ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​តំណែង កឹ​ម សុខា សមាជិក​សភា CPP បោះ​ឆ្នោត​ដោយ​សំឡេង​68​លើ​68​សំឡេង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​ពិនិត្យ​លើ​សំណើសុំ​របស់​សមាជិក​ចំនួន​ពី​រូប ភ្លាម​ៗ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ដាក់​របៀបវារៈ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា​និង​បាន​បោះ​ឆ្នោត​ដក​តំណែង​លោក កឹ​ម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​ពិនិត្យ​លើ​សំណើសុំ​របស់​សមាជិក​ចំនួន​ពី​រូប ភ្លាម​ៗ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ដាក់​របៀបវារៈ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា​និង​បាន​បោះ​ឆ្នោត​ដក​តំណែង​លោក កឹ​ម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ។

សម័យប្រជុំ​នីតិកាល​ទី​៥​លើក​ទី​៥​ក្រោម​អ​ធីប​តី​ភាព​សម្តេច ហេង សំ​រិ​ន​ប្រធានរដ្ឋសភា ដោយ​មិន​មាន​វត្តមាន​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​នោះ​ទេ ។ អង្គ​សភា​បាន​លើកយក​រៀប​វារៈ​ចំពោះ​ការ​បោះឆ្នោត​ដក​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា គឺ​លោក កឹ​ម សុខា តាម​ការ​គ្រោងទុក ហើយ​អង្គប្រជុំ​នឹង​ពិភាក្សា​លើក​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ពិភាក្សា​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ប្រការ​៣​ថ្មី ប្រការ​៧​ថ្មី ប្រការ​៨​ថ្មី (​ពីរ​ប្រការ​១៤​ថ្មី ប្រការ​១៨​ប្រការ​២០ ប្រការ​២១ ២២(​ថ្មី​) ៣៣(​ថ្មី​) ៣៤(​ថ្មី​) ៣៨ (​ថ្មី​) ៤០(​ថ្មី​) និង​ប្រការ​៤៧​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ។

អង្គប្រជុំ​សភា​មាន​វត្តមាន​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប នៃ​ចំនួន​សមាជិក​សភា​ទាំងអស់​១២៣​រូប បាន​បោះ​ឆ្នោត​ដក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា របស់​លោក​កឹ​ម សុខា ។

លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សិ​ទ​សារ​ព័ត​មាន​តែ​ប៉ុន្មាន​នាទី​នៅ​វិមាន​រដ្ឋសភា​បញ្ជាក់​ថា «​រដ្ឋសភា​បាន​បោះ​ឆ្នោត​ដក​តំណែង​តួនាទី លោក កឹ​ម សុខា​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​រួច​ហើយ ប៉ុន្តែ​សិទ្ធិ​ជា​តំណាងរាស្ត្រ​របស់​លោក​នៅ​តែ​ជា​សមាជិក​ដដែល ។ ព្រឹក​មិ​ញ​នេះ​សមាជិក​សភា​ដែល​បោះ​ឆ្នោត​ដក​តួនាទី​អនុប្រធាន​ទី​១​រដ្ឋសភា គឺ​៦៨​សម្លេង ។ អី​ុ​ចឹ​ង​សូម​ជម្រាប​ថា លោក​កឹ​ម សុខា លែង​មាន​តួនាទី​ជា​អនុប្រធាន​ទី​១​ទៀត​ហើយ​» ។

លោក ឈាង វុន បាន​លើក​ឡើង​ទៀត​ថា​រដ្ឋសភា ឬ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល និយាយ​ថា ត្រូវ​តែ​ដក​កូតា ឬ​យ៉ាងណា​នោះ​ទេ គឺ​និយាយ​ពី​ការ​ដក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ដែល​បាន​មក​ពី​កិច្ចព្រមព្រៀង​នយោបាយ កាលពី​ថ្ងៃ​ទី​២២​ក​ក្ត​ដា​ឆ្នាំ​២០១៤ ។ ការ​ដក​តំណែង​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​អនុវត្ត​តាម​កិច្ចព្រមព្រៀង គឺ​យើង​មិន​តាម​កូតា​នោះ​ទេ ។​រដ្ឋសភា​នៅ​តែ​រង់ចាំ​ពី​ភាគី គណ បក្ស​សង្គ្រោះ​ជាតិ​ដាក់​បេក្ខភាព​ថ្មី​មក​ជំនួស ។

លោក​បន្ត​ថា កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា គឺជា​ការ​ព្រមព្រៀង​បង្កើត​ឲ្យ​មាន​វប្បធម៌​សន្ទនា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​គិត​ថា ត្រូវ​តែ​រំលាយ ឬ​ប៉ះពាល់​វប្បធម៌​សន្ទនា​នោះ​ទេ ។ ជាង​នេះ​ការ​ដក​តំណែង​នេះ​កំពុង​តែ​រក្សា​វប្បធម៌​ស​ន្ទា​ន​ទៅ​វិញ​នោះ​ទេ ។ និយាយ​រួមការ​ដក​តំណែង​មិន​ប៉ះពាល់​វប្បធម៌​សន្ទនា និង​កិច្ចព្រមព្រៀង​ក៏​មិន​ប៉ះពាល់​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា «​ចំពោះ​អ្នក​ទទួល​តំណែង​ជំនួស​លោក កឹ​ម សុខា យើង​មិន​ទាន់​បាន​ទទួល​បេក្ខជន​ថ្មី​នោះ​ទេ​ទី​១ និង​ទី​២ យើង​ស្វាគមន៍​កៅអី​នេះ ជំនួស​លោក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ឆាប់ ។ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ប​ញ្ចូ​ន​ឈ្មោះ​មក នោះ​យើង​ប្រជុំ​សភា​ភ្លាម​តែ​ម្តង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​តួនាទី​អនុប្រធាន​ទី​១ ធានា​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យ៉ាងណា​បំពេញ​តួនាទី​បន្ថែម​» ។

ការ​ដក​តំណែង​លោក កឹ​ម សុខា នោះ​ត្រូវ​បាន​លោក ឈាង វុន អះអាង​ថា ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ដែល​មាន​ធរមាន ដូច​ជា​ច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា និង​លក្ខន្តិកៈ​នៃ​អ្នកតំណាង​រាស្ត្រ និង​មិន​អាច​ច្បាប់​ផ្សេង​ៗ​ទៀត​មក​អនុវត្ត​បាន​ឡើយ ហើយ​កិច្ចការ​ធ្វើ​ឡើង​នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ។   

បើ​តាម​ការ​អះអាង​របស់​លោក ឈាង វុន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ដក​តំណែង​លោក កឹ​ម សុខា មិន​ប៉ះពាល់​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ជាង​នេះ​បាន​ជជែក​គ្នា​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​រួច​ហើយ ។

ការ​ដក​តំណែង​លោក កឹ​ម សុខា ដ៏​ឆាប់់រហ័ស​នេះ គឺ​ប្រជុំ​អចិន្ត្រៃយ៍​ភ្ជា​ម​ដាក់​ចូល​របៀបវារៈ​សម័យប្រជុំ​សភា​ភ្លាម ត្រូវ​បាន​លោក ឈាង​វុន ថា ជា​ការ​ចំ​បាច់ ដើម្បី​ធានា​វប្បធម៌​សន្ទនា និង​ធានា​កិច្ចព្រមព្រៀង ។ ទាក់ទង​ទៅ​នឹង​សំណួរ​ថា តើ​ការ​ដក​តំណែង​លោក កឹ​ម សុខា ទាក់ទិន​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៦ តុលា​កន្លង​នោះ​ទេ ? លោក​ឈាង វុន ថា ការ​ដក​តំណែង​របស់​លោក កឹ​ម សុខា នោះ​មិន​បាន​ជាប់​ពាក់​ពន្ធ​នឹង​បាតុកម្ម​ស្នើ​ដក​លោក កឹ​ម សុខា នោះ​ទេ ។

លោក​បញ្ជាក់​ថា «​ការ​ដក​នេះ​គឺ​យោង​តាម​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា យោង​ទៅ​លើ​វប្បធម៌​សន្ទនា យោង​ទៅ​លើ​ញត្តិ​អ្នកតំណាង​រាស្ត្រ យើង​មិន​អាច​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ​ហែ​តាម​ថ្នល់​ជា​អាជ្ញា ឬ​បញ្ជា​រដ្ឋសភា​បាន​នោះ​ទេ ។ ប៉ុន្តែ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា ត្រូវ​បាន​គិតគូ​រាល់​សំណើរ​របស់​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​មិនមែន​ជា​អាជ្ញា​បញ្ជា​នោះ​ទេ ។ សុំ​ជម្រាប​ថា យើង​អនុវត្ត​តាម​អ្នកតំណាង​រាស្ត្រ ព្រោះអ្នកតំណាង​រាស្ត្រ​បាន​បោះ​ឆ្នោត​ជូន​គាត់​ជាអនុប្រធាន​ទី​១​រដ្ឋសភា ដូច្នេះ​គាត់​ចូល​ច្រក​ន​ណា​ចេញ​តាម​ច្រក​នឹង អ្នកតំណាង​រាស្ត្រ​មាន​សិទ្ធិ ដក​តួនាទី​គាត់​វិញ​ដែរ​» ។

លោក ឈាង វុន គូសបញ្ជាក់​ទៀត​ថា​លោក កឹ​ម សុខា បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ជា​ច្រើន​ដល់​រដ្ឋសភា​កម្ពុជា ដូច​ជា​ក្នុង​នាម​គាត់​ជា​អនុប្រធាន​ទី​១​រដ្ឋសភា នៅ​ពេល​ដែល​គាត់​ចេញ​ទៅ​ក្រៅប្រទេស​គាត់​បាន​វាយប្រហារ​ថ្នាក់ដឹកនាំ និង​បាន​លើក​បញ្ហា​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​អ​ធីប​តី​ភាព និង​ឯករាជ្យ​របស់​កម្ពុជា ។

ចំណែក​លោក  ហូរ វ៉ា​ន់ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​លោក​និង​សមាជិក​គណៈ​អចិន្ត្រៃយ៍​មួយ​ចំនួន​ទៀត​បាន​ចូលរួម​កិច្ចប្រជុំ​អចិន្ត្រៃយ៍​សភា ប៉ុន្តែ​មិន​យល់ព្រម​ចំពោះ​ការ​សម្រេច​បញ្ចូល​របៀបវារៈ​បោះ​ឆ្នោត​ដក​តំណែង​លោក កឹ​ម​សុខា អនុប្រធាន​ទី​១ រដ្ឋសភា​នោះ​ទេ ។ ជាង​នេះ​ទៀត លោក​នឹង​សមាជិក​ផ្សេង​ទៀត​មិន​បានដឹង​ថា សភា​ប​ញ្ចួ​ល​របៀបវារៈ​នេះ​ក្នុង​សម័យប្រជុំ​សភា​ដែរ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​សមាជិក​សភា​បក្ស​សង្គ្រោះ​ជាតិ​សម្រេច​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា ។

បន្ទាប់​ពី​សភា​បោះ​ឆ្នោត​ដក​តួនាទី​លោក កឹ​ម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ភ្លាម គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បាន​ហៅ​ថា​ការ​ដក​តំណែង​នេះ កំពុង​តែ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ។

សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ឃើញ​ថា ការ​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​និង​សម័យប្រជុំ​ពេញអង្គ សភា បាន​ដាក់​របៀបវារៈ​ដើម្បី​ពិភាក្សា​និង​អនុម័ត​ដក​លោក កឹ​ម សុខា ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​មាន​ភាព​មិន​ប្រក្រតី​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​គឺ​៖

ទី​១-​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​មាន​ចែង​ស្តី​អំពី​ការ​អនុម័ត ញត្តិបន្ទោស ឬ​ដក​តួនាទី ឬ​តំណែង​របស់​ប្រធាន​ឬ​អនុប្រធាន​រដ្ឋសភា​ទេ ។​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​ឬ​អនុប្រធាន​រដ្ឋសភា​ថ្មី​មក​ជំនួស​បាន លុះត្រាតែ​ក្នុង​ករណី​ដែល​ប្រធាន​ឬ​អនុប្រធាន​នោះ​សុំ​លាលែង ពីមុខ​តំណែង ឬ​ទទួលអនិច្ចកម្ម (​មាត្រា​៨៧​រដ្ឋធម្មនុញ្ញ​) ។

ទី​២-​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ដូច្នេះ​តំណាងរាស្ត្រ​ទាំង​៥៥​រូប​មក​ពី គណបក្ស មិន​អាច​ចូលរួម​ប្រជុំ​រដ្ឋសភា ដែល​រំលោភ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល និង​រំលោភ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះ​ទេ ។

គួរ​បញ្ជាក់​ថា សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ទី​៦​នៃ​រដ្ឋសភា និង​លោក ជាម យៀ​ប ប្រធាន​គណៈកម្មការ​ទី​២​រដ្ឋសភា បាន​ដាក់​ញត្តិ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដើម្បី​បោះ​ឆ្នោត​ដក​តំណែង​លោក កឹ​ម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ទើប​ធ្វើ​ឱ្យ​សភា​សម្រេច​ដាក់​ក្នុង​អង្គប្រជុំ និង​ឈាន​ទៅ​បោះ​ឆ្នោត​ទម្លាក់​តែ​ម្តង ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ដល់​លោក​សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​៣០ តុលា ដោយ​ស្នើ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​បេក្ខភាព​ជា​អនុប្រធាន​ទី​១​រដ្ឋសភា មក​កាន់​សភាជាតិ​ដើម្បី​ជំនួស​លោក កឹ​ម សុខា ដែល​ត្រូវ​បាន​ដក​តំណែង ដោយ​ទទួល​បានការ​បោះ​ឆ្នោត​៦៨​សំឡេង លើ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក កឹ​ម សុខា វិញ​បាន​បង្ហោះ​ការ​ឆ្លើយ​តប​នៅ​រសៀល​ថ្ងៃ​ដដែល​ថា លោក សម រ​ង្ស៊ី និង​រូប​លោក កឹ​ម សុខា បាន​ឯកភាព​គ្នា​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ស្នើ​បេក្ខភាព​ថ្មី​ជំនួស​នោះ​ទេ ។

តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដដែល​បាន​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​២ ៕