ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ វិច្ឆិកា ២០១៥ នឹងមានរៀបចំការប្រណាំងទូក.ង និងទូកបីសន្លឹកសាកល្បងនៅទន្លេវ៉ៃគោដើម្បីត្រៀមចូលរួមប្រកួតក្នុងពិធីប្រណាំងទូកដែលនឹងឈានមកដល់នៅពេលឆាប់ៗខាងមុខនេះ ។
លោក ស៊ុំ សុជាតិ អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការបច្ចេកទេសខេត្តមានប្រសាសន៍ឲ្យដឹងថា ទូកដែលចូលរួមប្រណាំងមានទូក.ងខ្នាតអន្តរជាតិ និងក្ដារបីសន្លឹកតាមបណ្ដាស្រុកទូទាំងខេត្ត និងទូក.ងខ្នាតអន្តរជាតិកងរាជអាវុធហត្ថទូទាំង២៥ខេត្ត-ក្រុង រួមទាំងទូកខាងភាគីវៀតណាមផងដែរ សរុបចំនួន៥៣គ្រឿង មានកីឡាករ អ្នកអុំពេញសិទ្ធិសរុបចំនួន៩៥៥នាក់ អ្នកអុំបម្រុងចំនួន២៣៨នាក់។
ទូក.ងប្រភេទទូកខ្នាតអន្តរជាតិសរុប៤៣គ្រឿង អ្នកអុំពេញសិទ្ធិចំនួន៩២៣នាក់ អ្នកអុំបម្រុងចំនួន២២៦នាក់។ ទូកប្រភេទទូកក្ដារបីសន្លឹកសរុប១១គ្រឿង អ្នកអុំពេញសិទ្ធិចំនួន៣២នាក់ អ្នកអុំបម្រុងចំនួន១២នាក់។
លោកស៊ុំ សុជាតិ បានបន្តថា សរុបរួម(ក+ខ+គ) កីឡាករទាំងអស់ចំនួន១.១៩៣នាក់ ប្រតិភូដឹកនាំទូកសរុប២៣១នាក់ និងចុងភៅសរុប១១៧នាក់ ស្រី២នាក់ផងដែរ។
សូមបញ្ជាក់ថា ការប្រណាំងទូក.ងក្នុងខេត្តស្វាយរៀងមានការឧបត្ថម្ភគាំទ្រពីលោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមទាំងសប្បុរសជននានាទាំងក្នុងខេត្ត និងក្រៅខេត្តផងដែរ៕





ចែករំលែកព័តមាននេះ