រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដើរចេញពីផ្ទះជីដូន ដោយឆ្លងកាត់វង់ឪពុកមាកំពុងតែផឹកស៊ីស្រវឹងនឹកឃើញរឿងចាស់ បានចាប់វាយមួយខ្សែក្រវាត់បែកក្បាលដេរ៣ថ្នេរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ តុលា ២០១៥ ស្ថិតនៅភូមិដូង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះទូច សាលីនណា ភេទប្រុស អាយុ២៣ឆ្នាំ ជាជាជាងកាត់សក់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានទីលំនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ចំណែកឪពុកមាជីដូនមួយមានឈ្មោះសុគន្ធា រិទ្ធ អាយុ៣៩ឆ្នាំ ជាសន្តិសុខនៅក្នុងក្រុមហ៊ុន ស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទើបតែដើរចេញពីផ្ទះជីដូនដែលត្រូវជាយាយទួតរបស់ជនបង្ក ហើយបានដើរកាត់កន្លែងជនបង្កកំពុងអង្គុយផឹកស៊ីស្រវឹងស្រឿងៗផង ស្រាប់តែជនបង្កបានដើរមកវៃរូបគេមួយដៃរួចបានយកខ្សែក្រវាត់វាយបែកក្បាលដោយដេរអស់៣ថ្នេរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនបង្កទៅសួរនាំនៅប៉ុស្តិ៍ទឹកថ្លាទើបដឹងថា ជនបង្កខឹងនឹងជនរងគ្រោះកន្លងមក បានដើរលេងមិនចូលផ្ទះមួយយប់ ហើយមុនពេលកើត ហេតុពេលឃើញជនរងគ្រោះដើរចេញពីផ្ទះយាយទួត ស្មានតែមកពីសុំលុយរបស់យាយទូត ម្យ៉ាងទៀតខ្លួនស្រវឹងផង ទើបវាយតែម្តង ។ បន្ទាប់ពីសួរនាំដឹងរឿងហើយថា ជារឿងគ្រួសារ ជនរងគ្រោះក៏មិនបានប្តឹងប្តល់ទេ ទើបសមត្ថកិច្ចធ្វើការអប់រំណែនាំឱ្យឈប់ប្រើអំពើហិង្សា និងបានឱ្យត្រឡប់ទៅផ្ទះវិញ ៕


ចែករំលែកព័តមាននេះ