ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីខ្មែរអ៊ីស្លាមម្នាក់បានស្វះស្វែងជួបជាមួយមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី៣០ តុលា ២០១៥ ដើម្បីសុំអន្តរាគមន៍ជួយរកយុត្តិធម៌ឲ្យបងប្រុសរបស់គាត់ដែលបានស្លាប់លើទឹកដីថៃដោយសារការបាក់ពិដានចំ និងធ្លាក់ពីជាន់ទី២ នៅខេត្តឈុនបូរីនាពេលកន្លងមក ។
ស្ត្រីខាងលើឈ្មោះ ហ៊ឹម ស្រីពៅ អាយុ៤០ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។
ជួបជាមួយមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ស្ត្រីខាងលើបានប្រាប់ថា បងប្រុសរបស់គាត់ឈ្មោះ ហ៊ឹម សុខអ៊ី អាយុ៤២ឆ្នាំ បានទៅធ្វើការជាកម្មករសំណង់នៅខេត្តឈុនបូរី ប្រទេសថៃ ហើយជួបឧប្បត្តិហេតុធ្លាក់ពិដានចំ ថែមទាំងធ្លាក់ពីជាន់ទី២ កាលពីថ្ងៃទី១៧ តុលា និងបានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងខេត្តកើតហេតុកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ តុលា ២០១៥ ហើយសពបងប្រុសគាត់ត្រូវបានគេបញ្ជូនពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម៉ោងជិត៨យប់ ថ្ងៃទី២៣ខែឆ្នាំដដែល ។ ស្ត្រីខាងលើបញ្ជាក់ថា ដោយសារក្រោយកើតហេតុជនរងគ្រោះមិនទទួលបានសំណង ហើយឮថាថៅកែម៉ៅការសំណង់នោះគេចខ្លួនបាត់ផង ទើបគាត់ស្វះស្វែងជួបមន្ត្រីកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិ ដើម្បីឲ្យទំនាក់ទំនងទៅមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃទាមទាររកយុត្តិធម៌ជូនបងប្រុស ។
យ៉ាងណាក៏ដោយប្រភពនានាជាច្រើនបានលើកឡើងថា ភាគច្រើននៃការរងគ្រោះរបស់ពលករខ្មែរលើទឹកដីថៃដែលក្រោយកើតហេតុសាច់ញាតិទាមទាររកយុត្តិធម៌ កម្រទទួលបាននូវភាពយុត្តិធម៌ណាស់ ។ ជាក់ស្តែងករណីស្ត្រីខ្មែរម្នាក់ដែលថៅកែបនល្បែងថៃវាយសម្រាតខោអាវនៅក្រុងបាងកកកាលពីម៉ោង១២យប់ថ្ងៃទី២៨ វិច្ឆិកា ២០១៣ ដែលជនរងគ្រោះជាអ្នកឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងករណីពលករខ្មែរម្នាក់ត្រូវមេកាសំណង់ថៃបាញ់សម្លាប់នៅឯខេត្តឆាក់ឆឺនសៅ ត្រូវមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យប្រាប់តាមទូរស័ព្ទថា សាច់ញាតិមិនទាន់ទទួលបានសំណងនៅឡើយទេ ហើយក្រុមសាច់ញាតិនៅតែបន្តដង្ហោយកយុត្តិធម៌នៅឡើយ ៕



ចែករំលែកព័តមាននេះ