ខេត្តកំពត ៖ ដើម្បីអបអរសាទរបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ រយៈពេល៣ថ្ងៃនៅខេត្តកំពតខាងមុខនេះ អាជ្ញាធរខេត្តបានធ្វើការផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ឋទូទាំងខេត្ត រួមជាមួយប្រជាពលរដ្ឋផងដែរ ឲ្យធ្វើការកែលម្អរៀបចំលំនៅឋាននៅក្នុងក្រុង ក៍ដូចជានៅជាយក្រុងឲ្យត្រៀមលក្ខណៈចាប់ផ្តើមសម្អាតអនាម័យ និងរុះរើតូបលក់ដូរដែលតាំងលក់នៅតាមដងវិថីនានាឲ្យបានសមរម្យ និងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនាឱកាសបុណ្យសមុទ្រនេះ ។
ស្ថាប័នពាក់ព័ន្ឋ ដូចជា អង្គភាពអគ្គិសនីកម្ពុជាខេត្ត ត្រូវរៀបចំប្រព័ន្ឋខ្សែភ្លើងតាមដងវិថីនានាឲ្យបានត្រឹមត្រូវ ត្រូវដាក់តាំងអំពូលភ្លើងនៅតាមដងផ្លូវសាធារណៈ សួនច្បារកម្សាន្ត និងកន្លែងភ្ញៀវអង្គុយលេងជាដើម…។ល។ ខាងអង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជួសជុលប្រព័ន្ឋផ្លូវគមនាគមន៍នានានៅក្នុងក្រុង និងជាយក្រុងយ៉ាងមមាញឹកផងដែរ ។ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន ក៍ត្រៀមរៀបចំអនាម័យល្អ សេវាកម្មល្អ ដូចលោកអភិបាលខេត្ត បានមានប្រសាសន៍ថា មិនអនុញ្ញាតឲ្យក្រុមអាជីវករណាម្នាក់យកឱកាសបុណ្យរយៈពេល៣ថ្ងៃនេះលក់ដូរដំឡើងថ្លៃស្រេចតែអំពើចិត្តឡើយ ៕








ចែករំលែកព័តមាននេះ