ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធមានដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភ័ណ្ឌ បានចុះទៅរុះរើតូបអាជីវករ និងរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរគ្មានរបៀបរៀបរយនៅក្នុងបរិវេណប្រាសាទប្រែរូបចំនួន១៨តូប ដែលហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី២៩ តុលា ២០១៥ នៅមុខបរិវណប្រាសាទប្រែរូប ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ។
ប្រភពពីក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការចុះមករុះរើតង់ និងរោងរបស់អាជីវករ ដែលបានបោះទីតាំងលក់ដូរគ្មានសណ្តាប់ធ្នាប់ គ្មានការអនុញ្ញាតចំនួន១៨តូប (គ្រែ៥ និងតុ១៣) នោះដោយសារពីមុនមកក្រុមអាជីវករពុំមានទីតាំងលក់ដូរ ឬពុំទាន់ហ៊ានបោះទីតាំងក្នុងរូបភាពជាតូប ឬរោងនោះទេ ។ ប្រភពបានបន្តថា ពួកគាត់ធ្លាប់បានចូលទៅលក់ដល់ក្នុងប្រាសាទ ជាមួយនឹងសម្ភារៈស្ពាយជាប់ខ្លួនមួយចំនួន ដោយមើលឃើញថា ការកាន់ ឬស្ពាយសម្ភារៈ និងសកម្មភាពរបស់ពួកគាត់ពេលចូលទៅលក់ក្នុងប្រាសាទនោះ បានរំខានដល់អារម្មណ៍ភ្ញៀវទេសចរ និងគ្មានសណ្តាប់ធ្នាប់ ដូច្នេះទើបកម្លាំងមានសមត្ថកិច្ចបានហាមឃាត់ឈប់ឱ្យលក់ដូរក្នុងប្រាសាទ និងបានណែនាំឱ្យក្រុមអាជីវករទាំងអស់នោះទៅលក់នៅម្ខាងផ្លូវ ក្រៅបរិវេណប្រាសាទ ដែលមានអាជីវករផ្សេងៗទៀតកំពុងលក់ដូរនៅទីនោះវិញ ប៉ុន្តែក្រុមអាជីវករមិនបានធ្វើតាមការណែនាំ និងការរៀបចំរបស់អាជ្ញាធរនោះទេ ដោយពួកគាត់បាននាំគ្នាមកបោះទីតាំងលក់នៅជាប់នឹងជើងប្រាសាទតែម្តង ។
ប្រភពពីមន្ត្រីអាជ្ញាធរជាតិអប្សរាបានប្រាប់ថា ករណីដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងពាក់ព័ន្ធចុះទៅរុះរើតូបលក់ដូររបស់អាជីវករចំនួន១៨តូបនោះ គឺខាងជំនាញបានធ្វើការពន្យល់ណែនាំដល់ពួកគាត់ជាបន្តបន្ទាប់អំពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងទេសភាពតំបន់ទេសចរណ៍ ក៏ដូចជាប៉ះពាល់ និងរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរ និងបានណែនាំឱ្យប្តូរទីតាំងលក់ទៅកន្លែងសមរម្យ តែពួកគាត់មិនព្រមធ្វើតាមការរៀបចំនេះទេ ។ ប្រភពពីមន្ត្រីដដែលបានបន្តថា ការរុះរើទីតាំងទាំងនេះគឺដើម្បីការពារសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណភាពតម្លៃប្រាសាទឱ្យស័ក្តិសមជាតំបន់ទេសចរណ៍វប្បធម៌ដែលជាសម្បត្តិបេតិកភណ្ឌពិភលោក និងដើម្បីធានាការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន តែងតែរិះគន់ និងត្អូញត្អែរពីការដាក់លក់ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍គ្មានសណ្តាប់ធ្នាប់ ហើយទន្ទឹមនឹងនេះក៏មានមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនធំបានរិះគន់ និងរាយការណ៍ពីការរំខាន និងជេរប្រមាថដល់ភ្ញៀវទេសចរដែលមិនព្រមទិញវត្ថុអនុស្សាវរីយ៍ទាំងនោះរបស់ពួកគាត់ផងដែរ ។
ជាការពិតណាស់ការរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅក្នុងបរិវេណប្រាសាទ គឺជាភាពចាំបាច់បំផុតមួយដែលអាជ្ញាធរជាតិអប្សរា និងកម្លាំងពាក់ព័ន្ធ បាននិងកំពុងដោះស្រាយ និងរៀបចំជាបន្តបន្ទាប់ឱ្យបានល្អប្រសើរ ព្រោះតំបន់អង្គរគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក ដែលមានភ្ញៀវទេសចរចូលមកទស្សនាឥតឈប់ឈរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗផងដែរ ៕






ចែករំលែកព័តមាននេះ