ខេង្តកណ្តាល៖ យុវជន២នាក់បានរងរបួសដៃ និងក្បាលហូរឈាមស្រោចខ្លួន ខណៈកំពុងជិះម៉ុតូឌុបគ្នាត្រូវយុវជនមួយក្រុមទៀតមានគ្នា៤នាក់ជិះម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោតាមកាប់ប្រហារ កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៩ តុលា ២០១៥ នៅតាមដងផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ម្នាក់ឈ្មោះផុន រដ្ឋា ហៅវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិប្ញស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ រងរបួសក្បាលខាងស្តាំងប្រវែង៤សង្ទីម៉ែត្រដេរ៤ថ្នេរ និងម្នាក់ទៀតឈ្មោះឃុត ឡេះ ហៅម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរដែរ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ របួស២កន្លែង គឺខ្នងដៃស្តាំដេរ៤ថ្នេរ និងក្បាលផ្នែកខាងស្តាំប្រវែង១០សង្ទីម៉ែត្រដេរ១៤ថ្នេរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ចំណែកជនដៃដល់គ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកាប់ប្រហារជនរងគ្រោះទាំង២នាក់រួច ត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្គាល់អត្តសញ្ញាណ ១-ឈ្មោះកុយ រាឌី ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតចំការដូង មានស្រុកកំណើតភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ២-ឈ្មោះថុល ប៊ុនគឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ, ៣-ឈ្មោះវ៉េរី ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ និង៤-ឈ្មោះធូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។
បើតាមសម្តីជនរងគ្រោះទាំង២នាក់រៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីផ្ទះបំនងទៅលេងផ្ទះមិត្តភក្តិនៅឃុំកំពង់ស្វាយ ខណៈពេលមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងដែឡពួកខ្លួនមិនធ្លាប់ស្គាល់សោះតាមមកកាក់ម៉ូតូឱ្យឈប់ ហើយយកកាំបិតប៉័ងតោកាប់ប្រហារលើពួកខ្លួនរួចព្យាយាមរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចថា ជនរងគ្រោះទាំង២នាក់និយាយហាក់មានការលាក់លៀម។
បើតាមប្រភពខ្លះនិយាយថា ករណីនេះប្រហែលជារឿងគំនុំ ព្រោះក្នុងចំណោមជនល្មើសទាំង៣នាក់ មាន២នាក់ធ្លាប់ធ្វើការរោងចក្រជាមួយជនរងគ្រោះដែរ ប៉ុន្តែបានឈប់យូរហើយ៕



ចែករំលែកព័តមាននេះ