ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ដឹក​ដី​3​គ្រឿង​ផាកពិន័យ​លើកគ្នា​យក​ឡាន​ដឹក​ដី​ច្រើន​គ្រឿង​មក​បិទផ្លូវ

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ថានភាព​មិន​ខុស​ពី​រឿង​ចាប់​រថយន្ត​ដឹក​ដី​អត់​ពន្ធ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឯទៀត​លើកគ្នា​តវ៉ា​យក​រថយន្ត​មក​ចត​បិទផ្លូវ​នោះ​ទេ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ខេត្តកណ្ដាល ហើយ​បាតុភាព​ថ្មី​នេះ​ក៏​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទៀត ដោយ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ប្រមាណ​៣០​នាក់ នៅ​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​២៩ តុលា បាន​នាំ​គ្នា​យក​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​មក​ចត​បិទផ្លូវ​នៅ​មុខ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្នុង​គោលបំណង​ធ្វើការ​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង​របស់​ពួក​គេ ដែល​មន្ត្រី​ជំនាញ​បរិស្ថាន និង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ចាប់​ឃាត់​ទុក​ផាកពិន័យ ។

តាម​ការ​ទម្លាយ​ឲ្យ​ដឹង ការ​ផាកពិន័យ​នោះ​ក្នុង​រថយន្ត​១​គ្រឿង​១​លាន​រៀល ក្រោម​បទចោទប្រកាន់​ធ្វើ​អាជីវកម្ម​គ្មាន​ការ​ទទួល​ខុស​ត្រូវ ដឹក​ដី​មិន​គ្រប​តង់​ធ្វើ​ឱ្យ​ដី​ជ្រុះ​រាយ​ប៉ាយ​តាម​ដងផ្លូវ​សាធារណៈ​ជា​ហេតុ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​អាប់អួ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​ទូ​ទាំង​ក្រុង និង​មានការ​កកស្ទះ​ចរាចរណ៍​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ជិត​១​ម៉ោង ។ បន្ទាប់​មក​សមត្ថកិច្ច​ចម្រុះ​មាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ​ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ ។

ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ដែល​នាំ​គ្នា​មក​តវ៉ា​ខាងលើ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង​ដែល​មន្ត្រី​បរិស្ថាន និង​ប៉ូលិស​ឃាត់​ទុក​ផាកពិន័យ​នោះ តាំងពី​ម៉ោង​១០​ព្រឹក​មក​ម្ល៉េះ និង​បាន​យក​មក​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​នេះ​សម​ល្មម​នឹង​ដោះ​លែង​ហើយ ដើម្បី​ឱ្យ​ពួក​គេ​យក​ទៅ​ប្រកប​របរ​ឡើង​វិញ ។ ប៉ុន្តែ​សម្រាប់​ការ​ផាកពិន័យ​ក្នុង​រថយន្ត​មួយ​គ្រឿង​ចំនួន​១​លាន​រៀល​ដោយសារ​តែ​រឿង​បន្តិចបន្តួច (​ដឹក​ដី​មិន​គ្រប​តង់​)​នោះ ពួក​គេ​គ្មាន​លុយ​បង់​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​នាំ​គ្នា​មក​តវ៉ា​ឱ្យ​មាន​តម្លាភាព ។ ក្រុម​ម្ចាស់​រថយន្ត​ដឹក​ដី​ទាំងនោះ បាន​ព្រមាន​ថា បើ​ធ្វើការ​តវ៉ា​យប់​នេះ​មិន​បាន​សម្រេច​ពួក​គេ​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃស្អែក​ទៀត ។

លោក អី​ុ សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​លើក​ឡើង​ថា រថយន្ត​ដឹក​ដី​ទាំង​៣​ខាងលើ​នេះ លោក​ជា​អ្នកបញ្ជា​ឱ្យ​ចាប់ ពីព្រោះ​រថយន្ត​ទាំងនោះ​ដឹក​ដី​ជ្រុះ​លើ​ដងផ្លូវ​រាយ​ប៉ាយ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​បំផុត និង​ដឹក​ដី​គ្មាន​ច្បាប់​អនុញ្ញាត ។ បញ្ហា​នេះ​លោក​បាន​ពិភាក្សា ជាមួយ​ប្រធាន​មន្ទីរ​បរិស្ថាន​ដាច់ខាត​ត្រូវ​អនុវត្ត​តាម​ច្បាប់បរិស្ថាន​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ថ្ងៃស្អែក​នេះ លោក​នឹង​ទាក់ទង​ទៅ​មន្ទីរ​សាធារណការ​ឱ្យ​ពិនិត្យ​លក្ខណ​បច្ចេកទេស​នៃ​រថយន្ត​ទាំងនេះ​បន្ថែម​ទៀត ។

ចំពោះ​ករណី​បិទផ្លូវ​សាធារណៈ​កាលពី​ល្ងាច​មិ​ញ​នោះ លោក​អភិបាលក្រុង បាន​បញ្ជាក់​យ៉ាង​មឺ​ុ​ង​ម៉ាត់​ថា អាជ្ញាធរ​អាច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ព្រមទាំង​ព្រមាន​ត្រង់​ៗ​ថា ចាប់ពី​ថ្ងៃនេះ​តទៅ ត្រូវ​តែ​អនុវត្ត​ច្បាប់​ឱ្យ​បានជា​ដាច់ខាត​មិន​អាច​ឱ្យ​អ្នក ប្រព្រឹត្ត​ល្មើស​ធ្វើ​ព្យុះ​ភ្លៀង​តាម​ចិត្តបាន​ទេ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​មន្ត្រី​របស់​លោក​ចាប់​រថយន្ត​ដឹក​ដី​ខ្វះ​ការ​ទទួលខុសត្រូវ​យក​មក​ផាកពិន័យ ។ ការ​ផាកពិន័យ​ធ្វើ​ឡើង​មាន​ក្រដាស​ស្នាម វិក្កយបត្រ​ត្រឹមត្រូវ ហើយ​ប្រាក់​ដែល​បាន​មក​ពី​ការ​ផាកពិន័យ​ទាំងនោះ​គឺជា​ថវិកា​បង់​ចូល​រដ្ឋ​១០០​ភាគរយ ។ ការ​ផាកពិន័យ​ធ្វើ​ឡើង​ចាប់ពី​កម្រិត​១​លាន​រៀល​រហូត​ដល់​ទៅ​១០​លាន​រៀល​ក្នុង​រថយន្ត​១​គ្រឿង ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន បាន​បញ្ជាក់​ថា ជុំវិញ​ការ​ផាកពិន័យ​មិនមែន​មន្ត្រី​បរិស្ថាន​ចេះ​តែ​ធ្វើ​តាម​ការ​នឹកឃើញ​នោះ​ទេ តែ​នេះ​ជា​ការ​អនុវត្ត​តាម​ផ្លូវច្បាប់ ហើយ​ច្បាប់​នេះ​មុន​នឹង​ដាក់​ឱ្យ​អនុវត្ត គឺ​បាន​ប្រកាស​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ផង​ដែរ ប៉ុន្តែរ​សម្រាប់​ក្រុម​រថយន្ត​ដឹក​ដី​ចំនូ​ន​៣​គ្រឿង​ខាងលើ​នោះ​ដឹង​ហើយ ឮ​ហើយ​តែ​ពួក​គេ​នៅ​ផ្គើន​មិន​ព្រម​អនុវត្ត​តាម ទើបត្រូវ​សមត្ថកិច្ច​ចាប់​យក​មក​ដុះក្អែល​ម្តង​។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ម្ចាស់​រថយន្ត​មិន​ព្រម​ចូលខ្លួន​មក​ធ្វើការ​សម្របសម្រួល​បង់​ពិន័យ​ទេ បែរជា​នាំ​គ្នា​បើក​រថយន្ត​មក​ដាក់​ពាំង​ផ្លូវ​សាធារណៈ​ដើម្បី​តវ៉ា​បង្ក​ភាព​ស្មុគស្មាញ​ទៅ​វិញ​ដូច​បង្កើន​ស្ថាន​ទម្ងន់​កាន់តែ​វ័ណ្ឌក​ខ្លួនឯង​ទៅ​វិញ​ទេ ៕