្ញាធរ​ដែល​ជា​អ្នក​រៀបចំ​។

៣ – ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ និយោជិត កម្មករ ចំនួន ០៣​ថ្ងៃ ក្នុង​ព្រះរាជ​ពិធី​នេះ នៅ​រក្សា​ដដែល​។

៤ – គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រាជធានី និង​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក ដើម្បី​ចៀសវាង​ការ​ខូចខាត​ដំណាំ​ប្រជា​កសិករ នៅ​តាម​បណ្តា​ខេត្ត ជា​ពិសេស​នៅ​រដូវប្រាំង​នេះ ៕