រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី៣០ តុលា បានជួបប្រជុំជាមួយមន្ត្រីការទូតប្រចាំនៅកម្ពុជា ដើម្បីជម្រាបជូនព័ត៌មានស្តីពីបាតុភាពដែលបានកើតឡើងនៅខាងមុខរដ្ឋសភា និងការប្រជុំសភាដកហូតតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា បានជួបប្រជុំជាមួយប្រធានបេសកកម្មការទូត និងការិយាល័យតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីជម្រាបជូនពីឧបទ្ទវហេតុដែលបានកើតឡើងនៅខាងក្រៅបរិវេណរដ្ឋសភានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ និងលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងពេលសម្តេចតេជោនាយករដ្ឋមន្ត្រី និងរូបលោកផ្ទាល់ កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។ ប្រជាពលរដ្ឋប្រមាណ៥.០០០នាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ទាមទារឲ្យដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ។ មានតំណាងរាស្ត្រចំនួន៥រូប បានចេញមកទទួលញត្តិពីក្រុមបាតុករ ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយពីប្រជុំបានលើកឡើងថា ក្នុងរវាងម៉ោង១១ព្រឹក បាតុកម្មបានបញ្ចប់ដោយសន្តិវិធី ហើយកម្លាំងនគរបាលក៏បានដកចេញពីតំបន់នេះ ។ នៅម៉ោងប្រមាណ១២និង១៥នាទីថ្ងៃត្រង់ មានផ្ទុះហិង្សាបង្កឡើងដោយមនុស្សប្រមាណ២០នាក់ទៅ៣០នាក់ ដោយពុំមានវត្តមានរបស់នគរបាល ធ្វើឲ្យមានរបួសស្នាមដល់អ្នកតំណាងរាស្ត្រចំនួន២រូប ។
ក្រសួងការបរទេសបានអះអាងថា នៅវេលាម៉ោង៦និង១៥ព្រឹក នៅក្រុងបា៉រីស ប្រទេសបារាំង សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាពីទីក្រុងបា៉រីស ឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតនិងចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។ ពេលនេះ ក្រសួងមហាផ្ទៃបានកំណត់មុខសញ្ញាជនសង្ស័យមួយចំនួន តែពុំទាន់ផ្លូវការនៅឡើយ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ រដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មាន ថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើបង្ករបួសស្នាម និងបានស្នើឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេត ដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ។ រដ្ឋសភាទទួលរ៉ាប់រងរាល់ការចំណាយព្យាបាលអ្នកតំណាងរាស្ត្រទាំងពីររូប ។
ក្រសួងការបរទេសបានលើកឡើងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើបង្ករបួសស្នាម និងស្នើឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេត ។ នៅថ្ងៃដដែលនោះ (ថ្ងៃទី២៧ ខែតុលា) ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការមួយដែលមានសមាជិកចំនួន៨រូប ដឹកនាំដោយលោក ឯម សំណាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេត ។
ក្រសួងការបទេសបានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ជនរួមជាតិតាមរយៈទូរទស្សន៍នៅថ្ងៃទី២៨ ខែតុលា ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើបង្ករបួសស្នាមលើអ្នកតំណាង រាស្ត្រទាំងពីររូប ហើយបញ្ជាឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេត និងចាប់ខ្លួនជនដៃដល់ ទោះបីជាអ្នកណាក៏ដោយ ជាអ្នកគាំទ្រគណបក្សប្រជាជនក៏ដោយ ។ ក្រសួងការបរទេសអះអាងថា សម្តេចតេជោបញ្ជាថា «យើងមិនអាចអត់ឱនចំពោះអំពើហិង្សាបែបនេះឡើយទោះបីជាកើតឡើងចំពោះប្រជាជនធម្មតាក៏ដោយ» ។
សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាគឺជានីតិរដ្ឋ និងប្រទេសប្រជាធិបតេយ្យ ។ កម្ពុជាមិនមែនជាប្រទេសមានស្តង់ដាពីរទេ ។ ប្រជាជនគ្រប់រូបមានសិទ្ធិធ្វើការតវ៉ា ប៉ុន្តែមិនមែនប្រើហិង្សាទេ ។
សម្តេចតេជោ បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកថតរូប អ្នកផ្សព្វផ្សាយរូបភាពតាមហ្វេសប៊ុក ជាពិសេសអ្នកបើកបររថយន្តរបស់អ្នកតំណាងរាស្ត្រទាំងពីររូប ដែលជា
សាក្សីដ៏សំខាន់ សូមឲ្យចេញមុខផ្តល់សក្ខីកម្ម និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានដល់ការចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ក្រសួងការបទេសបានលើកឡើងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា រួមមានសមាជិក១១រូប(៥រូបមកពីគណបក្សសង្គ្រោះជាតិ) ធ្វើការប្រជុំមុនសម័យប្រជុំរដ្ឋសភា ដើម្បីដកតំណែងលោក កឹម សុខា ។ សមាជិក៣រូបរបស់គណបក្សសង្គ្រោះជាតិបានបោះឆ្នោតជំទាស់ តែសមាជិកចំនួន៦រូបផ្សេងទៀតបានបោះឆ្នោតគាំទ្រ ។
ក្រសួងការបរទេសបានលើកឡើងទៀតថាសម័យប្រជុំរដ្ឋសភានៅថ្ងៃទី៣០ ខែតុលា បានបោះឆ្នោតដោយសំឡេង៦៨/៦៨ ដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភាតាមញត្តិទាមទារពីរាជធានី-ខេត្តទាំង២៥ ហើយនិងតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី៣០ តុលា សម្តេចពញាចក្រី ហេង សំរិន បានផ្ញើលិខិតមួយច្បាប់ជូនលោក សម រង្ស៊ី ឲ្យលើកបេក្ខភាពរបស់គណបក្សសង្ក្រោះជាតិសម្រាប់តំណែងអនុប្រធានទី១រដ្ឋសភាជំនួសលោក កឹមសុខា ។ គណបក្សប្រជាជនកម្ពុជា នឹងរក្សាទុកតំណែងនេះសម្រាប់គណបក្សសង្គ្រោះជាតិ ៕



ចែករំលែកព័តមាននេះ