រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា នៅពេលឆាប់ៗខាងមុខនេះសាលារាជធានីភ្នំពេញ មានគម្រោងពង្រីកសេវាកម្មខ្សែរថយន្តដឹកជញ្ជូនសាធារណៈរបស់ក្រុងឲ្យទៅដល់គ្រប់បណ្តាខេត្ត-ក្រុងនៅទូទាំងប្រទេស ទោះបីពេលនេះសេវាខ្សែរថយន្តក្រុងសាធារណៈនៅភ្នំពេញមានការខាតជារៀងរាល់ខែក្តី ហើយការពង្រីកសេវាបែបនេះដើម្បីយកសេវាពីខេត្តទៅចិញ្ចឹមសេវាដឹកជញ្ជូននៅក្នុងក្រុងផងដែរ ។
លោកប៉ា សុជាតិវង្ស បានលើកឡើងបែបនេះក្នុងពិធីប្រកាសជាផ្លូវការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ តុលា ២០១៥ ។
លោកមាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញបានឲ្យដឹងថា ការបង្កើតរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus នៅរាជធានីភ្នំពេញនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញក្នុងគោលបំណងអង្កភាពងាយស្រួល និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចជា បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ធានាសុវត្ថិភាព ផាសុកភាព សន្សំសំចៃពេលវេលា កាត់បន្ថយការកកស្ទះចរាចរ ការប្រើប្រាស់ថាមពលខ្ជះខ្ជាយ ឧស្ម័នបំពុលបរិស្ថាន និងផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងដែលទើបបង្កើតថ្មីនេះបានតែងតាំងលោកអ៊ាន សុឃីម ជាអភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងមានអភិបាលរងចំនួន២រូបទៀតផង៕




ចែករំលែកព័តមាននេះ