រាជធានីភ្នំពេញ ៖ រថយន្តបាឡែនម្ចាស់ស្រវឹងស្រាបើកវ៉ារថយន្តកុងតឺន័រអត់ផុតជ្រុលទៅបុកចូលក្រោមរថយន្តកុងតឺន័របណ្តាលឱ្យខ្ទេចមួយកំណាត់មុខ និងសន្លប់ស្ត្រីម្នាក់ ចំណែកអ្នកបើករថយន្តកុងតឺន័រត្រូវប្រជាពលរដ្ឋវាយរហូតសន្លប់ ។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ តុលា តាមបណ្តោយផ្លូវព្រះមុនីវង្សមុខហាងលក់សំភាររថយន្តតូបលេខ០១យីហោសាតលីន សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 9381 ជិះគ្នា៤នាក់ ប្រុស៣នាក់ និងស្រីម្នាក់ បើកក្នុងស្ថានភាពស្រវឹងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តបានវ៉ាស្តាំជ្រុលអត់ផុតធ្វើឲ្យរេចង្កូតចូលគូទរថយន្ត ហើយជ្រុលចូលទៅក្រោមកង់រថយន្តចំហៀងខាងស្តាំរថយន្តកុងតឺន័រម៉ាក Fuso ពណ៌សលាយទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ ៣C០៦៣០ ជិះគ្នា២នាក់អ្នកបើកបរ និងព្រូបើកបរស្របទិសគ្នា បណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់ខាងមុខ និងស្ត្រីដែលជិះក្នុងរថយន្តភ័យរន្ធត់ពេកបានសន្លប់ ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តកុងតឺន័របានបើកបន្តទៅមុខទៀតដល់មុខមន្ទីរពេទ្យកាល់ម៉ែតទើបប្រជាពលរដ្ឋកាក់បាន ហើយស្រែកថា ចោរនាំគ្នាវាយអ្នកបើករថយន្តកុងតឺន័ររហូតសន្លប់ រីឯព្រូរត់គេចខ្លួន ។
ក្រោយពេលកើតហេតុស្ត្រីដែលសន្លប់ និងអ្នកបើករថយន្តកុងតឺន័រដែលសន្លប់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ចំណែករថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕




ចែករំលែកព័តមាននេះ