ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ជាប់មងស្លាប់ក្នុងទឹកបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៨ តុលា ២០១៥ ដែលគេស្គាល់ថា ឈ្មោះ សៀវ ហឿន ហៅឈុំ ឣាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិពោន ឃុំដូង ស្រុករមាសហែក ។
មន្ត្រីនគរបាលស្រុករមាសហែក បានឲ្យដឹងថា បើតាមស្ត្រីជាប្រពន្ធបាននិយាយថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ តុលា ប្តីគាត់ទៅដាក់មងនៅចំណុចព្រែកខាងកើតបង្គោលសីម៉ាព្រំដែនលេខ១៣៦(១) ប្រហែល៥០ម្រ៉ែត(ខាងកម្ពុជា) ស្ថិតនៅភូមិពោន ឃុំដូង ស្រុករមាសហែក រហូតមកដល់ម៉ោងជិត១រសៀលបាត់ប្តីយូរពេកមិនឃើញមកផ្ទះហូបបាយ គាត់ក៏ពឹងពាក់អ្នកជិតខាងទៅតាមរករហូតដល់ម៉ោង១និង១០នាទីរសៀលនៅតែមិនឃើញ អ្នកភូមិក៏សង្ស័យនាំគ្នាចុះរាវក្នុងទឹកព្រែកត្រង់ចំណុចជនរងគ្រោះដាក់មងរហូតដល់ម៉ោង១និង៥០នាទីរសៀល ទើបរកឃើញរុំជាប់មងស្លាប់បាត់ទៅហើយក្នុងទឹកជម្រៅ១,៨០ម្រ៉ែត ហើយក៏នាំគ្នាស្រង់សពពីទឹករួចសែងមកផ្ទះ ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព ពុំឃើញមានស្លាកស្នាមអ្វីនៅលើខ្លួនក៏បានសន្និដ្ឋានថា សពជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ដោយសារជនរងគ្រោះដាក់មងក្នុងទឹកជ្រៅ ហើយត្រូវមងវ័ណ្តជើងដៃជាប់ហែលលែងរួចបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ហើយក៏ប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ