រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ តុលា ២០១៥ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ នៅចំណុចផ្លូវលំ ក្នុងក្រុម២ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈជនសង្ស័យកំពុងត្រៀមធ្វើសកម្មភាពចែកចាយ ។
ជនសង្ស័យមានឈ្មោះ យ៉ាង វណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី បច្ចុប្បន្នស្នាក់នៅក្នុងភូមិសង្កាត់ឃាត់ខ្លួន ។
សមត្ថកិច្ចអាវុធហត្ថឱ្យដឹងថា មុនឈានដល់ការបង្ក្រាបមុខសញ្ញាគ្រឿងញៀនខាងលើនេះ គឺកម្លាំងកងរាជអាវុធហត្ថបានជិះម៉ូតូល្បាតពួនស្ទាក់ក្នុងមូលដ្ឋានរបស់ខ្លួនធម្មតាដើម្បីទប់ស្កាត់ និងបង្ការបទល្មើសកុំឱ្យកើតមាននៅក្នុងមូលដ្ឋាន ។
រហូតល្បាតមកដល់ចំណុចកើតហេតុ សមត្ថកិច្ចក៏បានប្រទះឃើញមុខសញ្ញាខាងលើឈរក្បែរម៉ូតូ២គ្រឿងអើតលើមៗតែម្នាក់ឯងមើលទៅគួរឱ្យសង្ស័យទើបសមត្ថកិច្ចហៅឱ្យឈប់រួចធ្វើការកែបម៉ូតូក៏ប្រទះឃើញថ្នាំញៀនមួយចំនួន និងសម្ភារប្រើប្រាស់ទើបសម្រេចឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលភ្លាមដើម្បីសាកសួរនាំ ។
ក្នុងចាប់ខ្លួនមុខសញ្ញាខាងលើ សមត្ថកិច្ចអាវុធហត្ថរកឃើញមានថ្នាំញៀនក្រាមសថ្លា១៨កញ្ចប់តូច , ម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាក today ពណ៌ស ពាក់ស្លាកលេខកណ្តាល 1P-8788 និងមួយគ្រឿងទៀតម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-2878 , ឧបករណ៍ប្រើប្រាស់មួយឈុត , ដែកកេះ៥ដើម , ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារផ្សេងៗមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ