ខេត្តមណ្ឌលគិរី ៖ តំបន់ភ្នំណាំលៀវ មានផ្ទៃដី៤៧៥គីឡូម៉ែត្រការ៉េ ស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិវ៉ារយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ទីនោះមានសម្រស់ធម្មជាតិស្រស់់ប្រណីតណាស់ ព្រៃឈើ និងវាលស្មៅខៀវស្រងាត់ ពិសេសផ្ទៃថ្មភ្នំលាតសន្ធឹងសែនធំ ដែលគេអាចដើរកម្សាន្តលើនោះ។ តំបន់ភ្នំណាំលៀវ ជាទីតាំងរក្សាសត្វព្រៃដ៏សំខាន់ ។
ព្រៃព្រឹក្សាខៀវស្រងាត់ និងសត្វព្រៃជាច្រើនប្រភេទធ្វើឱ្យភ្នំណាំលៀវទាក់ទាញអ្នកទេសចរក្នុងស្រុក និងក្រៅស្រុកទៅទស្សនាកម្សាន្ត ។
ភ្នំណាំលៀវក្នុងខេត្តមណ្ឌលគិរី គឺជាកន្លែងអភិរក្សសត្វព្រៃ និងជាជម្រកសត្វព្រៃ និងសត្វស្លាបជាច្រើនប្រភេទ ។ ទីនោះមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ។ អ្នកទេសចរត្រូវចំណាយពេលប្រហែល៤ម៉ោងដើម្បីធ្វើដំណើរពីទីរួមខេត្តតាមរថយន្ត ឬម៉ូតូទៅកាន់ទីនោះ ហើយការធ្វើដំណើរ គួរជាទីរីករាយណាស់ ដោយផ្លូវធ្វើដំណើរអមដោយព្រៃព្រឹក្សា និងខ្យល់អាកាសបរិសុទ្ធ ។
ជម្រកសត្វព្រៃណាំលៀវ គឺជាកន្លែងកម្សាន្តដ៏សំខាន់នៅក្នុងខេត្តមណ្ឌលគិរី ។ អ្នកទេសចរអាចបោះតង់សម្រាកនៅតំបន់នោះក្នុងពេលយប់ និងមានខ្ទម តូចៗ ដែលអាចស្នាក់នៅបាន ។
ជម្រកសត្វព្រៃភ្នំណាំលៀវពោរពេញដោយច្រាំងថ្ម ស្អាតៗ ទឹកជ្រោះ តូចៗ អូរ និងព្រៃឈើខៀវស្រងាត់ ។
អ្នកទេសចរជាច្រើនបានទៅទស្សនាជម្រកសត្វព្រៃភ្នំណាំលៀវដោយមានភ្នាក់ងារទេសចរណ៍ជាច្រើនរៀបចំការធ្វើដំណើរទៅទីនោះ ។ អាចទស្សនាចរដោយថ្មើរជើង សម្រាប់អ្នកស្រឡាញ់ធម្មជាតិ ។
អ្នកទេសចរជាច្រើននាក់និយាយកាលពីពេល ថ្មីៗកន្លងមកថា សម្រស់ធម្មជាតិតំបន់ភ្នំណាំលៀវ គាប់ភ្នែក គាប់ចិត្ត ទស្សនាម្តងហើយ ប្រាថ្នាទៅទស្សនាម្តងទៀត ៕
ចែករំលែកព័តមាននេះ