ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ទទួល​កញ្ចប់​ថវិកា​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​សម្រាប់​ការ​ធ្វើ​អនាម័យ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​អាជ្ញាធរ​ក្រុងប៉ៃលិន​ទទួល​បាន​កញ្ចប់​ប្រាក់​ចំនួន​១៤៨​លាន​រៀល ពី​មន្ទីរ​បរិស្ថាន​ខេត្ត ក៏​បាន​ដាក់​ឱ្យ​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ដេញថ្លៃ​យក ដោយ​ជួល​កម្មករ​ជា​ច្រើន​នាក់​ឱ្យ​ដើរ​រើស​សម្រាម

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​អាជ្ញាធរ​ក្រុងប៉ៃលិន​ទទួល​បាន​កញ្ចប់​ប្រាក់​ចំនួន​១៤៨​លាន​រៀល ពី​មន្ទីរ​បរិស្ថាន​ខេត្ត ក៏​បាន​ដាក់​ឱ្យ​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ដេញថ្លៃ​យក ដោយ​ជួល​កម្មករ​ជា​ច្រើន​នាក់​ឱ្យ​ដើរ​រើស​សម្រាម និង​ជម្រះ​ស្មៅ​សម្អាត​តាម​ដងផ្លូវ​នានា នៅ​ទូ​ទាំង​ក្រុងប៉ៃលិន ឱ្យ​ក្លាយទៅជា​ទីក្រុង​ស្អាត បរិស្ថាន​ល្អ និង​មាន​សោភ័ណ​ភាព​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​គួរ​ឱ្យ​ចង់ទៅ​លេង​កម្សាន្ត ។

ជាក់ស្តែង​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩ តុលា នៅ​ភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង អូរ​តា​ពុក​លើ និង​ភូមិ​ផ្សេង​ៗ​ទៀត ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្រុម​កម្មករ​អនាម័យ​រើស​សម្រាម​ជា​ច្រើន​នាក់ នាំ​គ្នា​សម្អាត​តាម​ដងផ្លូវ​នានា ដោយ​ប្រមូល​សម្រាម​ដាក់​១​កន្លែង ទុក​ឱ្យ​រថយន្ត​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ។

លោក​ សែ​ប សា​រ៉ា​ន់ ហៅ​ចិន អាយុ​៥១​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន​ឈ្មោះ​«​វណ្ណៈ​ភាព​» ឱ្យ​ដឹង​ថា ការ​ធ្វើ​អនាម័យ​រើស​សំរាម​ក្នុង​ក្រុងប៉ៃលិន​នេះ ក្រុមហ៊ុន​ដេញថ្លៃ​បាន​ពី​អាជ្ញាធរ​ក្រុង រួច​ជួល​ប្រជាពលរដ្ឋ​ចំនួន​៣៦​នាក់ ឱ្យ​ដើរ​រើស​សំរាម និង​ជម្រះ​ស្មៅ​លើ​ចិញ្ចើម​ផ្លូវ​នានា​តាម​ភូមិ​ក្នុង​ក្រុង​រហូត​មក​ដល់​ពេល​នេះ​អស់​រយៈពេល​ជិត​១​ខែ​ហើយ ដោយ​ម្នាក់​ៗ ជួល​ក្នុង​១​ខែ​៥០​ម៉ឺន​រៀល ។

ចំណែក​កម្មករ​ចំនួន​១៨​នាក់​ទៀត​ជា​អ្នក​លើក និង​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ដោយ​ជួល​ក្នុង​១​ខែ ៥៥​ម៉ឺន​រៀល ។ ការ​ធ្វើ​អនាម័យ​ដើរ​រើស​សំរាម​នេះ ពួក​គាត់​ម្នាក់​ៗ ត្រូវ​ធ្វើការ​ក្នុង​១​ថ្ងៃ ចម្ងាយ​១​គីឡូម៉ែត្រ ដោយ​បែងចែក​នៅ​តាម​គោលដៅ រៀង​ៗ​ខ្លួន ។

ការ​រើស​សំរាម​ចាប់ពី​ចំណុច​ស្តេច​កន ក្នុងភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា រហូត​ទៅ​ទល់​នឹង​ភូមិ​អូរ​តាវៅ សង្កាត់​អូរ​តាវៅ ក្រុងប៉ៃលិន ។ នា​ពេលថ្មី​ៗ​កន្លង​មក អាជ្ញាធរ​ក្រុងបាន​ទិញ​ធុង​ដាក់​សំរាម​ចំនួន​៨០​ធុង ដើម្បី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​រៀបចំ​យក​ទៅ​ដាក់​នៅ​តាម​ជ្រុង​ផ្លូវធំ​ៗ និង​ផ្លូវកែង​សាលាខេត្ត ។ ចំណែកឯ​ធុងសម្រាម​ផលិត​ពី​កង់​រថយន្ត​ចំនួន​១០០​ធុង​ទៀត ក្រុមហ៊ុន​នឹង​យក​ទៅ​ដាក់​នៅ​ក្បែរផ្លូវតូច​ៗ​ក្នុង​ក្រុង​ដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យកស​ម្រាម​ទៅ​ចាក់​ក្នុង​ធុង​នោះ ចៀសវាង​បោះ​ចូល​ពាស​វាល​ពាស​កាល​នាំ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណ​ភាព​ក្រុង និង​បង្ក​ទៅ​ជា​មេរោគ​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង និង​អ្នក​ដទៃ ។

លោក​ ឡូ លុយ អភិបាលរង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​ក្រុង​បាន​ទទួល​កញ្ចប់​ថវិកា​ពី​មន្ទីរ​បរិស្ថាន​ខេត្ត រួច​ដាក់​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន​ដេញថ្លៃ​យក​ទៅ​រៀបចំ​ជួល​កម្មករ និង​ទិញ​ធុងសំរាម ព្រមទាំង​ដាក់​បិទ​បដា​ប្រកាសសេចក្តី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ជ្រាប​ច្បាស់ ដោយនៅ​ថ្ងៃ​ខាង​មុខ​មិន​ត្រូវ​បន្ត​បោះ​សំរាម​ចោល​ផ្តេសផ្តាស​ឡើយ ។

លោក ​ឡូ លុយ បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​ក្រុង​ទាំងអស់​គ្នា ដោយ​ទីក្រុង​អាច​ស្អា​តទៅ​បាន​លុះត្រាតែ​ចេះ​អនាម័យ​ចាប់ពី​ខ្លួន​យើង ម្នាក់​ៗជា​មុន​សិន នោះ​អ្នក​ដទៃ​ឃើញ​គេ​នឹង​ធ្វើ​តាម​ជាក់​ជា​មិន​ខាន​ឡើយ ។

នេះ​ជា​លើក​ទី​១​ហើយ ដែល​អាជ្ញាធរ​ក្រុង ប៉ៃលិន​រៀបចំ​អនាម័យ​ដោយ​ជួល​កម្មករ​ឲ្យ​រើស​សំរាម​ក្នុង​ខេត្ត ៕