ខេត្តកំពង់ចាម ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចុះផ្សព្វផ្សាយនៅតាមបណ្ដាភូមិនានា ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង ។ ជាមួយនោះ សម្រាប់អ្នកដែលបំពានមិនព្រមពាក់ម៉ាស់នឹងត្រូវធ្វើការផាកពិន័យចំនួន២០ម៉ឺនរៀល ដែលគ្រោងធ្វើឡើងនៅថ្ងៃច័ន្ទខាងមុខនេះហើយ ។
អ្នកស្រីឃាង សុីផាន ចៅសង្កាត់សំបូរមាសប្រាប់ឲ្យដឹងថា ក្រោយទទួលបានការណែនាំពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អាជ្ញាធរសង្កាត់សំបួរមាស បានចុះផ្សព្វផ្សាយតាមរយៈការចាក់សារជាសំឡេងតាមឧគ្ឃោសនសព្ទនៅតាមបណ្ដាភូមិនានា ក្នុងសង្កាត់សំបូរមាស ដោយបានធ្វើឡើងរៀងរាល់ថ្ងៃពីសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយអ្នកដែលមិនពាក់ម៉ាស់នៅកន្លែងសាធារណៈមានមនុស្សច្រើននោះនឹងត្រូវថាពិន័យ២០ម៉ឺនទៅ១លានរៀល ។
ចៅសង្កាត់សំបូរមាសមានប្រសាសន៍បន្តឲ្យដឹងទៀតថា មិនថាថ្ងៃឬយប់នោះទេ ដោយអ្នកស្រីបានដឹកនាំកម្លាំងសង្កាត់ សហការជាមួយនិងនគរបាលមូលដ្ឋានដោយបន្តយុទ្ធនាការចុះផ្សព្វផ្សាយមានរូបភាពផ្សេងៗពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យចូលរួមយ៉ាងសស្រាក់សស្រាំធ្វើយ៉ាងណាពាក់ម៉ាស់អោយបានគ្រប់គ្នាតាមការណែនាំរបស់អាជ្ញាធរខេត្ត។
កន្លងទៅផ្សារព្រែកដើមចាន់ ធ្លាប់អាជ្ញាធរចុះណែនាំដល់អាជីវករលក់ដូរចំនួន៣លើករួចមកហើយ គឺតម្រូវឲ្យពាក់ម៉ាស់ មានអ្នកខ្លះលើកឡើងថាពាក់ម៉ាសថប់ដង្ហើម ហើយមួយចំនួនទៀតមិនបានពាក់ម៉ាស់ កត្តានេះហើយដែលធ្វើឲ្យជំងឺកូវីដវាយប្រហារឆ្លងពីម្នាក់ទៅម្នាក់។ ជាមួយនោះកុំមានឱ្យប្រើអាល់កុលឬសាប៊ូលាងដៃអោយបានញឹកញាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៤ ឧសភា កម្លាំងសង្កាត់រួមជាមួយប៉ុស្តិ៍រដ្ឋបាលសំបូរមាស ចុះតាមភូមិបឹងស្នាយ រកាលើ និងចំការខ្ពប ដោយបានអប់រំប្រជាពលរដ្ឋឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ព្រមទាំងធ្វើលិខិតផ្តិតមេដៃទទួលស្គាល់ថាពួកគាត់បានទទួលការអប់រំពីអាជ្ញាធរ ដើម្បីចៀសវាងនៅថ្ងៃច័ន្ទសប្តាហ៍ខាងមុខ ពេលដែលកម្លាំងសមត្ថកិច្ចចុះផាកពិន័យតាមដងផ្លូវ ត្រូវបានពួកគាត់លើកឡើងថាម្ដេចក៏មិនជួយអប់រំនិងផ្សព្វផ្សាយឲ្យបានដឹងមុន។ តែនេះគឺមានការផ្សព្វផ្សាយជាច្រើនលើកច្រើនសារមកឱ្យ ដូច្នេះអ្នកដែលបំពានមិនស្ដាប់តាមការណែនាំគឺប្រឈមនឹងការផាកពិន័យ២០ម៉ឺនរៀល ពេលនោះគឺមិនអាចបន្ទោសមកលើអាជ្ញាធរនិងសមត្ថកិច្ចបានទេ។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងដែលថា ក្រោយពីទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុងកំពង់ចាម បានធ្វើការផ្សព្វផ្សាយនៅតាមសង្កាត់ទាំង៤ នៅក្នុងក្រុងកំពង់ចាម ក្នុងនោះរួមមានសង្កាត់បឹងកុក សង្កាត់កំពង់ចាម សង្កាត់វាលវង់និងសង្កាត់សំបួរមាស ដោយបានចាក់សារជាសំឡេងពីការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ចំពោះអាជីវករលក់ដូរនៅតាមផ្សារបឹងកុក ផ្សារធំកំពង់ចាម ផ្សារសាមគ្គី ផ្សារ៧មករា ដូច្នេះអ្នកដែលមិនពាក់ម៉ាស់នឹងត្រូវប្រឈមការផាកពិន័យ២០ម៉ឺនរៀលរួមជាមួយនឹងអ្នកមកផ្សារទិញម្ហូបផងដែរ៕ ដោយ៖ ចាន់ថេត
ចែករំលែកព័តមាននេះ