រាជធានីភ្នំពេញ ៖ មនុស្ស២ក្រុមដែលគេដឹងថា មួយក្រុមជាជាងឈើ និងក្រុមទៀតជាជាងដែក បានជិះរ៉ឺម៉កម៉ូតូប្រដេញគ្នា និងឌឺដងសម្តីរហូតឈានដល់ការប្រើអំពើហិង្សា បណ្តាលឱ្យរងរបួសម្នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី៣០ តុលា ២០១៥ ស្ថិតនៅការដ្ឋានក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគុណ ថេត ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងឈើ មានទីលំនៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
ប្រភពបន្តថា មុនពេលកើតហេតុ ខាងភាគីជនរងគ្រោះជិះរ៉ឺម៉កម៉ូតូ១គ្រឿងមានគ្នា៤នាក់ តាមបណ្តោយផ្លូវម៉ុងប្ញទ្ធីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវចូលបុរី ស្រាប់តែមានរ៉ឺម៉កម៉ូតូ១គ្រឿងទៀត មានគ្នា៧នាក់បើកមកឆាប ហើយឌឺដងសម្តីដាក់គ្នា ។ ក្រោយមករ៉ឺម៉កជនរងគ្រោះបានបើកទៅមុន ហើយបានឈប់នៅមុខកន្លែងធ្វើការ ស្រាប់តែក្រុមជនបង្កបើកមកឈប់តាមក្រោយស្ទុះទៅវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ។ ចំណែកអ្នកផ្សេងបានរត់គេចខ្លយនចូលក្នុងផ្ទះអស់ សល់តែជនរងគ្រោះម្នាក់ឯង ហើយក្រុមជនបង្កបានរត់គេចខ្លួនបាត់អស់ ។


ចែករំលែកព័តមាននេះ