ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន នៅតែមានទីផ្សារល្អទោះបីពលរដ្ឋជួបបញ្ហាថវិកាពេលកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និយាយពីទុរេនដាំដុះនៅក្នុងស្រុកមិនថា ទុរេនកំពត និងមកពីស្រុកមេមត់ខេត្តកំពង់ចាម ឬខេត្តផ្សេងៗនោះមានមានតម្លៃល្អនៅឆ្នាំនេះ ទោះបីពលរដ្ឋជាច្រើនជួបបញ្ហាសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ ១៩ ក្តី ។…

រាជធានីភ្នំពេញ ៖ និយាយពីទុរេនដាំដុះនៅក្នុងស្រុកមិនថា ទុរេនកំពត និងមកពីស្រុកមេមត់ខេត្តកំពង់ចាម ឬខេត្តផ្សេងៗនោះមានមានតម្លៃល្អនៅឆ្នាំនេះ ទោះបីពលរដ្ឋជាច្រើនជួបបញ្ហាសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ ១៩ ក្តី ។ ជាទូទៅទុរេនក្នុងស្រុកមានតម្លៃមិនក្រោម ៣ មុឺនរៀលទៅ ៤ មុឺនរៀលក្នុងមួយគីឡូក្រាមនោះឡើយ ហើយបើទុរេនដែលគេអះអាងថា ដាំដុះដោយធម្មជាតិ គ្មានជីគីមីទៀត កាន់តែមានតម្លៃខ្ពស់ជាងនេះ ។

អ្នកស្រី ផល គីម អ្នកលក់ទុរេនម្នាក់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និយាយថាទោះបីពលរដ្ឋម្នាក់ៗត្អូញពីបញ្ហាថវិកា ដោយសារមិនអាចចេញទៅប្រកបការងារបានដោយសារជំងឺកូវីដ ១៩ ក្តី ប៉ុន្តែពលរដ្ឋជាច្រើននៅតែនិយមទទួលទានទុរេន ។ តាមពិតទៅអ្នកស្រី គីម មិនមែនជាអ្នកលក់ដូរអ្វីនោះឡើយ ប៉ុន្តែនៅរៀងរាល់ឆ្នាំគាត់តែងតែធ្វើជាអ្នកលក់អ្នកទុរេន ប្រមាណជា ៣ ខែប៉ុណ្ណោះ ។ «គ្រប់គ្នាបានត្អូញពីប្រាក់ចំណូល ម្នាក់ៗបារម្ពពីជីវភាពត្អូញថា ពិបាករកប្រាក់ ប៉ុន្តែខ្ញុំសង្កេតឃើញថា ពួកគាត់នៅតែហ៊ានចំណាយលើការទទួលទានទុរេន ដែលមានតម្លៃខ្ពស់ ប្រៀបធៀបជាមួយតម្លៃផ្លែឈើផ្សេងៗ ។ ទុរេន ជាផ្លែឈើដែលមានរស់ជាតិឈ្ងុញឆ្ងាញ ដែលពលរដ្ឋនិយមខ្មែរនិយមទទួលទាន ។ នៅឆ្នាំនេះខ្ញុំលក់ទុរេនដាច់មិនចាញ់ឆ្នាំកន្លងទៅទេ ហើយអ្នកទិញទុរេនខ្ញុំភាគច្រើនអ្នកស្គាល់គ្នា និងអ្នកជិតខាងខ្ញុំប៉ុណ្ណោះ» ។

អ្នកស្រី ផល គីម ថា ក្នុងមួយថ្ងៃៗគាត់លក់ទុរេនបានពី ១០ ទៅ ២០ គីឡូក្រាម ។ អ្នកស្រីបញ្ជាក់ថា ថ្ងៃខ្លះទុរេនគាត់ទុំមិនទាន់ម៉ូយកុម្ម៉ង់ផង ។ «ទុរេនខ្ញុំលក់ជាប្រភេទទុរេនធម្មជាតិ បងប្អូនខ្ញុំដាំផ្ទាល់នៅខេត្តកំពត ខ្ញុំលក់ទុរេនសុទ្ធល្អ ពីព្រោះម៉ូយរបស់ខ្ញុំសុទ្ធសឹងជាអ្នកស្គាល់គ្នាដូច្នេះខ្ញុំមិនឲ្យពួកគេខកបំណងឡើយ ហើយខ្លួនខ្ញុំផ្ទាល់ក៍ជាអ្នកចូលចិត្តទទួលទានទុរេននេះដែរ ។ មានម៉ូយខ្ញុំខ្លះ ពី ឬបីថ្ងៃម្តង ពួកគាត់ទិញទុរេនពី ៣០ ទៅ ៥០ ដុល្លារ ជាប្រចំាយកទៅទទួលទាន» ។

ទុរេន បានផ្តើមប្រមូលផលចាប់ពីខែមេសាមកអាចរហូតដល់ខែកក្កដា ។ នៅក្នុងរដូវទុរេនឲ្យផលនេះ ទីផ្សារលក់ទុរេនមានច្រើនកន្លែងតាមដងផ្លូវដែលមិនពិបាករកទិញនោះឡើយ ។ ជាមួយគ្នានេះ អ្នកមានចម្ការទុរេន ឬអ្នកលក់ជាច្រើន បានផ្សព្វផ្សាយលក់ទុរេនតាមបណ្តាញសង្គម Facebook ផង ។ លោកយ៉ង់ សំាងកុមារ អ្នកឯកទេសកសិកម្មម្នាក់នៅកម្ពុជា បានលើកឡើងថា កម្ពុជាមានសក្តានុពលនៅក្នុងការដំាទុរេននេះមួយនៅក្នុងតំបន់អាស៊ាននេះ ។ លោកថា កាលពីឆ្នាំ ២០២០ ប្រទសថៃផលិតទុរេនបាន ១,១១ លានតោន គឺលេខ ២ បន្ទាប់ពី ឥណ្ឌូនេស៊ី ដែលផលិតបាន ១,២ លានតោន ។ តែនៅចន្លោះឆ្នាំ ២០២១ ទៅ ២០២៥ នេះថៃមានផែនការបង្កើនរហូតដល់ ២ លានតោនមួយឆ្នាំ ។ ទុរេន ថៃភាគច្រើនសម្រាប់នាំចេញជាពិសេសទៅប្រទេសចិន ។

អ្នកកសិកម្មខាងលើនិយាយបន្ថែមថា កម្ពុជាគួរមានផែនការផលិតទុរេន ១ លានតោននៅឆ្នាំ ២០២៥ ដែលអាចនាំចំណូលរាប់ពាន់លានដុល្លារ ។ «តែយើងត្រូវមានការដឹកនាំនយោបាយកសិកម្មដែលយកចិត្តទុកដាក់រឿងនេះ ។ ការរៀបចំឲ្យមានកម្មវីធីជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំទុរេនជាផ្នែកសំខាន់នៃគោលនយោបាយកសិកម្ម» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ