ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ស្រាវជ្រាវ ក្រសួងមហាផ្ទៃ​ប្រកាស​ទទួល​ព័ត៌មាន​នានា​ដែល​អាច​ឈាន​ទៅ​ចាប់ខ្លួន​ជន​ដៃដល់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ស្រាវជ្រាវ ស៊ើប​អង្កេត ករណី​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៩ ខែតុលា បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ ក្នុង​បំណង​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​ដើម្បី​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ភស្តុ​តាង​តាម​នីតិវិធី និង​កំណត់​ឱ្យ​បាន​ច្បាស់លាស់​នូវ​អត្តសញ្ញាណ​ក្រុម​ជន​ដៃដល់​បង្ក​របួស​ស្នាម​ដល់​អ្នកតំណាង​រាស្ត្រ​ចំនួន​២​រូប ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ នៅ​ចំណុចខាងក្រៅ​ច្រកចេញ​ខាងត្បូង​ឆៀង​ខាងកើត​របង​វិមាន​រដ្ឋសភា ។

គណៈកម្មការ​ស្រាវជ្រាវ ស៊ើប​អង្កេត បាន​ប្រកាស​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន មេត្តា​ចូលរួម​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន រូបភាព ឬ​ចង្អុលបង្ហាញ​ជន​ដៃដល់​និង​គូកន ក៏​ដូច​ជា​វត្ថុ​តាង​ផ្សេង​ៗ​ដែល​អាច​ដាក់បន្ទុក ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ជន​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

រាល់​ព័ត៌មាន​ទាំងអស់ អាច​ផ្តល់​មក​គណៈកម្មការ​ស្រាវជ្រាវ ស៊ើប​អង្កេត តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៨៤ ២០ ២៧ និង ០១២ ២៨ ២០ ២០ ឬ​ជូន​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ។

គណៈកម្មការ​ស្រាវជ្រាវ ស៊ើប​​អង្កេត ធានា​និង​រក្សា​ការពារ​ការ​សម្ងាត់​ដាច់ខាត សម្រាប់​បុគ្គល​គ្រប់​រូប ដែល​បាន​សហការ​ផ្តល់​ព័ត៌មាន​ឬ​ចង្អុលបង្ហាញ​ជន​ដៃដល់ ក៏​ដូច​ជា​ផ្តល់​ភស្តុ​តាង​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​ដល់​អំពើ​ល្មើស ជូន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

សេចក្តីថ្លែងការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាលជុំវិញ​ការ​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំងសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​សូម​ឱ្យ​សមត្ថកិច្ច​តាម​ចាបខ្លួន​ជន​ដៃដល់ ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អ្នកតំណាង​រាស្ត្រ​ទាំង​២​រូប ។ មិន​អាច​យោគយល់ និង​អត់ឱន​ឱ្យ​ចំពោះ​អ្នក​ប្រព្រឹត្ត បើ​ទោះបី​អ្នក​នោះ​ជា​អ្នក​ណា​ក៏​ដោយ ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​រាជរដ្ឋាភិបាល ឬ​គាំទ្រ​បក្ស​ប្រឆាំង ឬ​អ្នក​ណា​ក៏​ដោយ​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​ថោកទាប​នេះ គឺ​ត្រូវ​តែ​ចាប់​យក​មក​ផ្តន្ទាទោស​ឱ្យ​ខាង​តែ​បាន ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ នា​យប់​ថ្ងៃ​ទី​២៨ តុលា តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា ទាក់ទិន​នឹង​ព្រឹត្តិការណ៍​នយោបាយ ដែល​មាន​បាតុកម្ម​ថ្មី​ៗ​កន្លង​ទៅ នៅ​វិមាន​មុខ​រដ្ឋ​សភាជាតិ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ថា ទោះបី​រឿង​អ្វី​ក៏​ដោយ មិន​ត្រូវ​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ទ្បើ​ង​ជា​ដាច់ខាត មិន​ត្រឹមតែ​ប៉ះពាល់​ទៅ​លើ​រូបរាង​កាយ​នៃ​អ្នកតំណាង​រាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ​ទេ ។ បើ​ទោះបីជា​ប្រជាពលរដ្ឋ​ធម្មតា ក៏​មិន​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ណាមួយ​ដែល​ចេញ​មក​ពី​អំពើ​ង​ហិង្សា​នេះ​ដែរ ។

ជាមួយ​គ្នា​នេះ សម្តេច​ពញា​ចក្រី ប្រធានរដ្ឋសភា បាន​ផ្តល់​ប្រាក់​ដល់​អ្នកតំណាង​រ្រា​ស្ត​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ព្យាបាល​តំណាងរាស្ត្រ​ទាំង​២​រូប សរុប​២​ម៉ឺន
ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា នៅ​តែ​បន្ត​ការ​ស្នើ​សុំ​ចំពោះ​រដ្ឋ​សភាជាតិ សូម​ឱ្យ​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​ព្យាបាល​តំណាងរាស្ត្រ​ទាំង​២​រូប​នេះ កុំ​ថា​១​ម៉ឺន​ដុល្លារ ច្រើន​ជាង​នេះ​ក៏​ត្រូវ​តែ​ធ្វើការ​ព្យាបាល ។ ការ​ខូចខាត​រថយន្ត ក៏​ត្រូវ​តែ​សំណូមពរ​ដល់​រដ្ឋសភា​ផ្តល់​ថវិកា​សម្រាប់​ការ​ជួសជុល ដើម្បី​ឱ្យ​រថយន្ត​នេះ​ប្រើប្រាស់​បាន​ទ្បើ​ង​វិញ ។
ប្រទេស​កម្ពុជា​របស់​យើង ជា​ប្រទេស​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។ សិទ្ធិ​ធ្វើ​បាតុកម្ម គឺ​ត្រូវ​មាន ក៏​ប៉ុន្តែ​បាតុកម្ម​មិន​ត្រូវ​ឱ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ទ្បើ​ង​ទេ មិន​ថា​ចំពោះតែ​អ្នកតំណាង​រាស្ត្រ​ទេ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ក៏​មិន​ត្រូវ​ទទួល​រង​នូវ​អំពើ​ហិង្សា​បែប​នេះ​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​ចម្លែក​នៅ​ត្រង់​ថា នៅ​ទីនោះ​បាតុករ​បាន​រំសាយ​មុន​ម៉ោង​១១​ព្រឹក ហើយ ឧប្បត្តិហេតុ​បាន​កើត​ក្រោយ​ម៉ោង​១២ និង​ពុំ​មាន​ហ្វូង​បាតុករ​ទេ ។ តើ​មនុស្ស​នេះ​ចេញ​មកពីណា ?

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ដល់​កងកម្លាំង ថ្ងៃនេះ បើ​ទោះបី​ចេញពី​ណា​ក៏​ដោយ ក៏​ត្រូវ​តាម​រក​ចាប់ខ្លួន​អ្នក​ទាំងនោះ​ឱ្យ​ខាង​តែ​បាន ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ។

ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់ សូម​ធ្វើ​កិច្ចសហការ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងនេះ​គឺ​ជន​ដៃដល់ ។ ក្នុង​នោះ មាន​ទាំង​អ្នកបើកបរ​រថយន្ត សាមីខ្លួន​អ្នកតំណាង​រ្រា​ស្ត​ផ្ទាល់ និង​អ្នក​ថត​វី​ដេ​អូ ថតរូប​ដែល​បង្ហោះ​តាម​ហ្វេ​ក​ប៊ុ​ក​ទាំង​ទ្បា​យ សូម​មេត្តា​ផ្តល់​រូបភាព​ទាំងនោះ​ឱ្យមក​សមត្ថកិច្ច ដើម្បី​ឱ្យ​សមត្ថកិច្ច​អាច​ងាយ​រក​ឃើញ​នូវ​អត្តសញ្ញាណ​របស់​អ្នក​ប្រព្រឹត្ត​បទល្មើស​។ កិច្ចសហការ​របស់​អ្នក​ជាប់​ពាក់ព័ន្ធ បើ​គ្មាន​ការ​សហការ​ពី​ជន​រង​គ្រោះ​ផ្តល់​នូវ​ព័ត៌មាន​ហេតុការណ៍​ដែល​កើត​ទ្បើ​ង អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ វា​ពិតជា​មានការ​លំបាក​នៅ​ក្នុង​ការ​ស្វែងរក ។

ដូច្នេះ​ខ្ញុំ​សង្ឃឹមថា អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​រាប់​ទាំង​អ្នកតំណាង​រាស្ត្រ​ទាំង​២​រូប នឹង​ផ្តល់​នូវ​កិច្ចសហការ​ពេញលេញ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច បងប្អូន​ជនរួមជាតិ​ដែល​ថតរូប​បាន គឺ​ផ្តល់​នូវ​រូបភាព​ទាំងនោះ​ដើម្បី​ឱ្យ​យើង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​លើកលែង និង​គ្មាន​ការ​រើសអើង ។ នៅ​កម្ពុជា​មាន​ស្តង់ដា​តែ​មួយ​ទេ អ្នក​ប្រព្រឹត្ត​កំហុស គឺ​ត្រូវ​ទទួល​ការ​ផ្តន្ទាទោស​តាម​ច្បាប់ ។

សង្ឃឹមថានឹង​មាន​កិច្ចសហការ​ដ៏​ល្អ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ស្ងប់ស្ងាត់ ការ​រក​ទទួលទាន​នៅ​តែ​បន្ត​ធ្វើ ។ រឿង​នេះ​បាន​កើត​ទ្បើ​ង​គួរ​ឱ្យ​សោកស្តាយ​នៅ​ទី​នេះ ការ​ប្រើប្រាស់​សិទ្ធិ​បាន​ប្រើប្រាស់​រួច​ទៅ​ហើយ ក៏​ប៉ុន្តែ​រឿងរ៉ាវ​បាន​កើត​ក្រោយ​ពេល​ការ​ប្រើប្រាស់​សិទ្ធិ​ជា​រឿង​ដ៏​ចម្លែក​…​។ ប៉ុន្តែ​ទោះបី​រឿង​ដ៏​ចម្លែក ឬ​មិន​ចម្លែក បញ្ហា​ធំ​ជាងគេ​គឺ​ចាប់​មនុស្ស​ឱ្យ​បាន ហើយ​កាត់ទោស​អ្នក​ទាំងនោះ ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទាំងនេះ បើសិនជា​ចេញ​សារភាព​គឺជា​ការ​ល្អ​បំផុត ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ ខ្ញុំ​សង្ឃឹមថា នឹង​មាន​កិច្ចសហការ​ល្អ​យ៉ាង​ពេញលេញ ហើយ​សង្ឃឹម​ទៅ​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​កម្លាំងប្រដាប់អាវុធ គឺ​នគរបាល​ក៏​ដូច​ជា​មន្ត្រី​យុត្តិធម៌​ទាំង​ទ្បា​យ​ធ្វើ​កិច្ចការ​ដ៏​ល្អ ។
សូម​អំពាវនាវ អ្នក​ដែល​ដឹង​រឿងរ៉ាវ​ទាំង​ទ្បា​យ​ផ្តល់​ព័ត៌មាន​ឱ្យ​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕