ខេត្តព្រះសីហនុ ៖ បុរសសង្ស័យជាជនបរទេសម្នាក់ ដែលជាប់ពាក់ព័ន្ឋករណីរក្សាទុកសារធាតុញៀន នៅព្រឹកថ្ងៃទី២៩ តុលា នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីបានឃាត់ខ្លួន កាលពីថ្ងៃទី២៨ តុលា កន្លងមកនេះ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងការិយាល័យអន្តោប្រវេសន៍ និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ទើបឈានដល់ការឃាត់ខ្លួនជនបរទេសម្នាក់ ដែលជាប់ពាក់ព័ន្ឋករណីរក្សាទុកសារធាតុញៀនជិត២ក្រាម ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ AGEEV ALEXANDER អាយុ៣៣ឆ្នាំ ជាជនជាតិរុស្ស៊ី ដោយដកហូតថ្នាំញៀនទម្ងន់ជិត២ក្រាមជាប្រភេទមេតាហ្វេតាមីន ។ ជនសង្ស័យបានចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២០ តុលា ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ចំពោះបញ្ហាគ្រឿងញៀន និងបញ្ហាសន្តិសុខ នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅក្នុងក្រុងព្រះសីហនុតែម្តង កម្លាំងសមត្ថកិច្ចគ្រប់បណ្តាគោលដៅ គ្រប់ការិយាល័យជំនាញ បាននិងកំពុងខិតខំយ៉ាងយកចិត្តទុកដាក់ បើទោះបីនៅមានចំណុចឆកល្វែងមួយចំនួនក៍ដោយ ៕



ចែករំលែកព័តមាននេះ