រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ តុលា បានលើកយកសំណុំរឿងនារីម្នាក់ត្រូវជនសង្ស័យសម្លាប់យកសពទៅប្លុងចោលនៅមាត់ទឹកជាប់ស្ពានជ្រោយចង្វារក្បែរសាលាបឋមសិក្សាជ្រោយចង្វារ សង្កាត់-ខណ្ឌជ្រោយចង្វាមកបើកសវនាការ តែសវនាការនោះត្រូវបានលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយ ។
អង្គសវនាការលើសំណុំរឿងនេះមានលោកវ៉េង ហ៊ត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកចែ សុង ព្រះរាជអាជ្ញារង ជាតំណាងអយ្យការចំពោះមុខជនត្រូវចោទឈ្មោះហុង កាលីឌី ហៅ រ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ និងមានមេធាវីការពារក្តី គឺលោកពុធ ឌីម៉ង់ ព្រមទាំងចំពោះដើមបណ្តឹង គឺឪពុកម្តាយជនរងគ្រោះ ។
អង្គសវនាការលើសំណុំរឿងនេះតំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទឃាតកម្មដោយប្រើអំពើទារុណកម្មឃោរឃៅទៅលើជនរងគ្រោះ។ ដើមចមឲ្យមានសវនាការផ្តន្ទាទោសលើជនត្រូវចោទនេះ កាលពីថ្ងៃទី៧ តុលា ២០១៤ វេលាម៉ោង៧ព្រឹក មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ត្រូវឃាតករមិនស្គាល់មុខសម្លាប់ ហើយយកសាកសពទៅប្លុងចោលនៅមាត់ទឹកគល់ស្ពានជ្រោយចង្វារ ក្បែរសាលាបឋមសិក្សាជ្រោយចង្វារធ្វើឲ្យមានការភ្ញាក់ផ្ញើលដល់សមត្ថកិច្ចចុះទៅពិនិត្យសាកសពនោះ ទើបដឹងថា ជាករណីឃាតកម្ម ដោយសារសាកសពមានស្លាកស្នាមជាំពេញខ្លួន និងរិត.ក ។
សាកសពត្រូវបានសាច់ញាតិ និងក្រុមគ្រួសារស្គាល់អត្តសញ្ញាណគឺឈ្មោះសុង ដាវីន ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងត្របែក រាជធានីភ្នំពេញ មានមុខរបរធ្វើការឲ្យក្រុមហ៊ុនមួយនៅក្បែរវត្តកោះ និងកំពុងសិក្សានៅសកលវិទ្យាល័យវណ្ណដាគណនេយ្យឆ្នាំទី២ ។
ក្រោយពីកើតមានអំពើឃាតកម្មនោះរយៈពេល១សប្តារ្ត៍នគរបាលនាយកដ្នាននគរបាលក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋានដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិកាលនៅជាប្រធាននាយកកណ្តាលនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហុង កាលីឌីន មុខរបរប្រឡងជាប់ជាមន្ត្រីនគរបាលជាតិ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ១០៤E0.E1ផ្លូវលេខ ៤៣០សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕











ចែករំលែកព័តមាននេះ